ព័ត៌មានទាន់ហេតុការណ៍៖

Impact Hub Phnom Penh និង Pi Pay សហការគ្នាបើក កន្លែង​សម្រាប់​សហគ្រិន និង​អ្នក​បង្កើត​គំនិត​​ថ្មី​ៗ​នៅ​កម្ពុជា

ចែករំលែក៖

ភ្នំ​ពេញ ៖ កន្លែងថ្មី​មួយ សម្រាប់​ការភ្ជាប់ទំនាក់ទំនង សម្រាប់​​ការ​ប្រជុំ សម្រាប់​ការ​​​សិក្សា​រៀនសូត្រ សម្រាប់​ការ​បង្កើត និង​បំផុសគំនិត​ថ្មីៗរបស់​សហគ្រិន សម្រាប់​អ្នក​បង្កើត​​ការ​ច្នៃ​ប្រឌិត​​ថ្មីៗ និងអ្នក​បង្កើត​ឲ្យ​មា​ការ​ផ្លាស់​ប្តូរ នៅកម្ពុជា បានបើក​ជាផ្លូវ​ការ ​កាលពីថ្ងៃសុក្រនៅឯមជ្ឈមណ្ឌល Impact Hub Phnom Penh ។ Innovation Garage ដែលត្រូវ​បាន​គាំទ្រ​ដោយ​ផ្លាត​ហ្វម​ទូ​ទាត់​មិន​ប្រើ​ក្រដាស​ប្រាក់​ឈានមុខ​គេ​នៅ​កម្ពុជា ផាយ ផេ (Pi Pay) នោះ នឹងក្លាយ​ទៅជាផ្ទះសម្រាប់ Hub Entrepreneurs Club (ក្លិប​សហ​គ្រិន) ហើយ​និង​ក្លាយ​ជា​កន្លែង​ផ្លាស់​ប្តូរ​បទ​ពិសោធ​គ្នាមួយ ដើម្បី​គាំទ្រ​បន្ថែម​ទៀត​​ដល់​ការ​អភិវឌ្ឍន៍​ ការ​មាន​​គំនិត​ច្នៃ​ប្រឌិត​ថ្មី​ៗ និង​ដំណោះ​ស្រាយ​ផ្សេង​ៗ នៅ​ព្រះ​រាជា​ណាចក្រកម្ពុជា ។

Innovation Garage នឹងផ្តល់ទីតាំមួយសម្រាប់ក្រុមការងារដ៏ឆ្លាតវៃ និងបុគ្គលមួយចំនួន ដែលបានចូលរួមក្នុងកម្មវិធីរបស់មជ្ឈមណ្ឌល Impact Hub Phnom Penh កាលពីពេលថ្មីៗនេះ ដូចជាកម្មវិធី SmartStart កម្មវិធី Urban Mobility Incubator និងកម្មវិធី Toyota Impact Challenge ដើម្បីអភិវឌ្ឍគំនិតរបស់ពួកគេឲ្យកាន់តែទូលំទូលាយបន្ថែមទៀតទៅលើដំណោះសាយសង្គម និងបរិស្ថាន ។

