ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកសាងសំណុំរឿងប្រគល់ជូនទៅតុលាសាលាដំបូងខេត្ត កាលពីរសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៩ បន្ទាប់ពីជនដៃដល់រូបនេះ បានប្រើអំពើហិង្សា ចាប់ក្មេងស្រីបោក នឹងសសរផ្ទះ និងយកដំបងសំពងលើកាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៩ នៅ ចំណុចភូមិ អូរសណ្តាន់ ឃុំទឹកហូត ស្រុករលាប្អៀរ ។
សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ជនសង្ស័យ ខាងលើ ឈ្មោះ ថេត ថា អាយុ៣៥ឆ្នាំ មានទីលំនៅ ភូមិ – ឃុំ កើតហេតុ ខាងលើ ។ ចំណែកកុមារី រង គ្រោះឈ្មោះ រ័ត្ន ស៊ីវអ៊ី អាយុ៣ឆ្នាំ ។
ប្រភពនៅកន្លែងកើតហេតុបានប្រាប់សមត្ថកិច្ចថា នៅមុនពេលកើតហេតុជន ដៃដល់ បានខឹងក្មេងស្រីស្រែកឡូឡា ក៏បាន ចាប់ជើងក្មេងស្រីដែលត្រូវជាក្មួយបង្កើត បោកនឹងសសរផ្ទះ រួចយកដំបងវាយសំពងពីលើ បណ្ដាលឲ្យក្មេងស្រី រងរបួសជាទម្ងន់ ។ ភ្លាមៗនោះត្រូវបាន ក្រុមគ្រួសារចូលទៅជួយឃាត់ និងចាប់ជនដៃដល់បញ្ជូនទៅ សមត្ថកិច្ចដើម្បីចាត់ការតាមផ្លូវច្បាប់ ។
សមត្ថកិច្ចដដែលឲ្យដឹងថា ជនសង្ស័យជាមនុស្សធ្លាប់ញៀនថ្នាំ ហើយត្រូវបានឪពុក ម្ដាយបញ្ជូនទៅមណ្ឌលកែប្រែមួយរយៈ ប៉ុន្តែពេលត្រឡប់មកវិញជនសង្ស័យមានសតិមិនល្អ ។ ទោះបីជាយ៉ាងនេះក្តី តុលាការ ក្រោយពីបានសាកសួររួចហើយ ក៏សម្រេចឃុំខ្លួនជន ដៃដល់ដាក់ពន្ធនាគារ តាមផ្លូវច្បាប់ ៕ ចន្ថា