ភ្នំពេញ៖ មន្ត្រីជាប់កិច្ចសន្យានៃអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ម្នាក់ បានដាក់ពាក្យប្តឹងទៅកាន់ស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក ស ថេត ដោយចោទប្រកាន់ទៅលើ មន្រ្តីនគរបាលខណ្ឌដង្កោមួយក្រុម ដឹកនាំដោយអធិការរងម្នាក់ ថា បានតាមប្រើហិង្សាព្រួតវាយយ៉ាងខ្លាំងលើរូបគាត់ ដោយសារតែការយល់ច្រឡំក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ ។ ខណៈដែលសកម្មភាពរបស់មន្រ្តីនគរបាលមួយក្រុមនេះ ត្រូវបានគេថតបាន និងយកទៅបង្ហោះនៅលើបណ្តាញសង្គម Facebook នាំឲ្យមានការរិះគន់យ៉ាងកក្រើកពីមហាជន និងស្នើទទូចឲ្យចាត់វិធានការ តាមច្បាប់ក្រុមមន្រ្តីនគរបាលទាំងនេះ ។
យោងតាមពាក្យបណ្តឹងរបស់លោក ឃឹម ខុម អាយុ៦៤ឆ្នាំ មានអាស័យដ្ឋាននៅភូមិព្រែករទាំង សង្កាត់ព្រែក កំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលជាមន្ត្រីកិច្ចសន្យានៃ អង្គភាពប្រឆាំងអំពើពុករលួយ បានឲ្យដឹងកាលពីរសៀលថ្ងៃព្រហស្បតិ៍ ៧កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩នេះថា ករណីនេះបានកើតឡើងនៅវេលាម៉ោង៨ យប់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៩ ស្ថិតនៅវត្តព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ។ ដោយគាត់បានប្តឹងចោទប្រកាន់ទៅលើមន្រ្តីនគរបាលចំនួន៥នាក់ ក្នុងនោះអធិការរងម្នាក់មានឈ្មោះ នាក់ ណារ៉ូ និងមន្រ្តីនគរបាលប៉ុស្តិ៍ដង្កោ ៤រូបផ្សេងទៀត ។
តាមប្រភពព័ត៌មានពីជនរងគ្រោះ បានឲ្យដឹងថា នៅយប់ថ្ងៃកើតហេតុ ខណៈដែលគាត់កំពុងតែបើករថយន្តមួយគ្រឿងម៉ាក ព្រូស តាមបណ្ដោយផ្លូវលេខ៥០ម៉ែត្រ ក៏ស្រាប់តែមានរថយន្តមួយគ្រឿងទៀតម៉ាក ព្រូស ដែលបានបើកមកកៀររថយន្តរបស់គាត់បណ្ដាលឲ្យខូចខាត ប៉ុន្តែគាត់មិនបានតាមចាប់រថយន្តនោះទេ ដោយបើកគេចខ្លួនលឿនពេក ។ ភ្លាមៗនោះស្រាប់តែមានកម្លាំងនគរបាលខណ្ឌដង្កោមួយក្រុម មានទាំងរថយន្ត និងម៉ូតូប្រហែលចំនួន៦គ្រឿង បានបើកដេញតាមរថយន្តរបស់គាត់ពីក្រោយរហូតតាមទាន់ នៅចំណុចក្នុងវត្តព្រែកថ្លឹង ដោយមិនសួររកហេតុផល ស្រាប់តែនាំគ្នាប្រើហិង្សាមកលើរូបគាត់រងរបួសយ៉ាងដំណំ បើទោះគាត់បានសុំអង្វរ និងសុំឲ្យសួរនាំរកខុសត្រូវសិនក៏ដោយ ។
គួរបញ្ជាក់ផងដែរថា ពាក់ព័ន្ធករណីខាងលើនេះដែរ ជនរងគ្រោះបានដាក់ពាក្យប្តឹងទៅកាន់ស្នងការនគរបាលរាជធានីភ្នំពេញ សុំឲ្យសមត្ថកិច្ចចាត់វិធានការក្រុមនគរបាលខណ្ឌដង្កោដែលបង្កហិង្សាលើគាត់នោះ តាមនីតិវិធីច្បាប់ និងទាមទារសំណងចំនួន ៥ម៉ឺនដុល្លារផងដែរ ៕ ស តារា