ព័ត៌មានទាន់ហេតុការណ៍៖

ភ្លៀងផ្គររន្ទះ និងខ្យល់កន្រ្តាក់ វាយប្រហារលំនៅឋានពលរដ្នចំនួន៦ឃុំ ក្នុងស្រុកជីក្រែង

ចែករំលែក៖

ខេត្តសៀមរាប៖ គ្រោះធម្មជាតិ វាយប្រហារលំនៅឋានពលរដ្ន កាលពីវេលាម៉ោងប្រហែល១៥ ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩ គ្របដណ្តប់មកលើឃុំចំនួន៦ ក្នុងចំ ណោមឃុំទាំង១១របស់ស្រុកជីក្រែងខេត្តសៀមរាប ។

ឃុំទាំង៦ដែលទទួលរងសម្ពាធភ្លៀងកក់ខែមានដូចជាៈ ១.ឃុំអន្លង់សំណរ ទទួលរងទឹកភ្លៀងមធ្យម ។ ២.ឃុំខ្វាវ ធ្លាក់ភ្លៀងដោយកន្លែង ព្រមបានទទួលរងនូវសម្ភាធខ្យល់កន្រ្តាក់ ។ ៣.ឃុំពង្រលើ ធ្លាក់ភ្លៀងដោយកន្លែង ។ ៤.ឃុំគោកធ្លកក្រោម ភ្លៀងធ្លាក់ដោយកន្លែង ។ ៥.ឃុំសង្វើយ ភ្លៀងធ្លាក់ដោយកន្លែង ។ ៦.ឃុំជីក្រែង ភ្លៀងធ្លាក់ខ្លាំង ។ រីឯឃុំចំនួន៥ផ្សេងទៀតមិនទទួលរងទឹកភ្លៀងទេ ។

ស្ថានភាពខ្យល់កន្រ្តាក់ធ្វើឲ្យប៉ះពាល់ផ្ទះប្រជាពលរដ្ឋនៅភូមិចុងស្ពាន ឃុំខ្វាវដោយមានការខូចខាតផ្ទះចំនួន ៧ខ្នង របើកសំយ៉ាបផ្ទះចំនួន ៣ខ្នង របើកដំបូល ៣ខ្នង និងរបើកជញ្ជាំងផ្ទះចំនួន១ខ្នងក្នុង១ខ្នងៗ បើគិតជាភាគរយខូចខាតប្រហែល៧០ទៅ៨០% ប៉ុន្តែពុំបណ្តាលឲ្យប៉ះពាល់ដល់អាយុជីវិតមនុស្ស ឬសត្វនោះទេ ។

លោកពៅ ប៊ុនធឿន អភិបាលនៃគណៈភិបាលស្រុក និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក បានឲ្យដឹងថានេះជាព័ត៌មានបឋម ។ លោកបន្តថា ក្រុមការងារកំពុងបន្តចុះពិនិត្យស្រាវជ្រាវបន្ថែមទៀត ដើម្បីបានព័ត៌មានគ្រប់ជ្រុងជ្រោយ សម្រាប់រាយការណ៍ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តក្នុងការរៀបចំអំណោយសង្គ្រោះបន្ទាន់ជូនដល់ប្រជាពលរដ្ឋរងគ្រោះ ។

គួររំឭកជូនថា កាលពីល្ងាចថ្ងៃទី១៧ ខែមេសា ក៏មានករណីដូចគ្នានេះដែរ ធ្វើឲ្យរងការប៉ះពាល់សង្កាត់នគរធំ ស្រុកសៀមរាប ឃុំព្រះដាក់ស្រុកបន្ទាយ ស្រី និងឃុំដូនកែវ ,ឃុំរើល ស្រុកពួក ខេត្តសៀមរាប ដែលបង្កឲ្យខូចខាតផ្ទះសម្បែងប្រជាពលរដ្ឋដល់ទៅចំនួន៣២ខ្នង សាលារៀនមួយខ្នង និងតូបលក់ដូរមួយចំនួនទៀត ៕ ប៊ុនរិទ្ធី


ចែករំលែក៖