ខេត្តបន្ទាយមានជ័យ៖ រថយន្តស៊េរីទំនើប១គ្រឿងម៉ាក VellFire ផលិតឆ្នាំ២០១៥ ចង្កូតឆ្វេង ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ ២AR-២៣៧៧ ជាប់អត្រាបង់ពន្ធខ្ពស់ត្រូវបានកម្លាំងសមត្ថកិច្ចគយអង្គភាពការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធប្រចាំតំបន់៥បានស្ទាក់ចាប់ និងឆែកឆេរត្រួតពិនិត្យរកឃើញជាប្រភេទរថយន្តល្មើសច្បាប់គ្មានបង្កាន់ដៃពន្ធគេចពន្ធខុសច្បាប់ ហើយរថយន្តនោះពាក់ស្លាកលេខក្លែងក្លាយដើម្បីបន្លំភ្នែកសមត្ថកិច្ចផងនោះទៀត ។
រថយន្តនោះបានរងការបង្រ្កាប កាលពីវេលាម៉ោង៥ និង៥៥នាទីនាល្ងាច ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩ នៅចំណុចកែងភ្លើងស្ដុបរវាងផ្លូវជាតិលេខ៦ នឹងផ្លូវជាតិលេខ៥៦A ក្នុងភូមិសាស្ត្រក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ខណៈដែលរថយន្តបានធ្វើដំណើរនៅលើផ្លូវជាតិលេខ៦ ។
សេចក្តីរាយការណ៍ពីសមត្ថកិច្ចគយឲ្យដឹងថាការចាប់បង្រ្កាបរថយន្តស៊េរីទំនើបគេចពន្ធខុសច្បាប់សមត្ថកិច្ចគយអនុវត្តវិធានការរឹតបន្តឹងចំពោះរថយន្តនាំចូលរត់ពន្ធខុសច្បាប់ពីសំណាក់ក្រុមខិលខូចដែលនាំឲ្យខាតបង់ចំណូលថវិការដ្ឋហើយយកមកប្រើប្រាស់ប្រើក្នុងរូបភាពពាក់ស្លាកលេខក្លែងបន្លំដើម្បីបំភ័ន្តភ្នែកសមត្ថកិច្ច ។
ការបង្រ្កាបអនុវត្តតាម បទបញ្ជារបស់លោក កើត សុទ្ធារ៉ា ប្រធាននាយកដ្ឋានបង្ការ និងបង្ក្រាបបទល្មើស នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដឹកនាំការបង្រ្កាបផ្ទាល់ពីលោក ឈូន សោភា ប្រធានការិយាស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់ប្រាំ និងលោក អាត អឿន អនុប្រធានការិយាល័យដឹកនាំកម្លាំងគយចលត័មួយក្រុមដោយសហការជាមួយសមត្ថកិច្ចអាវុធហត្ថលើផ្ទៃប្រទេស និងនគបាលខេត្តបន្ទាយមានជ័យ ។
សេចក្តីរាយការណ៍ពីសមត្ថកិច្ចគយឲ្យដឹងទៀតថារថយន្តនោះជារបស់ឈ្មោះ ឡាយ ប៉េងអាន ភេទប្រុស ៣១ឆ្នាំ ប្រកបមុខរបរអ្នកជំនួញ មានស្រុកកំណើតនៅភូមិអូរតាគាំ២ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង បច្ចុប្បន្នរស់នៅក្រុងប៉ោយប៉ែត ។ រថយន្តស៊េរីទំនើបល្មើសច្បាប់ និងខាងលើរួម និងម្ចាស់រថយន្តត្រូវបានសមត្ថកិច្ចគយចលត័តំបន់៥បាននាំយកមកកាន់ទីស្នាក់ការឈរជើងបណ្ដោះអាសន្នការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥នៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យដើម្បីកសាងកំណត់ហេតុល្មើសច្បាប់គយ និងចាត់ការតាមនីតិវិធីច្បាប់ជាធរមាន ។
ជុំវិញនៃការបង្រ្កាបរថយន្តគេចពន្ធខុសច្បាប់ បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចគយចល័តប្រចាំតំបន់៥ ឲ្យដឹងថា សមត្ថកិច្ចគយនៅតែបន្តស្រាវជ្រាវស្វែងរកបង្រ្កាបរថយន្តល្មើសច្បាប់ រត់ពន្ធខុសច្បាប់ថែមទៀត ដោយអនុវត្តយ៉ាងតឹងរឹងបំផុតក្នុងវិធានការប្រមូលថវិកាចូលរដ្ឋ ៕ សំ វិច្ឆិកា