ប្រជាពលរដ្ឋ ក៏ដូចជាសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជានៅស្រុកមេសាង ខេត្តព្រៃវែង កំពុងជ្រួលច្របល់ការដែលដីអតីតមន្ទីរបក្សស្រុកចំនួន២កន្លែង ក្នុងតម្លៃរាប់សែនដុល្លារ កំពុងត្រូវបានចាក់ដីដើម្បីលក់ទៅឲ្យឯកជន ។ ទាំងមន្ត្រីរាជការ ជាពិសេសសមាជិកបក្សក្នុងមូលដ្ឋានស្រុកមេសាង មិនចង់ឃើញដីនេះ ត្រូវបានគេលក់ដូរនោះទេ បើទោះបីជាក្នុងហេតុផលណាក៏ដោយ ។ ដូច្នេះ ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ក្នុងខេត្តព្រៃវែង មេត្តាពិចារណាករណីនេះឡើងវិញ ។
មិនថាក្នុងផលប្រយោជន៍អ្វីទេ ប៉ុន្តែការចាក់ដីដើម្បីរៀបចំលក់អតីតសាលានយោបាយស្រុកមេសាងនៅពេលនេះ ធ្វើឲ្យប្រជាពលរដ្ឋ ជាពិសេសសមាជិកគណបក្សនៅមូលដ្ឋានអន់ចិត្តជាខ្លាំង ។ គេនិយាយថា មន្ត្រីដែលជាប្រធានលទ្ធកម្មសាលាស្រុកមេសាង លោក ហ៊ាង ផល្លី ដោយបានការអនុញ្ញាតពីលោកកែវ ពិសី ហើយទំនងជាមានភ្លើងខៀវពីថ្នាក់ដឹកនាំ(បក្ស)ខាងលើ ទើបបានជាមានការជំរុញឲ្យលក់ដីនេះ ។ សមាជិកបក្សមូលដ្ឋានក្នុងស្រុកមេសាង មិនមែនច្រណែនព្រោះតែមិនបានលាភសក្ការពីការលក់ដូរនេះទេ ប៉ុន្តែគឺមិនចង់ឲ្យទ្រព្យសម្បត្តិរួមរបស់បក្សត្រូវបាត់បង់រូបភាពនោះឡើយ ។ ពោលគឺចង់ឲ្យទុកដីសាងទីស្នាក់ការបក្ស ឬសមិទ្ធផលបក្សផ្សេងៗទៀត ។
បើតាមការខ្សឹបខ្សៀវពីមន្ត្រីបក្សមូលដ្ឋានស្រុកមេសាង អះអាងថា លោក ហ៊ាង ផល្លី ប្រធានអង្គភាពលទ្ធកម្មស្រុកមេសាង សហការជាមួយលោកកែវ ពិសី អភិបាលស្រុក ដោយមានភ្លើងខៀវពីថ្នាក់ដឹកនាំ បាននិងកំពុងដំណើរការចាក់ដីអតីតសាលានយោបាយស្រុកមេសាង ក្នុងតម្លៃជិតលានដុល្លារ ឬក៏រាប់សែនដុល្លារ ។ ការចាក់ដីនេះ ធ្វើឲ្យមានភាពរំជើបរំជួលខ្លាំងនៅក្នុងចំណោមមន្ត្រីរាជការ សាលាស្រុកមេសាង, កងកម្លាំងប្រដាប់អាវុធ, លោកគ្រូ អ្នកគ្រូ ជាពិសេសសមាជិកបក្សនៅក្នុងមូលដ្ឋាននេះតែម្តង ។ យ៉ាងណាក៏ដោយ វានៅតែជាការសម្រេចរបស់ថ្នាក់ដឹកនាំ ។ មន្ត្រីមូលដ្ឋានគ្រាន់តែសំណូមពរសុំកុំបំបាក់ទឹកចិត្តអ្នកស្មោះត្រង់នៅថ្នាក់ក្រោម ៕