អ្នក​ស្រី Olivia Hough ប្រធាន​ចាត់​ការ​ទូទៅ​ បាន​ពន្យល់​ថា ការ​ស្វែង​រក​ដំណោះ​ស្រាយ​បែប​ច្នៃ​ប្រឌិត​ផ្សេង​ៗ ដែល​ធា​នា​​ឲ្យ​បាននូវ​ការ​រីក​ចម្រើន​ប្រកប​ដោយ​និរន្ត​រ​​ភាព និងជម្នះ​​រាល់​បញ្ហា​​ប្រឈម​ផ្សេង​ៗ​របស់​សង្គម និង​បរិស្ថាន នឹង​បន្ត​ដើរ​តួនាទី​ដ៏សំខាន់​មួយ​ក្នុង​ការ​អភិវឌ្ឍ​​របស់​ប្រទេស​កម្ពុជា​ ។ ការ​ផ្តល់​កន្លែង​សម្រាប់​ការ​​​បង្កើត​គំនិត​ថ្មី​ៗ ការ​ចែក​រំលែកមតិ​យោ​បល់​គ្នា និង​ជជែក​ពី​​មូល​ដ្ឋាន​នៃ​បញ្ហា​ប្រឈមមុខ​ផ្សេង​ៗ​ ក៏ដូច​ជា​​ការ​ប្រមូល​​អ្នក​បង្កើត​គំនិត​ថ្មី​ៗ​ឲ្យ​ស្ថិត​នៅ​ជាមួយ​​គ្នា ដើម្បី​​បង្កើត​គម្រោង​​ប្រកប​ដោយ​ឥទ្ធិ​ពល និង​ពេញលក្ខណៈ បាន​ក្លាយ​ជា​គោល​បំណង​មួយ​ជា​យូរ​មកហើយ​សម្រាប់​មជ្ឈមណ្ឌល Impact Hub​ ។

អ្នក​ស្រី​បាន​ឲ្យ​ដឹង​ថា៖ «ទី​នេះ​នឹងក្លាយជាកន្លែងដែលយើងអាចប្រើប្រាស់កម្មវិធី​ដុស​ខាត់​គំនិត​អាជីវ​កម្ម ដែល​ជា​វគ្គ​​បណ្តុះ​បណ្តាល​ដ៏ពិសេស​ជាមួយ​នឹង​អ្នក​ជំនាញ​របស់​​យើង​មក​ពីក្លិប Hub Entrepreneurs និង​ជា​កន្លែង​​ដែល​សហ​គ្រិន​​​អាច​រៀប​ចំ​ព្រឹត្តិ​ការណ៍​របស់​​ខ្លួន​ដោយ​ខ្លួន​​​ឯង​​បាន ជួប​ជាមួយ​នឹង​អ្នក​ផ្តល់​ប្រឹក្សាផ្សេង និង​ក្រុម​ការ​ងារ​​របស់​ខ្លួន ក៏ដូច​ជា​បំផុស​គំនិត និងដាក់​ផែនការ​ផ្សេង​ៗ​សម្រាប់​ដំណើរ​អាជី​វកម្ម​ប្រកប​ដោយ​ឥទ្ធិ​ពលក្នុង​ជំហាន​​បន្ទាប់​របស់​ពួក​គេ​ ។ ចាប់​ពី​ពេលនេះ​ទៅ យើង​ក៏នឹង​រៀប​ចំ​វគ្គ​បណ្តុះ​បណ្តាល​ទាក់​ទង​​ការ​​បង្កើត​គំនិត​ច្នៃ​ប្រឌិត​ថ្មី​ៗ រៀប​ចំ​​សិក្ខា​សាលា​នានា និង​​ការ​ធ្វើ​បទ​បង្ហាញ​ផ្សេង​ៗ និង​កម្មវិធី​ជាច្រើន​ផ្សេង​ទៀត​ ។ យើង​ពិត​ជារំភើប​ណាស់ និង​ពិត​ជា​អន្ទះ​សារ​ក្នុង​ការ​ជួប​មនុស្ស​ជាច្រើន​»​ ។

លោក​ថូ​ម៉ាស ផូកូនី (Tomas Pokorny) អគ្គ​នាយក​ក្រុម​ហ៊ុន​ ផាយ ផេ បាន​​កត់សម្គាល់​ថា ស្រប​ពេល​ដែលក្រុមហ៊ុន ផាយ ផេ បន្ត​​បង្កើត​ការ​ច្នៃ​ប្រឌិត​ថ្មី​ៗ និង​លើក​ស្ទួយ​វិស័យ​បច្ចេក​វិទ្យា​ហិរញ្ញ​វត្ថុ (fintech) និង​ការ​​ទូ​ទាត់​ដោយ​មិនប្រើ​ក្រដាស​ប្រាក់ នៅកម្ពុជា ការ​រក​ឃើញ​ដំណោះ​ស្រាយមួយ ដើម្បី​គាំទ្រ​ការ​បង្កើត​​គំនិត​ដ៏អស្ចារ្យ​​​នៅពេល​បន្ទាប់ ​ប្រកប​ដោយ​ប្រសិទ្ធិ​ភាព និង​និរន្ត​​រ​ភាព គឺ​ជា​ដំណើរ​​វិឌ្ឍ​ជា​ធម្ម​ជាតិ​មួយ​នៃ​យុទ្ធ​សាស្ត្រ​លើ​​ការ​ទទួល​​ខុស​ត្រូវ​សង្គមរបស់​ក្រុមហ៊ុន​នេះ​ ។

