ខេត្តពោធិ៍សាត់៖ យ៉ាងហោចជីដូនម្នាក់បានស្លាប់ពេលបញ្ជូនទៅសង្រ្គោះ និងចៅៗ ២នាក់ប្ដីប្រពន្ធ ទើបតែរៀបអាពាហ៍ពិពាហ៍ថ្មីថ្មោង ស្ទើរតែមិនទាន់រុះរើរោងការផង ត្រូវបានគ្រោះធម្មជាតិ រន្ទះបាញ់ប្រហារ នៅគ្រាដែលមេឃ ពណ៌ខ្មៅរកកល់ភ្លៀង ។
ហេតុការណ៍នេះ បានបង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង៣រសៀល ថ្ងៃអាទិត្យ ១១រោច ខែផល្លុន ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩ ត្រង់ចំណុចផ្ទះក្រុមគ្រួសារជនរងគ្រោះ ស្ថិតក្នុងភូមិជ្រៃក្រឹម ឃុំផ្ទះរុង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
ប្រភពព័ត៌មានពីមជ្ឈដ្ឋាននានា នៅកន្លែងកើតហេតុលើកឡើង នាព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០១៩ ស្រឌៀងគ្នាថា នៅផ្ទះជនរងគ្រោះ ស្ទើរតែមិនទាន់បាត់ហុយផ្សែងភ្លើងពីចង្រ្កានផង ដោយពិធីអាពាហ៍ពិពាហ៍ ឥឡូវបុណ្យសពជីដូនបន្ត ដោយសារគ្រោះធម្មជាតិ (រន្ទះបាញ់) ថែមទាំងរងរបួសធ្ងន់គូស្នេហ៍ថ្មីថ្មោងថែមទៀត ។
ប្រភពព័ត៌មានដដែលបន្តថា នៅវេលាម៉ោងខាងលើមេឃ ពណ៌ខ្មៅ ងងឹត រកកល់ភ្លៀង ដោយរលឹមស៊្រិចៗ លាយឡំដោយខ្យល់កន្រ្តាក់ ផ្គរ យ៉ាងកាចសាហាវ ខណៈនោះ ស្រាប់តែមានផ្លេកបន្ទោលឆ្វាចៗឡើងខៀវក៏រន្ទះបាញ់ផាំងតែម្ដង បណ្ដាលឲ្យជីដូននៅក្រោមផ្ទះដួលខ្ពោកទៅលើដី ចំណែកប្ដីប្រពន្ធថ្មោងថ្មី ទើបរាបអាពាហ៍ពិពាហ៍រួច កំពុងសំរាកនៅលើផ្ទះសន្លប់ស្ដូកស្ដឹង ។ ដោយឡែក៖ សសរកន្លោងផ្ទះបែកខ្ទេចអស់ ១កំណាត់ដើម ភ្លាមៗនោះ ក្រុមគ្រួសារសាច់ញាតិ ចាត់ចែងបញ្ជូនទៅសង្រ្គោះ នៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ប៉ុន្តែជាអកុសលជីដូនបានស្លាប់ និងចៅៗជាគូក្រករថ្មីថ្មោងរបួសធ្ងន់ សម្រាកព្យាបាលនៅឡើយ។
នគរបាលប៉ុស្តិ៍រដ្ឋបាលផ្ទះរុងបញ្ជាក់ដែរថា ជីដូនរងគ្រោះ (ស្លាប់) ឈ្មោះ ជួប ចេត អាយុ ៨៤ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុខាងលើ ចំណែកចៅៗប្ដីប្រពន្ធរងរបួសធ្ងន់ ឈ្មោះ ណន នៅ ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ និងប្រពន្ធឈ្មោះ កែវ ជីវ័ន្ត អាយុ ២១ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំជាមួយគ្នា ៕ ប៉ឹម ពិន