ព័ត៌មានទាន់ហេតុការណ៍៖

ព្រូដិនសល ផ្សព្វផ្សាយកម្មវិធីសាលាសុវត្ថិភាពតាមរយៈកម្មវិធី Safe School នៅខេត្តស្ទឹងត្រែង

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ សិស្សានុសិស្ស នៅស្រុក ថាឡាបរិវ៉ាត់ បានត្រៀមលក្ខខណៈកាន់តែល្អប្រសើរ និងយល់ដឹងកាន់តែច្បាស់ក្នុងការជៀសឲ្យផុតពីគ្រោះធម្មជាតិ ក្រោយពី ក្រុមហ៊ុនព្រូដិនសលកម្ពុជា និងអង្គការភ្លែនអន្តរជាតិកម្ពុជា (Plan International Cambodia) បន្តកិច្ចសហប្រតិបត្តិការរបស់ខ្លួនក្នុងការការពារសិស្សនិងគ្រូបង្រៀនក្នុងប្រទេសកម្ពុជា ដើម្បីប្រឆាំងនឹងផលប៉ះពាល់នៃគ្រោះធម្មជាតិ តាមរយៈកម្មវិធី សាលាសុវត្ថិភាព ឬ Safe School។

កម្មវិធី Safe Schools ក៏ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនព្រូដិនសល ក្នុងការគាំទ្រការអប់រំ និងសុវត្ថិភាព នៅព្រះរាជាណាចក្រកម្ពុជា ផងដែរ។ កម្មវិធីនេះ បំពេញបន្ថែមទៅលើកម្មវិធី SAFE STEPS Natural Disaster (ជំហានសុវត្ថិលើគ្រោះធម្មជាតិ) របស់អង្គការ Prudence Foundation ដែលមានបំណងក្នុងការជួយសង្គ្រោះជីវិត និងធានាឲ្យបានថា សាលា និងសហគមនានា កាន់តែមានភាពរឹងមាំ នៅពេលដែលគ្រោះមហន្តរាយវាយប្រហារ។កាលពីចុងខែមុននេះ បុគ្គលិករបស់ក្រុមហ៊ុនព្រូនដិនសលកម្ពុជាមួយក្រុម និងក្រុមប្រឹក្សាហិរញ្ញវត្ថុ រួមជាមួយនឹងមន្ត្រីតំណាងឲ្យអង្គការភ្លែនអន្តរជាតិកម្ពុជា បានចូលរួមក្នុងព្រឹត្តិការណ៍ស្ម័គ្រចិត្ត Safe School មួយ ក្នុងខេត្តស្ទឹងត្រែង។

ក្នុងព្រឹត្តិការនេះ សិស្សានុសិស្ស មកពីសាលាបឋមសិក្សាអន្លុងស្វាយគរ និងអូរត្រែល បានបង្ហាញពីទេពកោសល្យផ្នែកសុវត្ថិភាព ដូចជា វិធីសាស្ត្រនៃការជៀសផុតពីខ្យល់ព្យុះ និងបានរៀនពីរបៀបកត់សម្គាល់ពីភាពផ្សេងគ្នានៃគ្រោះធម្មជាតិផ្សេងៗ។ គ្រូបង្រៀនថ្នាក់បឋមសិក្សាជាង៧០នាក់ និងសមាជិកក្រុមត្រួតពិនិត្យ និងបណ្តុះបណ្តាលក្នុងស្រុកចំនួន២៥នាក់ ក៏ត្រូវបានអប់រំចំណេះដឹងទៅលើរបៀបក្នុងការជួយដល់សិស្សានុសិស្ស ក្នុងពេលមានគ្រោះថ្នាក់នៅសាលារៀន និងក្នុងពេលជម្លៀសកូនសិស្សផងដែរ។

លោក David Nutman (ដាវីដ នុតមែន) អគ្គនាយកក្រុមហ៊ុនព្រូនដិនសលកម្ពុជា បានបញ្ជាក់ថា កម្មវិធីនេះ បង្ហាញឲ្យឃើញយ៉ាងច្បាស់ថា ក្រុមហ៊ុនព្រូដិនសល នៅតែបន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការការពារ និងបង្កើតឲ្យមានសុវត្ថិភាព ក៏ដូចជាជួយឲ្យមានសហគមជាច្រើនកាន់តែរឹងមាំបន្ថែមទៀតទូទាំងកម្ពុជា។

លោកបានកត់សម្គាល់ថា៖ «វាពិតជាសំខាន់ណាស់ក្នុងការមានការណែនាំផ្នែកសុវត្ថិភាពសម្រាប់គ្រូបង្រៀន និងសិស្សានុសិស្ស នៅតាមសាលានានា។ កម្មវិធីនេះ ក៏ជំរុញឲ្យមានបរិស្ថាននៃការសិក្សា ក៏ដូចជាទំនាក់ល្អរវាងគ្រូបង្វឹក និងសិស្សផងដែរ។ មកទល់ពេលនេះ សិស្សានុសិស្សចំនួន២៦៦៦នាក់ (ក្នុងនោះសិស្សស្រីមានចំនួន១៣០៦នាក់) និងគ្រូបង្រៀន២៧៥នាក់ (អ្នកគ្រូ១២៥នាក់) នៅកម្ពុជា ត្រូវបានបណ្តុះបណ្តាល និងទទួលបានអត្ថប្រយោជន៍ពីមក្មវិធីនេះ»។

កញ្ញា សារ៉ុន ប៊ុនណាលីន អ្នកស្ម័គ្រចិត្តម្នាក់ដែលបានចូលរួមក្នុងព្រឹត្តិការណ៍នេះ បាននិយាយថា៖ «ខ្ញុំគិតថា កម្មវិធី Safe School ពិតជាសំខាន់ណាស់ ខណៈដែលវានឹងជួយលើកកម្ពស់លើចំណេះដឹងផ្នែកគ្រោះធម្មជាតិ និងបង្រៀនសិស្សឲ្យចេះការពារខ្លួនពីគ្រោះធម្មជាតិ។ ខ្ញុំចង់លើកទឹកចិត្តឲ្យបុគ្គលិកក្រុមហ៊ុនព្រូដិនសលជាច្រើនទៀត ឲ្យស្ម័គ្រចិត្តក្នុងកម្មវិធី Safe School»។

លោកកា ឈន នាយកសាលាបឋមសិក្សាអន្លុងស្វាយគរ មានប្រសាសន៍ថា៖ «សិស្សចំនួន១៨០នាក់ក្នុងសាលារបស់យើង ត្រូវបានបង្រៀនពីការត្រៀមលក្ខខណៈក្នុងហេតុការណ៍ដែលមានខ្យល់ព្យុះ ចាប់តាំងពីឆ្នាំមុនមកម្ល៉េះ។ ខ្ញុំចង់ថ្លែងអំណរគុណដល់សិស្ស ក្រុមប្រឹក្សាសាលា និងគ្រូបង្រៀនទាំងអស់ ចំពោះការប្តេជ្ញាចិត្ត និងការលះបង់ពេលវេលារបស់ពួកគេក្នុងកម្មវិធីនេះ»៕ វឌ្ឍនា


ចែករំលែក៖