ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត វិទ្យាស្ថានវ៉ាន់ដា ជាង៣ពាន់នាក់

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃចន្ទ ១២រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១ ខែមេសា ឆ្នាំ២០១៩ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិតមកេពី វិទ្យាស្ថានវ៉ាន់ដា ចំនួន ៣,២១៣នាក់ ដែលមាននារី ២,៧០៤នាក់ បន្ទាប់ពីពួកគេបានបញ្ចប់ការសិក្សាដោយជោគជ័យក្នុងឆ្នាំសិក្សា២០១៧-២០១៨។ និស្សិតដែលទទួលសញ្ញាបត្រនៅថ្ងៃនេះរួមមាន បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់។ នៅក្នុងចំណោមនិស្សិតទាំងនេះ មាននិស្សិត បរិញ្ញាបត្រផ្នែកអាហារូបករណ៍របស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំនួន ៣០នាក់ (នារី ២២នាក់ផងដែរ)។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សប្បាយរីករាយក្រៃលែង ដែលបានអញ្ជើញមកប្រគល់សញ្ញាបត្រដល់និស្សិតជ័យលាភី នៃវិទ្យាស្ថានវ៉ាន់ដានាព្រឹកនេះ។ សម្តេចតេជោ បានកោតសរសើរ និងអបអរសារដល់និស្សិតជ័យលាភីទាំងអស់ និងបានថ្លែងអំណរគុណចំពោះមាតាបិតា និងអាណាព្យាបាល ដែលបានផ្តល់ឱកាសអោយកូនចៅបានសិក្សារៀនសូត្ររហូតទទួលបានជោគជ័យនាពេលនេះ។ សម្តេចតេជោ នាយករដ្ឋមន្ត្រីក៏បានកោតសរសើរផងដែរ ចំពោះថ្នាក់ដឹកនាំនៃវិទ្យាស្ថានវ៉ាន់ដា ដែលបានខិតខំបណ្តុះបណ្តាលនិស្សិតតាំងពីមានចំនួនតិចតួចរហូតដល់មាននិស្សិតសិក្សារាប់ម៉ឺននាក់ ជាពិសេសនិស្សិតជាស្រ្តី ដែលទទួលបានការសិក្សានៅ វិទ្យាស្ថានវ៉ាន់ដា នេះច្រើន ដែលនេះជាការរួមចំណែកដ៏សំខាន់ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស និងលើកកំពស់ស្រ្តីនៅក្នុងប្រទេសកម្ពុជា។

នៅថ្ងៃនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានរំលឹកអំពីថ្ងៃដែលប្រទេសកម្ពុជាធ្លាក់ចូលក្នុងរបបវាលពិឃាត គឺថ្ងៃ១៧ មេសា ឆ្នាំ១៩៧៥ ដែលពេលនោះប្រជាជនក្នុងទីក្រុងភ្នំពេញទាំងអស់ត្រូវបានគេជម្លៀសទៅទីជនបទ ដែលពេលនោះហើយទីក្រុងភ្នំពេញគ្មានមនុស្សនៅ ហើយចាប់ពីថ្ងៃនោះមក គឺកម្ពុជាត្រូវបានធ្លាក់ក្នុងរបបវាលពិឃាត ដែលបានធ្វើអោយពលរដ្ឋស្លាប់អាស់ជាង ៣លាននាក់ តែក្នុងរវាង ៣ឆ្នាំ ៨ ខែ ២០ថ្ងៃប៉ុណ្ណោះ។ សម្តេចតេជោ បានស្ម័គ្រចូលតស៊ូរំដោះប្រទេសពីរបបប៉ូលពត ជាមួយនឹងរបួសពេញខ្លួន រហូតដល់ថ្ងៃទី ៧ មករា ឆ្នាំ១៩៧៩ ទើបយើងបានរំដោះប្រទេសជាតិរួចផុតពីរបបឃោរឃៅ នេះ ហើយក៏បានចាប់ផ្តើមកសាង និងអភិវឌ្ឍន៍ប្រទេសជាតិពីបាតដៃទទេ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ដោយក្តីមោទភាពចំពោះភាពរីកចម្រើននៃវិស័យអប់រំរបស់ប្រទេសកម្ពុជា ដែលកម្ពុជាបានចាប់ផ្តើមឡើងពីចំនុចសូន្យ ក្រោយពីយើងបានងើបពីសង្រ្គាមមក រហូតមកដល់ពេលនេះ គឺយើងទទួលបានធនធានមនុស្សយ៉ាងច្រើនដើម្បីបំរើការងារនៅតាមវិស័យនានា។ សម្តេចតេជោ ក៏បានអរគុណដល់បណ្តាសាកលវិទ្យាល័យ និងវិទ្យាស្ថាននានា ដែលបានផ្តល់អាហារូបករណ៍ដល់សម្តេច ដើម្បីសម្តេចផ្តល់ទៅអោយនិស្សិតក្រីក្រទទួលបានការសិក្សានៅតាមសាលារៀននានា។ នៅក្នុងឆ្នាំនេះ សម្តេចតេជោ បានទទួលអាហារូបករណ៍ពីសាលានានាប្រមាណជា ៣,១៩២ កន្លែង ហើយកន្លងមកមាននិស្សិតក្រីក្ររាប់ម៉ឺនាក់ហើយ ដែលបានទទួលអាហារូបករណ៍ពី សម្តេច។

