យើងខ្ញុំជាប្រជាពលរដ្ឋរស់នៅភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ កត់សម្គាល់ឃើញថា សំរាមត្រូវបានគរមុខផ្ទះប្រជាពលរដ្ឋ ដោយមិនឃើញរថយន្តប្រមូលសំរាមចុះទៅយកនោះទេ ។ ក្រុមហ៊ុនប្រមូលលុយមិនដែលខកខាន ប៉ុន្តែមិនចុះប្រមូលសំរាមឲ្យបានទៀតទាត់ ។ រីឯអាជ្ញាធរ បានត្រឹមតែស្តីបន្ទោសឲ្យប្រជាពលរដ្ឋរឿងសំរាមនេះ ។ មិនដឹងថា តើវាជាកំហុសខាងណានោះទេ? ប៉ុន្តែសម្រាប់ប្រជាពលរដ្ឋយើងខ្ញុំ ពិតជាបានបង់ប្រាក់ឲ្យខាងក្រុមហ៊ុនប្រមូលសំរាមហើយ ប៉ុន្តែក្រុមហ៊ុនមិនចុះមកប្រមូល ហើយអាជ្ញាធរស្តីបន្ទោសយើងខ្ញុំជាប្រជាពលរដ្ឋរឿងទុកដាក់សំរាមនេះ ។
ស្ទើរគ្រប់លំនៅឋានរបស់ប្រជាពលរដ្ឋនៅក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ សំរាមមិនត្រូវបានគេចុះមកប្រមូលនោះឡើយ ។ យូរៗម្តង គេឃើញ រថយន្តប្រមូលសំរាម ចុះមកប្រមូលម្តងដែរ ពោលគឺប្រហែល១សប្តាហ៍ ឬ១០ថ្ងៃ ទើបចុះមកប្រមូលម្តង ។ ប្រការនេះធ្វើឲ្យសំរាមត្រូវកកស្ទះ នៅគ្រប់ច្រកផ្លូវតាមផ្ទះរបស់អ្នកភូមិ ។ អ្នកខ្លះត្រូវបង្ខំចិត្តយកសំរាមទៅបោះចោលក្នុងទន្លេ ។ រីឯអាជ្ញាធរដែនដី តាមរយៈកិច្ចប្រជុំនានាជាមួយប្រជាពលរដ្ឋ តែងតែដាស់តឿនឲ្យប្រជាពលរដ្ឋទុកដាក់សំរាមឲ្យបានស្រួលបួល ពោលគឺមិនត្រូវចោលសំរាមផ្តេសផ្តាស់នោះទេ ។ តើប្រជាពលរដ្ឋត្រូវទុកសំរាមក្នុងផ្ទះរយៈពេលយូររហូតដល់១សប្តាហ៍ ឬ១០ថ្ងៃបានដែរឬទេ? បើលំនៅឋានថ្នាក់ដឹកនាំសង្កាត់ ខណ្ឌ អាចទុកសំរាមនៅក្នុងផ្ទះរយៈពេល១សប្តាហ៍ ឬ១០ថ្ងៃបាន នោះប្រជាពលរដ្ឋក៏សុខចិត្តទុកដែរ ។
ប៉ុន្តែសំរាមមិនអាចទុកក្នុងផ្ទះបានយូរថ្ងៃទេ ពីព្រោះវានឹងស្អុយ ឬក៏មានដង្កូវចោះជាមិនខាន ។ ចុះបើក្រុមហ៊ុនមិនមកប្រមូលសំរាម តើឲ្យប្រជាពលរដ្ឋយកសំរាមទៅទុកនៅឯណា ។ ដំណោះស្រាយមានតែមួយ បើទោះបីជាស្អុយយ៉ាងណា ក៏ត្រូវយកវា ទៅគរទុកនៅមុខផ្ទះសិនដែរ ។ យើងខ្ញុំចង់សួរទៅអាជ្ញាធរថា តើបើក្រុមហ៊ុនស៊ីនទ្រីមិនចុះមកប្រមូលសំរាម តើយើងខ្ញុំត្រូវទុកសំរាមនៅក្នុងផ្ទះបាយ ឬនៅក្នុងបន្ទប់ទឹក ឬត្រូវចោលនៅមុខផ្ទះ? ជម្រើសដែលល្អជាងគេ គឺត្រូវយកសំរាមទាំងនោះទៅចោលនៅមុខផ្ទះ បើទោះជាវាស្អុយយ៉ាងណា ក៏មិនធ្ងន់ធ្ងរ ដូចការទុកសំរាមនៅក្នុងផ្ទះបាយ ឬបន្ទប់ទឹកនោះដែរ ។ អ្វីដែលជាសំណូមពរ គឺអាជ្ញាធរត្រូវជំរុញល្បឿន ពេលវេលាជាក់លាក់នៃការប្រមូលសំរាម ឲ្យក្រុមហ៊ុនប្រមូលសំរាមចុះមកប្រមូលសំរាមឲ្យបានទៀងទាត់ ឬញឹកញាប់ មិនមែនទៀងទាត់តែការប្រមូលលុយ ប៉ុន្តែមិនទៀងទាត់លើការប្រមូលសំរាមយ៉ាងដូច្នោះទេ ៕ ប្រជាពលរដ្ឋម្នាក់