ខេត្តស្វាយរៀង៖ ប្ដី ប្រពន្ធ២នាក់ បានស្រែកទ្រហ៊ោយំបោកខ្លួន និងបន្ទោសខ្លួនឯងថា មានការធ្វេសប្រហេសតែមួយប៉ព្រិចភ្នែក បណ្ដាលឲ្យបាត់បង់ជីវិត ធ្វើឲ្យមានវិប្បដិសារីអស់មួយជិវិត ខណៈដែលកូនស្រី ទើបតែមានអាយុមួយខួបកន្លះ យកដៃទៅចាប់កាន់ព្រីភ្លើងបណ្ដាលឲ្យឆក់ស្លាប់ ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិតាប៉ោ ឃុំ សំឡី ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង ។
យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថា ក្មេងស្រីដែលស្លាប់មានឈ្មោះភា យុនហ៊ី ភេទ ស្រី អាយុ ១ឆ្នាំកន្លះ ស្ថិត នៅចំណុចភូមិតាប៉ោ ឃុំ សំឡី ស្រុកកំពង់រោទិ៍ខេត្តស្វាយរៀង មាន ឪពុកឈ្មោះ សិន សម្ភស្ស អាយុ ៣៥ ឆ្នាំមុខរបរកសិករ មានប្រពន្ធឈ្មោះ គង់ សារឿន អាយុ ៣២ ឆ្នាំ មុខរបរកសិកររស់នៅក្នុងឃុំកើតហេតុខាងលើ ។
តាមសាក្សីបានឲ្យដឹងថា មុនកើតហេតុ ឪពុកក្មេងស្រីរងគ្រោះបានប្រឡែងគ្នាលេង ហើយក៏បានទម្លាក់មកដីឲ្យរត់លេងប្រមាណជាកន្លះម៉ោង ស្រាប់តែមានការភ្ញាក់ផ្អើលថា កូនបានឆក់ខ្សែភ្លើង និងប្រញាប់ប្រញាលជួយសង្គ្រោះ ប៉ុន្តែអកុសលហួសពេលទៅហើយអការធ្ងន់ធ្ងរពេក ក៏បានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ។
ក្រោយពីពិនិត្យសពរួច សមត្ថកិច្ចមូលដ្ឋានបានប្រគល់សពទៅឲ្យក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួល និងអាឡោះអាឡ័យបំផុត៕ យឹម សុថាន