ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងទំនើងកាប់ចាក់គ្នានៅឃុំលង្វែក ស្រុកកំពង់ត្រឡាច ក្នុងពិធីបុណ្យចូលឆ្នាំថ្ងៃទី៣

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ ក្រុមក្មេងទំនើង២ក្រុម បង្កការអុកឡុក វ៉ៃកាប់ចាក់គ្នាក្នុងពិធីបុណ្យចូលឆ្នាំងថ្ងៃទី៣ ផ្អើលភ្ញៀវជាតិ និងអន្តរជាតិ រត់ជាន់គ្នា ។

ហេតុការណ៍ភ្ញាក់ផ្អើលរត់ជាន់ជើងគ្នានេះ កើតឡើងនៅរសៀលថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩ ស្ថិតនៅក្នុងភូមិឧកញ៉ាប៉ាង ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។

ប្រភពពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍បានឲ្យដឹងថា នៅមុនពេលកើតហេតុ មានបងប្អូនប្រជាពលរដ្ឋភ្ញៀវជាតិ និងអន្តរជាតិ បានមកលេងកម្សាន្ត ក្នុងតំបន់វត្តត្រឡែងកែង ស្រាប់តែមានក្រុមក្មេងស្ទាវពីរក្រុម មានទំនាស់ពាក្យសម្តីគ្នា បានផ្ទុះចេញជាទំនាស់អំពើហិង្សាដេញកាប់ចាក់គ្នា វក់វី ធ្វើឲ្យភ្ញៀវ និងប្រជាពលរដ្ឋ ដែលមកលេងកម្សាន្ត ផ្អើលឆោឡោរត់ជាន់គ្នា ។

នៅក្នងហេតុការណ៍កាប់ចាក់គ្នាខាងលើនេះ ត្រូវបានគេរិះគន់ថា មិនមានសមត្ថកិច្ចណាមួយបង្ក្រាបនោះឡើយ និងបានធ្វើឲ្យបងប្អូនប្រជាពលរដ្ឋភ័យ ស្លន់ស្លោរត់ជាន់ជើងគ្នា ។

ស្នងការរងនគបាលខេត្តកំពង់ឆ្នាំងលោកឩត្តមសេនីយ៍ត្រី ប៉ុល វុទ្ធី បានឲ្យដឹង តាមរយះទូរសព្ទ័នៅវេលាម៉ោង១០ និង៥០នាទី ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ថា ក្រុមក្មេងទំនើងបង្កការអុកឡុកដេញកាប់ចាក់គ្នា ផ្អើលក្នុងវត្តត្រឡែងកែងនោះ សុទ្ធតែជាអ្នកមកពីខាងឧត្តុង្គ ខេត្តកំពង់ស្ពឺ មកលេងនៅទីនេះ ក្រោយពេលកើតហេតុ ពួកគេបាននាំគ្នាជិះម៉ូតូគេចចេញអស់ហើយ មកដល់ពេលនះ នៅមទាន់មានការឃាត់ខ្លួនបានម្នាក់ណានោះឡើយ ។

លោកបានបញ្ជាក់ថា ពេលនេះប៉ូលិសកំពុងស្រាវជ្រាវហើយ ៕ ចន្ថា


ចែករំលែក៖