ខេត្តសៀមរាប៖ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩ ពលរដ្នរិះគន់សមត្ថកិច្ចនគរបាលស្រុកសូទ្រនិគមថា ចាប់ជនសង្ស័យ៣នាក់ ត្រូវបញ្ជូនទៅតុលាការ ពាក់ព័ន្ធនឹងគ្រឿងញៀន ០,១ ក្រាមទាំងសំបក ព្រមទាំងឧបករណ៍ប្រើប្រាស់មួយចំនួន និងទូរស័ព្ទដៃ២គ្រឿង ចំណែកអ្នកពាក់ព័ន្ធនឹងថ្នាំញៀន រាប់សិបគីឡូក្រាម បែរជាអត់ហ៊ានបង្រ្កាបចាប់បញ្ជូនឡើយ ។
ការចាប់បញ្ជូននេះ ធ្វើឡើងកាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩ ស្ថិតនៅត្រង់ផ្លូវលំ ក្នុងភូមិ តាវៀន ឃុំបឹង និងភូមិសំរោងត្បូង ឃុំសំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាប ។ ជនសង្ស័យ ទី១ ឈ្មោះ ប្រម វីរះ ភេទប្រុស អាយុ ២៧ឆ្នាំរស់នៅភូមិ សំរោងត្បូង ឃុំសំរោង ។ ទី២ ឈ្មោះ ម៉ូវ អូក ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិតាយ៉ែក ឃុំតាយ៉ែក ។ទី៣ ឈ្មោះ ណៃ ណាត ហៅម៉ាប់ ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិតាយ៉ែក ឃុំតាយ៉ែក ទាំង៣នាក់មានសារធាតុញៀនក្នុងខ្លួន រស់នៅក្នុងស្រុកសូទ្រនិគម ទាំងអស់គ្នា។
លោក ទេព ចាន់ណា អធិការស្រុកសូទ្រនិគម បានផ្ដល់បទសម្ភាសនៅរសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩នេះថា ជនសង្ស័យត្រូវបានបញ្ជូនទៅតុលាការហើយ តាំងពីម្សិលមិញម្ល៉េះ បើចង់ដឹងសួរទៅតុលាការទៅ ៕ ប៊ុនរិទ្ធី