ខេត្តសៀមរាប៖ កម្លាំងអាវុធហត្ថខេត្តសៀមរាប បានឃាត់ខ្លួនអតីតឧត្តមសេនីយ៍ត្រីយោធាម្នាក់ជេរប្រមាថ សម្ដេចហ៊ុន សែន តាមFacebook ។
ហេតុការណ៍នេះបានធ្វើឡើងកាលពីវេលាម៉ោង១៧និង៤៥នាទី ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ កន្លងទៅនៅមាត់ស្ទឹងសៀមរាប ស្ថិតក្នុងភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ចំណុចយាមការ UTM (០៣៧៦៥៤០-១៤៧៧៣៧១) បញ្ជូនទៅតុលាការនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៩ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ ឈ្មោះលី ដាវីត ភេទប្រុស អាយុ៤៥ឆ្នាំ អតីតជាយោធាក្នុងអង្គភាពយោធភូមិភាគទី៣ ឋានន្តរសក្តិ ឧត្តមសេនីយ៍ត្រី មុខងារនាយសេនាធិការរង ក្នុងអំឡុងឃាត់ខ្លួនបានដកហូតវត្ថុតាងមានអាវុធ AK ស្វ័យបត់១ដើម លេខ១៦១១១៤៦៦, គ្រាប់១បង់មានគ្រាប់៣១គ្រាប់ បំពង់ទប់សំឡេង(ស៊ីឡង់ហ្សី)១, កាំបិតស្នៀត១, ដំបងឆក់១, លិខិតឆ្លងដែន១, អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ១, អត្តញ្ញាណប័ណ្ណយោធា១, អង្រឹង១, ទូរស័ព្ទ២គ្រឿង, Powerbank១, ម៉ូតូហុងដាស្កុបពី ពាក់ស្លាកលេខ ភ្នំពេញ ១HE-8253 មួយគ្រឿង លិខិតបញ្ជាបេសកកម្មហួសសុពលភាព៥សន្លឹក។
សមត្ថកិច្ចបានបន្តទៀតថា ខណដែលសមត្ថកិច្ចចុះទៅឃាត់់ខ្លួនជនសង្ស័យកំពុងប្រើប្រាស់ទូរស័ព្ទម៉ាកហូរវ៉េយ ពណ៌មាស កំពុងលេង Facebook ដែលមានគណនីឈ្មោះ Lee David ដើម្បីវាយប្រហារទៅលើរាជរដ្ឋាភិបាលស្របច្បាប់ ។ ចំណែកអាវុធ AK ៤៧គឺឈ្មោះលី ដាវីត បានដាក់ក្នុងកាបូបយួរតាមខ្លួនជាប្រចាំ ក្នុងនោះមានគ្រាប់៣០គ្រាប់ នៅក្នុងបង់ និង១គ្រាប់ទៀត គឺជនសង្ស័យបានអារមេបញ្ចូលគ្រាប់រួចជាស្រេច (សរុប៣១គ្រាប់) ។
ក្រោយឃាត់ខ្លួនសមត្ថកិច្ចបានសាកសួរជនសង្ស័យ និងកសាងសំណុំរឿង បញ្ជូនទៅតុលាការខេត្តសៀមរាប នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៩ និងសម្រេចឃុំខ្លួននៅពន្ធនាគាររួចហើយ ៕ ប៊ុនរិទ្ធី