ព័ត៌មានទាន់ហេតុការណ៍៖

អាវុធហត្ថបង្ក្រាបឈើអារ ក្នុងដែនសមត្ថកិច្ចមន្រ្តីបរិស្ថាន

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ កម្លាំងកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ និងមូលដ្ឋានស្រុក សហការកម្លាំងចម្រុះស្រុក ចុះបង្រ្កាបបទល្មើសធនធានធម្មជាតិ (ឈើអារ) ក្នុងតំបន់ដែនសមត្ថកិច្ចរបស់មន្រ្តីបរិស្ថាន រិបអូសគំនរឈើអារលេខ ២.៣ ជាច្រើនយកទៅបន្តនីតិវិធី ។

ប្រតិបត្តិការខាងលើធ្វើឡើងពេញ១ ថ្ងៃសៅរ៍ ២កើត ខែចេត្រ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៩ នៅតំបន់ក្បែរៗផ្លូវថ្នល់គម្រោងអភវឌ្ឍន៍ស្ទឹងពោធិ៍សាត់ លេខ៣ ស្ថិតក្នុងភូមិវាល ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។

ប្រភពពីកម្លាំងចុះប្រត្តិបត្តិការខាងលើបង្ហើបថា ជាលទ្ធផល៖ កម្លាំងរុករកឃើញ និងរិបអូសគំនរឈើអារប្រភេទលេខ២ និងលេខ៣ ដែលនៅក្បែរៗរោងស្នាក់នៅរបស់ជនចំណាកស្រុកយ៉ាងអនាធិបតេយ្យផងនោះចំនួន៦កន្លែង ។

ប្រភពព័ត៌មានខាងលើបន្តទៀតថា វត្ថុតាងឈើអារប្រភេទលេខ២ និងលេខ៣ ត្រូវបានរិបអូសប្រមូលយកទៅរក្សាទុកជាបណ្ណោះអាសន្ន នៅទីស្នាក់ការតំបន់អភិរក្ស ជួរភ្នំក្រវាញភាគកណ្ដាល(CI)ដើម្បីរង់ចាំវាស់វែងជាក់ស្ដែងបន្ត ៕ ប៉ឹម ពិន


ចែករំលែក៖