ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចនគរបាលខេត្តសៀមរាប ឃាត់ខ្លួនបុរស២នាក់លួចគ្រឿងសង្ហារឹម

ចែករំលែក៖

ខេត្តសៀមរាប៖ ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពលួចគ្រឿងសង្ហារឹម និងប្រើប្រាស់សារជាតិញៀនខុសច្បាប់ ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង២និង២២នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩ ក្នុងបូរីសៀងណាំ ភូមិខ្នា សង្កាត់់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ទិត្យ ម៉ៅ ហៅស្វិត ភេទប្រុស រស់នៅភូមិ តាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប និង ម្នាក់ទៀត ឈ្មោះ ឃន សុឃឹម ភេទប្រុស អាយុ១៨ឆ្នាំ លំនៅឋានមិនពិតប្រាកដ។

ជនរងគ្រោះ ឈ្មោះ ឈិន ឈូង ភេទប្រុស អាយុ ៣៥ឆ្នាំ រស់នៅក្នុងបូរីសៀងណាំ ភូមិខ្នា សង្កាត់់ជ្រាវ ក្រុងសៀមរាប ក្រោយ បាត របស់ ក៏បានឆែកកាមរ៉ា សុវត្ថិភាពឃើញជន សង្ស័យទាំង២នាក់ជាអ្នកលួច ហើយមកប្ដឹងសមត្ថកិច្ច ។

បន្ទាប់មក ជនរងគ្រោះបានប្រទះឃើញគ្រឿងសង្ហារឹមរបស់ខ្លួននៅកន្លែងកែឆ្នៃមួយកន្លែង ជារបស់ឈ្មោះ ស៊ិន សុវណ្ណរិទ្ធ ហៅ ហួរ រួចក៏រាយការណ៍ទៅសមត្ថកិច្ច ចុះមកពិនិត្យមើល និងហៅជនសង្ស័យទាំង២មកសួរនាំ ក៏សារភាពថា ពិតជាបានលួចគ្រឿងសង្ហារឹមមកលក់ឲ្យឈ្មោះ ស៊ិន សុវណ្ណរិទ្ធ ហៅ ហួរ ពិតមែន ។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕ ប៊ុនរិទ្ធី


ចែករំលែក៖