លោក​បាន​បញ្ជាក​ថា៖ «យើង​យល់​ច្បាស់​ពី​តម្លៃ​នៃ​ការ​​ជួយ​ធ្វើ​​ឲ្យ​​គំនិត​​ថ្មី​ៗ​មានការ​រីក​ចម្រើន និង​អភិវឌ្ឍ ពោល​​គឺ​គ្រាន់​តែ​សម្លឹង​មក​កាន់​យើងប៉ុណ្ណោះ​​! ហេតុនេះ គ្រាន់​តែ​​បន្ថែម​​លើ​ការ​ងារ​​របស់​យើង​ក្នុង​​គាំទ្រ​​អាជីវ​កម្ម​​​​​គ្រប់គ្រង​ដោយ​ស្ត្រី វា​គឺ​ជា​ការ​​សម្រេច​ចិត្ត​ដោយ​ងាយ​ក្នុងការ​ចាប់​ផ្តើម​ធ្វើ​ការ​ជា​មួយ​នឹង​ជម្ឈមណ្ឌល Impact Hub ដើម្បី​ធា​នា​ឲ្យ​បាន​ថា អ្នក​​ជំនាញ​បង្កើត​ិតថ្មី​ៗ​ដ៏​ល្អ​ និង​ត្រចះ​ត្រចង់​បំផុត​មួយ​ចំនួន​​របស់​កម្ពុជា ​មាន​កន្លែង​មួយ​សម្រាប់​ពួក​គេ​ដោយ​ផ្ទាល់​ ។

យើង​​សម្លឹង​ឆ្ពោះ​ទៅកាន់​ការ​​រង់​ចាំមើល​លើអ្វី​ដែល​​កើត​ឡើង​នៅ​ទីនេះ ហើយ​​ការ​ជះឥទ្ធិពល​ជា​វិជ្ជ​មាន​នេះ នឹង​មាន​​ក្នុង​ប្រព័ន្ធ​​អេ​កូឡូ​ស៊ី​របស់​ក្រុម​ហ៊ុន​អាជី​វកម្ម​ទើប​ចាប់​​ផ្តើម​ថ្មី​របស់​កម្ពុជា​»​ ។

គួរបញ្ជាក់ដែរថា ព្រឹត្តិការណ៍​ថ្មី​នេះ បាន​រៀប​ចំ​ឲ្យ​មានការ​ពិភាក្សា​​គ្នាមួយ​​ជាមួយ​នឹង​លោកឯម ចាន់រិទ្ធី​កុល ស្ថាប​និក​ក្រុមហ៊ុន Doy Doy និង​លោកសៀង សុខចេង សហ​ស្ថាប​និកក្រុមហ៊ន Wapatoa ទៅលើ​ភាព​ជា​សហ​គ្រិន​វ័យ​ក្មេង នៅកម្ពុជា​ ។ ស្ថាប​និក​ទាំង​២ បានជជែក​គ្នា​ទៅលើ​សារ​សំខាន់​​នៃការ​គាំទ្រ​ប្រជា​ពល​រដ្ឋ​វ័យ​ក្មេង​របស់​កម្ពុជា ដើម្បី​ជួយ​ឲ្យ​ពួក​គាត់​ឈានដល់​សក្តា​នុ​ពល​របស់​ខ្លួន​៕ វឌ្ឍនា


ចែករំលែក៖