ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩ សមត្ថកិច្ចបានរាយការណ៍មកថា មានករណី ជនបង្កជាប្ដី បន្ទាប់ពីផឹកស៊ីស្រវឹង ទាញកាំបិតកាប់លើប្រពន្ធខ្លួនឯងចំកណ្ដាលមុខ ជាច្រើនកាំបិត បណ្ដាលឲ្យរងរបួសជាទម្ងន់ រហូតហូរឈាមស្លាប់យ៉ាងអាណោចអាធ័ម ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង២២និង៣០នាទី ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩ ស្ថិតនៅភូមិតាគង់ សង្កាតសំបួរ ក្រុងសៀមរាប ខេត្តសៀមរាប ។
សមត្ថកិច្ចបានឲ្យដឹងថា អំពើហិង្សានេះ បង្កឡើងដោយជនសង្ស័យជាប្ដីចុង ឈ្មោះ ខាត់ ហឿត អាយុ ៤៥ឆ្នាំ បានយកកាំបិតកាប់លើប្រពន្ធ ចំលើមុខ និងដៃ ជាច្រើនកាំបិត ។ ជនរងគ្រោះជាប្រពន្ធ ឈ្មោះ សឿម ចេត អាយុ៣៥ឆ្នាំ ទាំង២នាក់រស់នៅភូមិខ្នារ សង្កាត់ក្របីរៀល ក្រុងសៀមរាប ។
សមត្ថកិច្ចបន្ដថា បន្ទាប់ពីជនសង្ស័យ កាប់ប្រពន្ធរួចហើយ បានយកក្រមា មកចង់កសម្លាប់ខ្លួនទៅនឹងរ៉ូតផ្ទះជាក្រោយ សមត្ថកិច្ចសន្និដ្ឋានថា ដោយសារតែស្រវឹងស្រា ទើបផ្ទុះអំពើហិង្សា រហូតឈានដល់ការកាប់សម្លាប់បែបនេះ ៕ ប៊ុនរិទ្ធី