ភ្នំពេញ៖ ប្ដីវាយប្រពន្ធ បណ្ដាលឲ្យប្រពន្ធរងរបួសជាំពេញខ្លួន ក្រោយពេលចេញពីហូបការត្រឡប់ទៅផ្ទះវិញ បានពាក់កណ្តាលផ្លូវបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ។ ហេតុការណ៍នេះកើតឡើងកាលពីម៉ោងជាង១០ យប់ថ្ងែទី២០ ខែមេសា ឆ្នាំ២០១៩ នៅចំណុចភោជនីយដ្ឋាន (សេវេនប្រាយ២) ស្ថិតនៅសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ជនសង្ស័យដែលអំពើហិង្សាលើប្រពន្ធមាន ឈ្មោះ ទន់ ហួរ មុខរបរលក់ឡាន នៅម្ដុំវត្តភ្នំ មានកូន២នាក់៖ កូនទី១អាយុ៣ឆ្នាំ និងកូនទី២ អាយុមួយខួបជាង ។
តាមសម្ដីជនរងគ្រោះ (ប្រពន្ធ) បានឲ្យដឹងថា នៅល្ងាចថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩ គាត់ និងប្ដីបាននាំគ្នា ទៅញាំការនៅភោជនីយដ្ឋាន (សេវេនប្រាយ២) លុះជិតចប់កម្មវិធី ប្ដីគាត់បានហៅទៅផ្ទះ អំទ្បុងពេលធ្វើដំណើរតាមរថយន្ត មកដល់ពាក់កណ្ដាលផ្លូវ មិនដឹងជាមានរឿងអ្វី ស្រាប់តែប្ដីគាត់ បានវាយគាត់ (ប្រពន្ធ) ចំខ្នង និងក្បាល រួចចាប់ក្បាលបោកនឹងចង្កូតឡាន ហើយខាំដៃស្ដាំ ជាំទាំងដុំៗ បណ្ដាលឲ្យរងរបួស ។
បន្ទាប់ពីកើតហេតុភ្លាមៗនោះជនរងគ្រោះ បានចុះពីថយន្ត ទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍ទឹកល្អក់២ តែត្រូវប៉ូលិសប្រាប់ថា រស់នៅកន្លែណា ដាក់ពាក្យបណ្ដឹងទីនោះទៅ ទើបជនរងគ្រោះ បានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍ផ្សាថ្មីទី១ តែត្រូវសមត្ថកិច្ច ប្រាប់ឲ្យទៅដាក់ពាក្យបណ្ដឹងនៅកន្លែងកើតហេតុ ដោយរុញទៅរុញមក ។
ក្រោយកើតហេតុ ជនរងគ្រោះជាប្រពន្ធ បានទូរស័ព្ទទៅម្ដាយឲ្យយកកូនទាំង២ ចេញពីផ្ទះមកឲ្យគាត់ តែត្រូវប្ដីមកទាន់ទាញយកកូនដាក់ក្នុងឡាន រួចទាញដែកសោ ចាក់ចង្កូតឡាន ដេញវាយឪក្មេក និងម្ដាយក្មេករត់ចែកជើងគ្នា ហើយបើកឡានទៅបាត់ ៕ ជ្រោយពេជ្រ