ភ្នំពេញ ៖ រថយន្តសាំយ៉ុង ដែលដឹកបងប្អូនកម្មករ កម្មការិនី ពីខេត្តព្រៃវែងមកភ្នំពេញ បានធ្វើដំណើរក្នុងល្បឿនលឿនមិនប្រយ័ត្ន ជ្រុលឡើងលើសួនពុះចែកទ្រូងផ្លូវ ហើយបានបុកបង្គោលផ្លាកសញ្ញាចរាចរណ៍ បាក់អស់មួយដើម និងដើមឈើអស់ជាច្រើនដើមទៀត រងការខូចខាតយ៉ាងដំណំ រីឯរថយន្តបាក់កង់ខាងមុខទៅមុខលែងរួច តែមិនបណ្ដាលឲ្យមនុស្សណាម្នាក់រងរបួសនោះទេ ។
ហេតុការណ៍នេះ បានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវ៥០ម៉ែត្រ ឋិតនៅភូមិអង្លង់គង សង្កាក់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
តាមប្រភពពីកន្លែកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AQ-6302 ធ្វើដំណើរក្នុងទិសដៅពីត្បួងទៅជើងក្នុងល្បឿនយ៉ាងលឿន ស្រាប់មកដល់ចំណុចកើតហេតុ ដោយសារផ្លូវកោងបត់ចង្កូតមិនទាន់ ក៏ជ្រុលឡើងលើសួនពុះចែកទ្រូងផ្លូវ រួចទៅបុកបង្គោលផ្លាកសញ្ញាចរាចរណ៍បាក់អស់មួយដើម និងដើមឈើអស់ជាច្រើនដើមទៀត រីឯរថយន្តបាក់កង់ខាងមុខ ទៅមុខលែងរួច តែមិនបណ្ដាលឲ្យមនុស្សណាម្នាក់រងរបួសនោះទ ភ្លាមៗនោះដែរ តៃកុងរថយន្តបានបើកទ្វារហើយ ប្រាប់អ្នកជិះនៅលើរថយន្តថា ទៅហៅឡានស្ទួច តែទៅបាត់រហូត ។
បើតាមសម្ដីពីនារីម្នាក់ដែលជិះនៅក្នុងរថយន្តនោះបានប្រាប់ឲ្យដឹងថា រថយន្ដបង្កខាងលើបានដឹកកម្មករ កម្មការិនីពេញមួយរថយន្តចេញខេត្ដព្រៃវែង មកភ្នំពេញ ហើយក៏បានទម្លាក់ម៉ូយតាមផ្លូវអស់នៅសល់តែ៥ទៅ៦នាក់នៅលើរថយន្ដ ហើយពួកគាត់បាននាំគ្នាដេកលក់ទាំងគ្នា ដោយមិនដឹងថា រថយន្តខាងលើ បើកយ៉ាងម៉េចទេ (ដេកលក់) ក៏ដឹងខ្លួនឡើង ឃើញរថយន្តបែបនេះតែម្ដង។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះមកដល់ចំណុចកើតហេតុ និងបានឲ្យភាគីខាងរថយន្តដោះស្រាយ ជាមួយក្រុមហ៊ុនធ្វើផ្លូវដើម្បីបញ្ចប់រឿង ៕ ភារ៉ា ដង្កោ