ភ្នំពេញ ៖ កម្លាំងគណៈបញ្ជាការឯកភាពសង្កាត់ចាក់អង្រែលើ ដឹកនាំកម្លាំងចុះរដ្ឋបាលក្នុងមូលដ្ឋាន ដើម្បីចាប់ប្រមូលជនសង្គមងងឹត និងក្មេងស្ទាវបែកថ្នាំ ទៅមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ អប់រំ និងបន្សាបថ្នាំញៀន ជាក់ស្តែងកាលពីរសៀលថ្ងៃចន្ទ ៤កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៩ ឃាត់ខ្លួនបុរស២នាក់ដែលជាមនុស្សញៀនថ្នាំ និងតែងតែបង្កជម្លោះ អុកឡុកអ្នកភូមិក្នុងមូលដ្ឋាននិងងាយបង្កជាគ្រោះអគ្គិភ័យកើតឡើងបំផ្លាញលំនៅដ្ឋានប្រជាពលរដ្ឋ ។
លោក កែវ សាវឿន ចៅសង្កាត់ចាក់អង្រែលើ បានឲ្យដឹងថា ការចុះប្រមូលក្រុមជនសង្គមងងឹត និងក្មេងស្ទាវបែកថ្នាំ រហូតដល់វង្វេងផ្ទះខាងលើនេះ គឺយោងតាមសំណូមពរដ៏ទទូចពីប្រជាពលរដ្ឋ ដោយសារតែក្រុមក្មេងទាំងនេះ តែងតែបង្កជម្លោះ និងអុកឡុកក្នុងមូលដ្ឋានម្យ៉ាងទៀតខ្លាចក្រុមវាបង្កជាអគ្គិភ័យបំផ្លាញលំនៅដ្ឋានប្រជាពលរដ្ឋ។ ហើយនៅពេលកម្លាំងចម្រុះចុះមកដល់ គឺប្រជាពលរដ្ឋបាននាំសមត្ថកិច្ចទៅចង្អុលមុខជនបង្កអុកឡុកធ្វើឲ្យជនបង្កមិនអាចប្រកែកបាន។
លោក ចៅសង្កាត់ចាក់អង្រែលើ បន្តថា បើសិនជាយើងមិនចុះប្រមូលក្រុមនេះទៅមន្ទីរសង្គមកិច្ចទេគឺអាចជួបផលលំបាកទៅថ្ងៃមុខ ព្រោះពួកគេមិនស្គាល់ពាក្យថាល្អនោះទេ។ ម្យ៉ាងទៀត ពួកគេរស់នៅគ្មានអ្នកគ្រប់គ្រង ព្រោះត្រូវម្តាយឪពុកបំបោះបង់ចោលធ្វើឲ្យពួកគេកាន់តែប្រព្រឹត្តិនូវអំពើខុសឆ្គងដែលប្រជាពលរដ្ឋលោកមានការភ័យខ្លាចណាស់។ ដូច្នេះ មានតែឲ្យពួកគេទៅរៀនសូត្រ និងកែប្រែខ្លួនឲ្យទៅជាមនុស្សល្អដើម្បីអនាគតពួកគេទៅថ្ងៃមុខ ។
ក្រោយប្រតិបត្តិការ រួចយុវជន២នាក់នេះ ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពសង្កាត់ ឃាត់ខ្លួនបញ្ជូនទៅមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ ដើម្បីអប់រំ និងបន្សាបថ្នាំញៀន ៕ ស រស្មី