ព័ត៌មានទាន់ហេតុការណ៍៖

ល្បិចចាស់គំរិល! ឈ្មួញលោតឆត្រដឹកដំឡូងពីលើ ឈើពីក្រោម ជាប់អន្ទាក់មេព្រៃផ្នែកកំពង់ថ្ម តៃកុងដាក់មេប្រូច បាត់ស្រមោល

ចែករំលែក៖

ល្បិចចាស់គំរិល! ឈ្មួញលោតឆត្រដឹកដំឡូងពីលើ ឈើពីក្រោម ជាប់អន្ទាក់មេព្រៃផ្នែកកំពង់ថ្ម តៃកុងដាក់មេប្រូច បាត់ស្រមោល

ខេត្តកំពង់ធំ៖ យូរៗម្ដង ឈ្មួញប្រើល្បិចដឹកដំឡូងពីលើ ឈើពីក្រោម ត្រូវបានផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្ម សង្កាត់រដ្ឋបាលព្រៃឈើ តាំងក្រសាំង សង្កាត់រដ្ឋបាលព្រៃឈើកំពង់ស្វាយ សហការជាមួយកងរាជអាវុធហត្ថស្រុកសន្ទុក ស្ទាក់ចាប់ឃាត់រថយន្តយីឌុប វេអ័ង ដឹកឈើប្រភេទលេខ២ មួយគ្រឿង នៅតាមបណ្តោយផ្លូវជាតិលេខ៦ កាលពីវេលាម៉ោង១និង៣០នាទី រំលកអធ្រាត្រ ឈានចូលថ្ងៃទី១ ខែមេសា ឆ្នាំ២០១៩ ស្ថិតចំណុច ភូមិជ័យមង្គល ឃុំជ្រាប់ ស្រុកសន្ទុក ខេត្តកំពង់ធំ។

លោក សូរ៉ាត់ នាយសង្កាត់រដ្ឋបាលរដ្ឋបាលព្រៃឈើតាំងក្រសាំងបានឲ្យដឹងថា មុនឈានដល់ការចាប់រថយន្តយីឌុប ដឹកដំឡូងពីលើឈើពីក្រោមនេះ លោកបានទទួលព័ត៌មានពីបណ្តាញរបស់លោកពីខេត្តព្រះវិហារថា មានរថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ៥ភ្លៅ ពណ៌ទឹកប៊ិច ស្លាកលេខ កំពង់ចាម 3A.2734 ដឹកឈើចេញពីខេត្តព្រះវិហារ ឆ្លងកាត់ខេត្តកំពង់ធំ ហើយដាក់ដំឡូងពីលើដើម្បីបន្លំភ្នែក ។

ប្រភពបន្តថា ក្រោយពីទទួលបានព័ត៌មាន លោកបានរាយការណ៍ មកលោកមុំ សុផល ហើយលោក បានបញ្ជាឲ្យកម្លាំងក្រោមឱវាទ សហការជាមួយកម្លាំងអាវុធហត្ថ ស្រុកសន្ទុក ស្ទាក់ចាំចាប់ លុះដល់វេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រ ទើបចាប់រថយន្តដឹកឈើ១គ្រឿងនេះ មកដល់ចំណុចភូមិជ័យមង្គល ទើបឃាត់រថយន្តតែម្ដង ។

ក្រោយឃាត់រកឃើញឈើប្រភេទលេខ២ មានក្តារ រីឯតៃកុងរថយន្ត ឃើញសភាពមិនស្រួល បានចុះពីលើរថយន្តគេចខ្លួនបាត់ភ្លាមៗ ។ ក្រោយមករថយន្តត្រូវបានផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្ម បើកយកមករក្សាទុកដើម្បីវាស់វែង តែចំនួនប៉ុន្មានម៉ែត្រគូមនោះ ពុំទាន់ដឹងទេ រង់ចាំ មន្រ្ដីជំនាញវាស់វែង ៕ ប៊ុនរិទ្ធី


ចែករំលែក៖