ភ្នំពេញ៖ នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៩ នេះ ស្នេីម្ចាស់រថយន្តតាក់ស៊ី កុំដំឡើងថ្លៃជិះរថយន្ត និងម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ សូមកុំដំឡើងថ្លៃស្នាក់នៅ ដើម្បីបងប្អូនមានឱកាសបានធ្វើដំណើរងាយស្រួល និងសន្សំបានថវិកាខ្លះៗសម្រាប់ចាយវាយ និងធ្វើបុណ្យនៅក្នុងឱកាសថ្ងៃចូលឆ្នាំថ្មី ហើយយើងក៏បានសប្បាយរីករាយទាំងអស់គ្នា។
សម្តេចតេជោ មានប្រសាសន៍តាមហ្វេសប៊ុកផេកថា “នៅសល់តែ៧ថ្ងៃទៀត ថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិនឹងមកដល់ ។ យើងសង្កេតឃើញបងប្អូនប្រជាពលរដ្ឋ និងកូនក្មួយមួយចំនួនបានធ្វើដំណើរដោយទឹកមុខរីករាយឆ្ពោះទៅកាន់ស្រុកកំណើតជាបណ្តើរៗហើយ ដើម្បីជួបជុំក្រុមគ្រួសារត្រៀមចូលឆ្នាំថ្មី”។
ដើម្បីជួយសម្រួលដល់បងប្អូនប្រជាពលរដ្ឋ និងទេសចរ ជាពិសេសនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ សូមម្ចាស់រថយន្តតាក់ស៊ី កុំដំឡើងថ្លៃជិះរថយន្ត និងម្ចាស់សណ្ឋាគារ, ផ្ទះសំណាក់ សូមកុំដំឡើងថ្លៃស្នាក់នៅ ដើម្បីបងប្អូនមានឱកាសបានធ្វើដំណើរងាយស្រួល និងសន្សំបានថវិកាខ្លះៗសម្រាប់ចាយវាយ និងធ្វើបុណ្យនៅក្នុងឱកាសថ្ងៃចូលឆ្នំាថ្មី ហើយយើងក៏បានសប្បាយរីករាយទាំងអស់គ្នា។
ចាប់ពីថ្ងៃទី ១២ -១៨ មេសា សាលាក្រុងភ្នំពេញនឹងរៀបចំឡានក្រុង ១២០ គ្រឿងផ្តល់សេវាដឹកជញ្ជូនបងប្អូន និងកូនក្មួយដោយមិនគិតថ្លៃជិះឡើយ ។ សូមទាក់ទងលេខ 081-817-474, 078-817-474, 098-555-581 ដើម្បីដឹងពីព័ត៌មានសេវារថយន្តក្រុង – ជិះ FREE។
សូមអាជ្ញាធរ និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ រៀបចំពង្រឹងសណ្តាបធ្នាប់ការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរឲ្យបានល្អនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខនេះ។
សូមបើកបរដោយប្រុងប្រយ័ត្ន និងយោគយល់ អធ្យាស្រ័យឲ្យគ្នា ទៅវិញទៅមក គោរពច្បាប់ ដើម្បីសុវត្ថិភាពទាំងអស់គ្នា។
ជូនពរបងប្អូនជនរួមជាតិ បានសប្បាយរីករាយក្នុងថ្ងៃឈប់សម្រាកចុងសប្តាហ៍ ៕ ចេស្តា