ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកុងតឺន័របុកម៉ូតូអូសច្រើនម៉ែត្របណ្តាលឲ្យយុវជនម្នាក់ស្លាប់នៅកន្លែងកើតហេតុ

ចែករំលែក៖

ភ្នំពេញ​៖​ យុវជនម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុយ៉ាងអាណោចអាធម័ ក្នុងថ្លុកឈាមខណៈកំពុងជិះម៉ូតូ ត្រូវរថយន្តកុងតឺន័របើកបុកអូសជាច្រើនម៉ែត្រ​ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩ និង៣០នាទីយប់ ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩​ នៅចំណុចមុខក្រុមហ៊ុនក្រេនស្ទារ​ តាមបណ្តោយផ្លូវវិមានឈ្មះឈ្មះ​ ស្ថិតក្នុងសង្កាត់ត្រពាំងក្រសាំង​ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

សពជនរងគ្រោះមានឈ្មោះ ល័ក្ខ ភេទប្រុស អាយុហែល២៦ឆ្នាំ មុខរបបកម្មករសិប្បកម្មឈើ មានស្រុកកំណើតនៅភូមិ៣២ ឃុំបុលខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម ។ ព្រមមានប្រពន្ធ និងកូនស្រី២នាក់ ក្នុងបន្ទុកផងដែរ ។

តាមសាក្សីនៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា​ មុនពេលកើតហេតុជនរងគ្រោះជិះម៉ូតូម៉ាកស្នាក់ពណ៌ខ្មៅ​ ពាក់ស្លាកលេខ ភ្នំពេញ AR 2216 ធ្វើដំណើរតាមបណ្តោយផ្លូវវិមានឈ្មះឈ្មះក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តកុងតឺន័រ មិនចាំស្លាកលេខធ្វើដំណើរមកពីក្រោយក្នុងល្បឿនលឿន ក៏ជ្រុលបុកអូសជាច្រើនម៉ែត្របណ្តាលឲ្យជនរងគ្រោះស្លាប់ភ្លាមៗ ក្នុងថ្លុកឈាមចំណែករថយន្តបើកចូលផែបាត់ ។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះមកដល់ចំណុចកើតហេតុទំនាក់ទំនងទៅក្រុមគ្រួសារមកទទួលសពទៅធ្វើបុណ្យតាមប្រពៃណី ចំណែករថយន្តបង្ករង់ចាំជំនាញសហការជាមួយភូមិសង្កាត់ចូលទៅឆែកឆេរ ៕ សុខាសែនជ័យ


ចែករំលែក៖