មន្ត្រីរាជការនានាជុំវិញសាលាខេត្តមណ្ឌលគិរី បង្ហើបថា លោករឿន ផៃរិទ្ធ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត យឺតដូចកៅស៊ូ ក្នុងការបញ្ចេញប្រាក់ជូនទៅតាមមន្ទីរនានា ជាពិសេសមានពាក់ព័ន្ធនឹងបញ្ហាពុករលួយ ក្នុងការប្រមូលប្រាក់រជ្ជទេយ្យ និងប្រាក់លទ្ធកម្ម ពីតាមមន្ទីរពាក់ព័ន្ធជុំវិញខេត្ត ។ គេរាយការណ៍ថា រឿងនេះ បានកើតជាយូរណាស់មកហើយៗក៏គ្មានការស៊ើបអង្កេត ឬស្នើឲ្យមានការត្រួតពិនិត្យនោះដែរ ។
បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថា ការកាត់ប្រាក់រជ្ជទេយ្យ និងប្រាក់លទ្ធកម្ម បានកើតមានជាធម្មតានៅតាមមន្ទីរនានាជុំវិញ ខេត្តមណ្ឌលគិរី ។ ជាងនេះទៅទៀត រឿងលុយរដ្ឋនោះ បើចង់ឲ្យលឿន ទាល់តែកាត់សេវា ឬថ្លៃទឹកតែជូនលោកប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទើបបានលុយឆាប់រហ័ស។ បើមិនដូច្នោះទេ មុខជាយឺតដូចកៅស៊ូមិនខានឡើយ ។ ប្រភពនិយាយថា វាជារឿងធម្មតានៃការបញ្ចេញប្រាក់ដ៏យឺតយ៉ាវ បើទោះបីជាឯកសារបានបំពេញរួចរាល់យូរខែហើយក៏ដោយ ។
ប្រភពបានបន្ថែមថា លោករឿន ផៃរិទ្ធ បានប្រមូលទាំងប្រាក់លទ្ធកម្ម និងប្រាក់រជ្ជទេយ្យ ក៏ដូចជាការដំអក់យឺតយូរក្នុងការបញ្ចេញប្រាក់ឲ្យទៅតាមមន្ទីរនានាជុំវិញខេត្ត ។ លុយមានពេញហោប៉ៅ ប៉ុន្តែបើចង់លឿន គួរតែចែកផលប្រយោជន៍ជូនលោករឿន ផៃរិទ្ធ ខ្លះទៅ ។ ប្រភពបន្ថែមថា ប្រសិនបើមិនចែករំលែកផលប្រយោជន៍ទេនោះ ការរង់ចាំប្រាក់ មុខជាត្រូវអូសបន្លាយពេលយូរមិនខានឡើយ ។ ក្រុមមន្ត្រីតាមមន្ទីរនានានិយាយថា វាជារឿងធម្មតា ដែលប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុតែងតែធ្វើយ៉ាងដូច្នេះ ៕