ខេត្តកណ្តាល៖ ព្រោះតែផលប្រយោជន៍ផ្ទាល់ខ្លួន បុគ្គលអ្នកមានលុយក្នុងតំបន់បានយកប្រជាពលរដ្ឋក្នុងភូមិធ្វើជាខែលក្នុងការជីករណ្តៅដី ។ ស្ថាប័នមានសមត្ថកិច្ច ពោលគឺមន្ទីររ៉ែ និងថាមពលខេត្តកណ្តាល បានស្នើឲ្យឈ្មួញជា កុយ ដែលជាអ្នកជីករណ្តៅដី អនុវត្តតាមបទដ្ឋានបច្ចេកទេស ។ ប៉ុន្តែលោកជា កុយ បែរជាយកប្រជាពលរដ្ឋ ធ្វើជាខែលក្នុងផលប្រយោជន៍របស់ខ្លួនទៅវិញ ។ រណ្តៅដីជ្រៅៗ ខុសបទដ្ឋានបច្ចេកទេស បង្កគ្រោះថ្នាក់ទៅថ្ងៃក្រោយ គឺជាបញ្ហាដែលមន្ទីរជំនាញ គិតគូរ និងដោះស្រាយ ។ ផ្ទុយទៅវិញ លោកជា កុយ មិនព្រមដើរតាមផ្លូវច្បាប់ បែរជាកេណ្ឌប្រជាពលរដ្ឋឲ្យជួយបិទបាំងអំពើខុសឆ្គងរបស់ខ្លួនទៅវិញ ។
អ្នកភូមិត្រពាំងត្នោត ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល មួយចំនួនធំ មិនគាំទ្រទង្វើដែលជាផលប្រយោជន៍បុគ្គលនោះឡើយ ។ ពិតហើយ ការជីករណ្តៅដីនោះ ក្រោមលេសនិងហេតុផលដើម្បីស្តារត្រពាំងទឹកឡើងវិញ ប៉ុន្តែផលប្រយោជន៍ច្រើនលើសលប់ បានទៅលើបុគ្គល ជា កុយ ។ ដោយសារមើលឃើញពីហានិភ័យ ឬគ្រោះថ្នាក់ច្រើននាពេលអនាគតនោះ មន្ទីរ រ៉ែ និងថាមពល ខេត្តកណ្តាល តាមរយៈអាជ្ញាធរស្រុកអង្គស្នួល មិនអនុញ្ញាតឲ្យលោកជា កុយ ធ្វើអ្វីតាមអំពើចិត្តនោះឡើយ ។ នៅពេលដែលច្បាប់ត្រូវបានអនុវត្ត លោក ជា កុយ បែរជាកេណ្ឌប្រមូលប្រជាពលរដ្ឋឲ្យជួយស្រែក បិទបាំងទង្វើខុសច្បាប់របស់ខ្លួនទៅវិញ ។
លោក នីម នីរ៉ាដេត អភិបាលស្រុកអង្គស្នួលបានឲ្យដឹងថា លោកបានចុះអនុវត្តសេចក្តីស្នើរបស់មន្ទីរ រ៉ែ និងថាមពលខេត្តកណ្តាល ក្នុងការបិទសកម្មភាពជីករណ្តៅដីរបស់ឈ្មួញ ជា កុយ តែប៉ុណ្ណោះ ពីព្រោះវាជាកិច្ចការជំនាញ ។ លោកបានបន្ថែមថា មន្ទីរជំនាញបានមើលឃើញអំពីបញ្ហាខុសបទដ្ឋានបច្ចេកទេស ក្នុងការជីករណ្តៅដីនោះ ។ ដូច្នេះ ទើបអាជ្ញាធរស្រុក ផ្អាកសកម្មភាពជីករណ្តៅដីនេះ ។
ឈ្មួញ ជា កុយ ធ្វើហាក់ដូចជាខ្លួនបានគិតគូរអំពីផលប្រយោជន៍ប្រជាពលរដ្ឋក្នុងសហគមន៍យ៉ាងខ្លាំងសម្បើម ប៉ុន្តែអាចម៍ដី ដែលលោកដឹកយកទៅលក់បានរាប់សែនដុល្លារ គ្មាននរណាដឹងទេ ។ នេះគឺជាល្បិច ដែលព្រួញមួយបាញ់បានសត្វពីរ ក្នុងផលប្រយោជន៍បុគ្គលម្នាក់នេះ ។ លើសពីនេះទៅទៀត គឺឈ្មួញជា កុយ គេចវេះពីការមិនព្រមបង់សួយសារ(ពន្ធ) ជូនរដ្ឋនោះទេ ។ នៅពេលដែលអាជ្ញាធរជំរុញឲ្យលោកអនុវត្តច្បាប់ បែរជាលោក ជា កុយ បញ្ចេញកម្លាំងប្រជាពលរដ្ឋដែលជាសាច់ញាតិឲ្យចេញមុខក្នុងរឿងផលប្រយោជន៍សហគមន៍ទៅវិញ ។ រឿងរ៉ាវបែបនេះ គេដឹង គេយល់ពីល្បិច របស់ឈ្មួញបែបនេះអស់ទៅហើយ ៕ ហេង សូរិយា