ព័ត៌មានទាន់ហេតុការណ៍៖

ពិតជាមានមួយក្នុងមួយពាន់គ្រោះថ្នាក់! ខណៈរថយន្តដឹកដីធុនយក្សបុករថយន្តដឹកប្រេងឥន្ធនៈសាវីមិចក្រឡាប់ផ្ងារជើងតែអត់ឆេះរថយន្ត

ចែករំលែក៖

ភ្នំពេញ៖ ប្រជាពលរដ្ឋនាំគ្នានិយាយតៗគ្នាថា ពិតជាមានមែនមួយក្នុងមួយពាន់គ្រោះថ្នាក់! ខណៈរថយន្តដឹកដីធុនយក្សចំណុះ២៤តោន បានបើកបុករថយន្តដឹកស៊ីទែនប្រេងឥន្ធនៈ ក្រុមហ៊ុនសាវីមិចចំណុះ ៨០០០លីត្រ បណ្ដាលឲ្យក្រឡាប់ផ្ងារជើងកំពប់ប្រេងហូរពេញផ្លូវ ហើយសំណាងណាស់មិនបង្កឲ្យមានការឆាបឆេះឡើង ព្រោះកន្លងមកឲ្យតែមានករណីរថយន្តដឹកសាំងបុកគ្នា គឺតែងតែបង្កការឆាបឆេះដល់រថយន្ត និងបង្កឲ្យប៉ះពាល់អ្នកដ៏ទៃផងដែរ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៥ និង៣០នាទីព្រឹក ថ្ងៃអង្គារ ១៣រោច ខែផល្គុន ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២ ខែមេសា ឆ្នាំ ២០១៩ ស្ថិតនៅចំណុចផ្លូវបែកជាបួន រវាងផ្លូវលេខ៥៩៨ និងផ្លូវ១៨០០ ភូមិទួលពពែរ សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

រថយន្តរងគ្រោះប្រភេទដឹកប្រេងឥន្ធនៈ ក្រុមហ៊ុនសាវីមិច ម៉ាកមីតស៊ុយបីហ្ស៊ី ពណ៌ស ពាក់ស្លាក់លេខភ្នំពេញ3A 4307 បើកដោយឈ្មោះ អៀន បូរិទ្ធ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរ អ្នកបើកបររថយន្ត ស្នាក់នៅផ្ទះជួល សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ធ្វើដំណើរពីកើតទៅលិចឆ្លងភ្លើងស្តុប ។ ចំណែករថយន្តបង្កម៉ាកហ៊ីយ៉ាន់ដាយ ពណ៌សប្រផេះ លាយខ្មៅ គ្មានស្លាកលេខ របស់ក្រុមហ៊ុនលីគីមហេង ធ្វើដំណើរបញ្ច្រាសទិសគ្នាបណ្ដាលឲ្យបុកគ្នាយ៉ាងពេញទំហឹងតែម្តង ។

ចំពោះករណីខាងលើនេះ មិនមានបង្កគ្រោះថ្នាក់ដល់មនុស្សឡើយ ក្រោយកើតហេតុអ្នកបើកបររថយន្តដឹកដីដែលបង្កហេតុគេចខ្លួនបាត់ ។

បន្ទាប់ពីទទួលបានដំណឹងភ្លាម សមត្ថកិច្ចជំនាញ បានចុះវាស់វែង យករថយន្តទាំងពីរគ្រឿង បញ្ជូនទៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដោះស្រាយតាមនីតិវិធី ៕ស រស្មី


ចែករំលែក៖