ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកសុីម៉ង់ត៍ ចាប់ហ្វ្រាំងបង្ខំ ត្រូវម៉ូតូជិះពីក្រោយបុកស្លាប់ម្នាក់ របួសម្នាក់

ចែករំលែក៖

ភ្នំពេញ៖ យុវជនម្នាក់បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ និងម្នាក់ទៀតជាបងប្អូនជីដូនមួយរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗខណះជិះម៉ូតូ១គ្រឿងឌុបគ្នាត្រឡប់មកពីហូបការសាច់ញាតិឆ្ពោះទៅផ្ទះក្នុងល្បឿនលឿន តាមពីក្រោយរថយន្តដឹកសុីម៉ង់១គ្រឿង បន្ទាប់មករថយន្តខាងលើបានជាន់ហ្វ្រាំងបន្ថយល្បឿនប្រថុចញ៉ុចពេក ។ ធ្វើឲ្យជនរងគ្រោះវាក់មិនអាចគេចចេញឬជាន់ហ្រ្វាំងឈប់ទាន់ក៏បានបុកពីក្រោយរថយន្តដឹកសុីម៉ង់ត៌នោះយ៉ាងពេញទំហឹង ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរនោះបានកើតឡើងកាលពីវេលាម៉ោង៥ និង៣០នាទីល្ងាចថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៩ នៅលើកំណាត់មហាវិថីឈ្នះឈ្នះ ត្រង់ចំណុចខាងជើងក្លោងទ្វារវត្តពោធិ៍វ័ន ស្ថិតនៅក្នុងភូមិត្រពាំងធ្នង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

យុវជនដែលស្លាប់ឈ្មោះណាត នឹម អាយុ២៤ឆ្នាំ មុខរបរបជាកម្មករោងចក្រ មានទីលំនៅក្នុងភូមិព្រៃល្ង សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ ។ ចំណែកបងប្រុសជីដូនមួយដែលរងរបួសឈ្មោះ ថន អាយុអាយុ៣១​ឆ្នាំមុខរបរកម្មកររោងចក្រកាត់ដេរ ស្នាក់នៅក្នុងភូមិជាមួយគ្នានោះដែរ ។

អ្នកឃើញហេតុការណ៍បាននិយាយថា នៅមុនពេលកើតហេតុពួកគាត់បានឃើញជនរងគ្រោះអ្នកទាំង២បងប្អូនជិះម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ពណ៍ខ្មៅស៊េរីឆ្នាំ២០១៣ ពាក់ស្លាកលេខ ភ្នំពេញ1BZ-4667 ឌុបគ្នាធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន ។ ខណៈនោះក៏មានរថយន្តដឹកសុីម៉ង់ត៌១គ្រឿងម៉ាកនីស្សាន់ឌីសែលពណ៍ស ពាក់ស្លាកលេខតាកែវ3A-1226 ដែលកំពុងបើកបរក្នុងទិសដៅស្របគ្នានៅខាងមុខផងដែរ ។ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុរថយន្តដឹកសុីម៉ង់ត៍បានជាន់ហ្វ្រាំងបន្ថយល្បឿនយ៉ាងប្រថុចញ៉ុចបំផុត ព្រោះមានយានយន្តខាងមុខបន្ថយល្បឿនដែរ ។

ប្រភពខាងលើបានបន្តថា បន្ទាប់ពីជួបស្ថានភាពបែបនេះ ជនរងគ្រោះបានបាត់បង់ម្ចាស់ការក្នុងការបើកបរមិនអាចជាន់ហ្រ្វាំងឈប់ឬគេចចេញទាន់ឡើយ ក៏ជ្រុលទៅបុកពីក្រោយរថយន្តនេះយ៉ាងពេញទំហឹង បណ្ដាលឲ្យដួលហើយយុវជនអ្នកបើកបរម៉ូតូ បែកក្បាល និងបាក់កស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្ដង ។ ដោយឡែកបុរសម្នាក់ទៀតដែលត្រូវជាបងប្រុសជីដូនមួយរងរបួសធ្ងន់ធ្ងរ ហើយក្រោយពេលកើតហេតុរថយន្តបានបើករត់បានចម្ងាយប្រមាណជាង១០០ម៉ែត្រទើបឈប់រួចអ្នកបើកបរបានចុះរត់គេចខ្លួនបាត់ដោយសុវត្ថិភាព ។

ក្រុមគ្រួសារជនរងគ្រោះបានប្រាប់ថា នៅមុនពេលកើតហេតុជនរងគ្រោះទាំង២នាក់បានទៅចូលរួមពិធីមង្គលការសាច់ញាតិនៅក្នុងភូមិភូមិឈូកវ៉ា សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។ លុះពេលហូបការរួចបាននាំគ្នាជិះម៉ូតូក្នុងបំណងត្រឡប់ទៅផ្ទះវិញ ប៉ុន្តែជាអកុសលក៏បានជួប និងឧប្បត្តិគ្រោះថ្នាក់ចរាចរបណ្ដាលឲ្យស្លាប់ម្នាក់ និងរងរបួសធ្ងន់ម្នាក់តែម្ដង ។

បន្ទាប់មកជនរងគ្រោះដែលរងរបួសត្រូវបានរថយន្តគ្លីនិករស្មីដឹកយកទៅសង្រ្គោះបន្ទាន់រីឯអ្នកស្លាប់ត្រូវក្រុមគ្រួសារនាំយកទៅធ្វើបុណ្យតាមប្រពៃណី ហើយកម្លាំងនគរបាលការិយាល័យចរាចរផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានចុះទៅធ្វើការវាស់វែង និងនាំរថយន្ត និងម៉ូតូទៅរក្សាទុកចាត់ការតាមច្បាប់៕សុខាសែនជ័យ


ចែករំលែក៖