នៅថ្ងៃនេះ សម្តេចតេជោនាយករដ្ឋមន្ត្រីបានកោតសរសើរអំពីចំណូលពន្ឋទូទៅដែលរដ្ឋាភិបាលទទួលបាន ដែលអាចអោយរាជរដ្ឋាភិបាលធ្វើការតម្លើងប្រាក់ខែជូនមន្រ្តីរាជការ។ សំរាប់ប្រាក់ខែមន្ត្រីរាជការក្នុងខែមេសានេះ នឹងអាចចាប់ផ្តើមបើកបានហើយ ហើយនឹងត្រូវបានបញ្ចូលទៅក្នុងកុង២ដង ក្នុង១ខែ។ ទន្ទឹមនិងនេះដែរ គឺមន្រ្តីរាជការនឹងតទទួលបានប្រាក់ឧបត្ថម្ភសំរាប់បុណ្យចូលឆ្នាំទៀតផង។

ទាក់ទងទៅនឹងបញ្ហាផ្លូវដែក ដែលត្រូវបានលើកឡើងថ្មីៗនេះ សម្តេចតេជោនាយករដ្ឋមន្រ្តី បានមានប្រសាសន៍បញ្ជាក់ថា ដរាបណាកិច្ចព្រមព្រៀងថ្មី និងដៃគូវិនិយោគថ្មី មិនទាន់មាន នឹងមិនទាន់បានធ្វើឡើងនោះ គឺក្រុមហ៊ុន Royal Railway របស់ អ្នកឧញ៉ា គិត ម៉េង នៅបន្តទទួលគ្រប់គ្រងផ្លូវដែកនេះដដែល។ ព្រោះមានបុគ្គលិកកម្មករជាច្រើននាក់ ដែលកំពុងធ្វើការក្នុងក្រុមហ៊ុន ដែលអាចប្រឈមនឹងការបាត់បង់ការងារ បើយើងបង្ខំធ្វើដោយគំហុក។ ហើយនៅពេលដែលរកដៃគូរវិនិយោគថ្មីបានហើយនោះ ក្រុមហ៊ុន Royal Railway ក៏អាចចូលទុនក្នុងគម្រោងវិនិយោគថ្មីបាន ដើម្បីមានឱកាសពង្រីកវិសាលភាពការដឹកជញ្ជូនតាមផ្លូវដែកបានកាន់តែទូលំទូលាយ។ សម្តេចតេជោចង់បានផ្លូវមួយខ្សែទៅ មួយខ្សែមក គឺអោយដំណើរការដឹកជញ្ជូនមានភាសរស់រវើកនិងសកម្ម។

ជាថ្មីម្តងទៀត នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានបន្តអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមក្នុងការរក្សាទឹកទុក ក៏ដូចជាបន្តការជីកអណ្តូង ជីកស្រះទុកអោយបានច្រើនថែមទៀត ដើម្បត្រៀមពេលដែលខ្វះទឹកប្រើប្រាស់។

នៅថ្ងៃនេះ គឺចំថ្ងៃសែនឆេងម៉េង ហើយក្នុងខែមេសា នេះ ធាតុអាកាសក៏ក្តៅខ្លាំងដែរ ដូច្នេះសូមពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះការអុច ទៀន អុជធូប និងអុជឬបង្កាត់ភ្លើងប្រើប្រាស់នៅតាមផ្ទះ ដែលអាចមានឆាបឆេះដោយប្រការណាមួយ ដែលនឹងធ្វើអោយមានការសោកស្តាយអស់មួយជីវិត។

មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាកច្រកម្ពុជា បានជូនពរដល់និស្សិតជ័យលាភីដែលទទួលសញ្ញាបត្រនៅថ្ងៃនេះ សូមទទួលបានជោគជ័យថ្មីៗជាច្រើនទៀត រួមទាំង ការសិក្សា និងការងារថ្មីៗជាច្រើនទៀត។ បន្ទាប់មក សម្ដេចតេជោនាយករដ្ឋមន្ត្រី បានអញ្ជើញផ្តល់កិត្តិយសប្រគល់សញ្ញាបត្រដល់និស្សិតវិទ្យាស្ថានវ៉ាន់ដានៅក្នុងបរិយាកាសរីករាយ និងស្និទ្ឋស្នាលក្រៃលែង៕


ចែករំលែក៖