ខេត្តសៀមរាប៖ ពលរដ្ឋដែលជាអតិថិជនបានផ្ទុះប្រតិកម្មហើយចោទថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហត្ថាកសិករ ខេត្តសៀមរាប បានលេងប៉ាហ៊ីដាក់ពួកគាត់ តាមរបៀបដាក់ និងដក លុយ ដែលមានទីតាំងស្របតាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងភូមិចុងកៅស៊ូ ស្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប មានចម្ងាយប្រហែលជាង២០០ ម៉ែត្រខាងកើតផ្សារលើធំថ្មី ។
ការផ្ទុះប្រតិកម្មនេះ គឺបន្ទាប់ពីពលរដ្ឋខាងលើទៅដកលុយនៅគ្រឹះស្ថានហត្ថាកសិករ ហើយបានយកលុយនោះទៅដាក់បញ្ចូលកុងវិញ នៅក្នុងគ្រឹះស្ថានដដែល តែត្រូវបុគ្គលិកទីនោះ មិនទទួលយកលុយមួយចំនួនធំ។
ស្ត្រីឈ្មោះ ហេង ប៉ូលិន បានឲ្យដឹងថា កាលពីព្រឹកថ្ងៃទី៤ ខែមេសា រូបគាត់បានយកលុយ៤០០០ដុល្លារ ទៅដាក់បញ្ចូលក្នុងកុងរបស់គាត់ នៅគ្រឹះស្ថានហត្ថាកសិករ។ លុយនោះម្តាយមីងរបស់គាត់ បានខ្ចីពីគ្រឹះស្ថានហត្ថាកសិករ កាលពីថ្ងៃទី៣ ខែមេសា ។ ប៉ុន្តែក៏ ត្រូវបានបុគ្គលិកនៅទីនោះ ពិនិត្យលុយហើយ មិនទទួលយកមួយចំនួយធំ ប្រហែលជិត ១០០០ ដុល្លារ ដោយប្រាប់ថា លុយចាស់ពេក។ ភ្លាមនោះ រូបគាត់បានសួរទៅវិញថា ប្អូនលុយនេះ គឺជាលុយដែលយកចេញពីគ្រឹះស្ថានហត្ថាកសិករហ្នឹងតើ មេចក៏ ប្អូននិយាយបែបនេះ។ បើប្អូនយល់ថា លុយនឹងវាចាស់ពេក ចុះហេតុអីក៏ ខាងប្អូនមានលុយចាស់របៀបចឹង បើកឲ្យមកអតិថិជន បើមុនពេលទទួលយកពិនិត្យល្អិតលល្អន់បែបនេះ។ ទោះនិយាយហេតុផលបែបណា ក៏ ខាងបុគ្គលិកទីនោះ នៅតែមិនទទួលយកលុយមួយចំនួននោះដដែល។ ស្រ្តីឈ្មោះ ប៉ូលិន បន្តថា អស់ជម្រើស រូបគាត់ក៏ យកលុយទាំងនោះ ចាកចេញ ហើយយកទៅសាកដាក់នៅធនាគារ A.B.A បែរជា A.B.A ទទួលយក សល់តែជាង២០០ដុល្លារ។
ស្ត្រីខាងលើ ឲ្យដឹងទៀតថា មូលហេតុ ដែលរូបគាត់យកលុយពីហត្ថាកសិករ ហើយយកទៅទុកនៅហត្ថាកសិករវិញ គឺរូបគាត់បានហ៊ុនគ្នាបង្កើតមុខរបរ ជាមួយស្ត្រីម្នាក់ទៀត។ ដោយដៃគូរបស់គាត់ខ្ចីលុយពីគ្រឹះស្ថានហត្ថាកសិករមកប្រគល់ឲ្យគាត់។ តែដោយសារលុយដល់ទៅ៥ពាន់ដុល្លារ គាត់មិនហ៊ានទុកក្នុងខ្លួនច្រើន ក៏ យកបួនពាន់ទៅដាក់ក្នុងកុង ត្បិតរូបគាត់ក៏ ជាអតិថិជនគ្រឹះស្ថាននោះដែរ។ ប៉ុន្តែអ្វីដែលហួសចិត្តនោះ គឺលុយរបស់គេសោះ យកពីគេ ទៅឲ្យគេវិញ គេមិនទទួល ហើយបែរអ្នកផ្សេងហ៊ានទទួល។ នេះមិនខុសពីអ្វីដែលគេនិយាយថា (ក្បាច់ប៉ាហ៊ី)នោះឡើយ។ នេះបើធនាគារ ABA មិនទទួល ហើយយកទៅចាយគេមិនយក តើត្រូវធ្វើយ៉ាងណា បើការប្រាក់ ត្រូវសងពេញថ្លៃ។
ជុំវិញហេតុការណ៍ ដែលមិនធ្លាប់មាននេះ លោក កែវ ធីវុទ្ធ ប្រធានគ្រប់គ្រងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សាខាខេត្តសៀមរាប បានថ្លែងតាមទូរស័ព្ទនៅរសៀលថ្ងៃទី៤ ខែមេសា ថា រឿងនេះលោកនៅមិនទាន់បកស្រាយបានទេ ពីព្រោះត្រូវឆែករឿងឲ្យច្បាស់លាស់សិន។ លទ្ធផលយ៉ាងណានោះ លោកនឹងបកស្រាយជូនតាមក្រោយ។ ប៉ុន្តែឆ្លងកាត់ការរង់ចាំរយៈពីរថ្ងៃមកទល់ថ្ងៃទី៥ ខែមេសា លោកប្រធានគ្រប់គ្រង គ្រឹះស្ថានហត្ថាកសិករ នៅតែមិនឆ្លើយតបចំពោះព័ត៌មានខាងលើនេះឡើយ ៕ ប៊ុនរិទ្ធី