ភ្នំពេញ៖ ប្រជពលរដ្ឋរស់នៅក្នុងខណ្ឌចំការមន បាននាំគ្នារិះគន់ថា លោកព្រុំ សំខាន់ អភិបាលនៃគណៈអភិបាលខណ្ឌចំការមន ទំនងជាងាប់ត្រគាកហើយ ទើបគ្មានការបង្ក្រាបទីតាំងអ៊ីនធើណេតយីហោCJ ២៤ម៉ោង បង្កប់ល្បែងស៊ីសងភ្នាល់បាល់ និងល្បែងជល់មាន់ តាមប្រព័ន្ធអនឡាញ កំពុងតែបើកពង្វក់យុវសិស្សឲ្យភ្លេចការសិក្សា រហូតពេលខ្លះក៏ចាញ់លុយអស់ បែជាបែកគំនិតមានអំពើ ឆក់ លួច ប្លន់ បង្កឲ្យមានភាពភ័យខ្លាចដល់ប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវផងដែរ ។ បើទោះបីជាលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាឲ្យអាជ្ញាធរ ខណ្ឌទាំង១២ លុបបំបាត់ល្បែងស៊ីសងឲ្យអស់ ដើម្បីថែរក្សាសន្តិសុខ សុវត្តិភាព ជូនប្រជាពលរដ្ឋយ៉ាងណាក៏ដោយ ក៏ល្បែងស៊ីសង នៅតែលួចលាក់បើកភ្នាល់គ្នាដោយមានការ ត្រូវរ៉ូវជាមួយសមត្ថកិច្ចមូលដ្ឋានរហូតដល់ចៅហ្វាយខណ្ឌក៏មាន ។
គួរបញ្ជាក់ថា បច្ចុប្បន្ននេះទីតាំងអ៊ីនធើណេតជាច្រើនកំពុងបើកលេងយ៉ាងរលូនក្នុងមូលដ្ឋានខណ្ឌចំការមន ជាពិសេសគឺអ៊ីនធើណេត យីហោCJ ២៤ម៉ោង បង្កប់ល្បែងស៊ីសងភ្នាល់បាល់តាមអនឡាញ និង បង្កប់ល្បែងហ្គេមបាញ់ត្រីខុសច្បាប់ ស្ថិតនៅចំណុចផ្លូវលេខ៤៧៤ សង្កាត់បឹងកេងកងទី២ និងបឹងកេងកងទី៣ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីមន្ត្រីតូចតាចបម្រើការនៅក្នុងមូលដ្ឋានខណ្ឌចំការមន បានលួចបង្ហើបថា ម្ចាស់ទីតាំងណេតយីហោ២៤ម៉ោង ភាគច្រើន បើកដំណើរការយ៉ាងរលូនបែបនេះដោយសារ មានអ្នករត់ការតាំងពីថ្នាក់ប៉ុស្ដិ៍ថ្នាក់ចៅហ្វាយខណ្ឌ ទើបទីតាំងនេះហ៊ានបើកលេងទាំងយប់ថ្ងៃមិនខ្លាចសមត្ថកិច្ចណាចុះបង្ក្រាបនោះទេ ។ ជាពិសេសមិនខ្លាចលោក ព្រុំ សំខាន់ បន្តិចឡើយដោយមិនដឹងថាម្ចាស់ទីតាំងនោះមានខ្សែស្រឡាយ ឬ ក៏ខ្នងបង្អែកធំយ៉ាងណាទើបមិនហ៊ានបែបនេះ ។
ពាក់ព័ន្ធនិងបញ្ហានេះដែរ ប្រជាពលរដ្ឋកំពុងងឿងឆ្ងល់រហូតដាក់ការសង្ស័យថា ការមិនបង្ក្រាបមាន៤ចំណុច ទី១-មកពីមិនដឹង ទើបមិនបង្ក្រាប ទី២-មកពីម្ចាស់ទីតាំងល្បែងមានខ្សែធំ ទើបមិនហ៊ានប៉ះ ទី៣-មកពីម្ចាស់ទីតាំងល្បែងបង់លុយប្រចាំខែរួចហើយ ទើបធ្វើមិនដឹង ទី៤- អាចមាន ចេតនាអនុវត្តផ្ទុយពីយន្តការអនុវត្តគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព ។
បច្ចុប្បន្ននេះ សម្ដេច ក្រឡាហោម ស ខេង ធ្លាប់បានដាក់ បទបញ្ជាឲ្យមន្ត្រីនគរបាលដែលពាក់ពន្ធ័នៅក្រោមឱវ៉ាទត្រូវតែបង្ក្រាបរាល់ល្បែងស៊ីសង ខុសច្បាប់គ្រប់ប្រភេទ មិនត្រូវមានការយោគយល់ឡើយ ដោយរាជរដ្ឋាភិបាលបានខិតខំលុបបំបាត់ល្បែងស៊ីសង បញ្ហាគ្រឿងញៀន ល-ល ។ ព្រោះថា បញ្ហាអសន្តិសុខ ឆក់ ប្លន់ ក៏ដូចជាអំពើហិង្សាក្នុងគ្រួសារ កើតឡើងដោយសារល្បែងសង និងគ្រឿងញៀន ដើម្បីធានាឲ្យបាននូវ សន្តិសុខ សណ្តាប់ ភាពសុខសាន្តជូនប្រជាពលរដ្ឋ ស្របតាមទិសស្លោក «រាជរដ្ឋាភិបាល លើយន្តការអនុវត្តគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព»៕ស រស្មី