ខេត្តពោធិ៍សាត់៖ នារសៀលថ្ងៃសៅរ៍ ២កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៩ ដោយមានការអញ្ជើញចូលរួមពី លោក រ៉ូហ្វី អូស្មាន សមាជិករដ្ឋសភាជាតិ និង ជាអ្នកតំណាងរាស្ដ្រ ខេត្ដពោធិ៍សាត់ រួមជាមួយ មន្ដ្រីមកពីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការពីក្រសួងស្ថាប័នមួយចំនួន និងលោកណាសៀត អូស្មាន ប្រធានសមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជា បាននាំយកអំណោយសប្បុរសធម៌ ជាថវិកា និងសម្ភារមួយចំនួន និងជួបសំណេះសំណាលសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ សមាជិកស មាជិកា និងថ្នាក់ដឹកនាំ សមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជា (ស.យ.ម.ក) ប្រមាណ១៥០នាក់ សាខាខេត្តពោធិ៍សាត់ ដែលពិធីនេះធ្វើឡើងនៅ ភូមិចុងខ្លុង ឃុំអូរសណ្តាន់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
ថ្លែងទៅកាន់អ្នកចូលរួម និងអង្គពិធី លោក រ៉ូហ្វី អូស្មាន បានលើកឡើងដែលសង្កត់ធ្ងន់ទៅលើយុវជនថា យុវជនគឺជាទំពាំងស្នងឫស្សី យុវជនគឺជាអ្នកបន្តវេន យវុជនត្រូវតែខិតខំរៀនសូត្រពង្រឹងសមត្ថភាព ដើម្បីក្លាយខ្លួនជាធនធានមនុស្សដែលពោរពេញដោយថាមពល ភ្លឺស្វាង ជាយុវជនសម័យទំនើប ស៊ីវីល័យ ជាសរសរទ្រូងរបស់ប្រទេសជាតិ ដែលប្រទេសជាតិយើងបច្ចុប្បន្ន ក្រោមការដឹកនាំរបស់ប្រមុខរាជេដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី កម្ពុជាពោរពេញដោយ សុខសន្តិភាព ស្ថិរភាពនយោបាយ កំពុងតែមានសន្ទុះនៃការរីកចម្រើនឥតឈប់ឈរ ពីមួយថ្ងៃទៅមួយថ្ងៃ ដែលត្រូវការចាំបាច់ធនធានមនស្សជាសំខាន់ ជាពិសេសយុវជនត្រូវចេះធ្វើការផ្សារភ្ជាប់ការងារជាមួយនឹងរៀមច្បងដែលមានបទពិសោធខ្ពស់ ។
ដោយឡែក លោក ណាសៀត អូស្មាន ក៏ បានពាំនាំនូវសាឡាមផ្តាំផ្ញើ សាកសួរសុខទុក្ខដល់ពុកម៉ែបងប្អូនទាំងអស់គ្នាពីសំណាក់ លោកឧកញ៉ា អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស ដែលជានិច្ចកាល លោកតែងតែមានការនឹករលឹក និងគិតគូពីសុខទុក្ខរបស់ពុកម៉ែបងប្អូន មិនថាលោកមានការហត់នឿយ និងការងារយ៉ាងណានោះទេ ។
លោក រ៉ូហ្វី អូស្មាន អ្នកតំណាងរាស្រ្តខេត្តពោធិ៍សាត់បានឧបត្ថមថវិកាចំនួន ១,៥០០,០០០រៀលសម្រាប់ចាក់ដីគូប៊ួរ (ទីបញ្ជុះសព) និងសម្ភារកីឡាមួយចំនួនផងដែរ៕ សំរិត