ខេត្តសៀមរាប៖ នៅវេលាម៉ោង១៦ និង៣០នាទី ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវវង់ធំ មិនឆ្ងាយពីស្ពានក្រាំងក្រូច នៅក្នុងតំបន់អង្គរ ស្ថិតនៅភូមិព្រះដាក់ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី នៅខាងជើងប្រាសាទមេបុណ្យ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង ដែលបង្កឡើងដោយរថយន្ត កូរ៉ូឡា ផលិតនៅ ឆ្នាំ២០០២ ដោយបើកបរមិនមានការប្រុងប្រយ័ត្ន បានទៅបុកស្លាកដាំកូន ឈើអនុស្សាវរីយ៍ ហើយបានក្រឡាប់ជាច្រើនជុំ ទៅប៉ះជៀបជាប់នឹងដើមចំបក់ បណ្តាលឲ្យស្លាប់មនុស្សម្នាក់គាបជាប់ នៅនឹងរថយន្តផ្នែកខាងមុខ និងរបួសធ្ងន់៤នាក់ ត្រូវបានដឹកបញ្ជូនយកទៅសង្រ្គោះនៅមន្ទីរពេទ្យខេត្ត ។
តាមសាកី្សដែលលោកជាកងកម្លាំងនគរបាលការពារបេតិកភណ្ឌ ដែលបានអង្គុយយាមប្រចាំការនៅទីកន្លែងកើត ហេតុនេះ បានឲ្យដឹងថា លោកបានឃើញរថយន្តតូចទេសចរណ៍ បានបើកបរ យ៉ាងលឿន មកពីទិសខាងជើង ក៏មកដល់កន្លែងផ្លូវកោងបានជាន់ប្រាំងយ៉ាងខ្លាំង ធ្វើឲ្យរថយន្តរេពេញផ្លូវ ហើយបានជ្រុល ទៅបុកបង្គោលសញ្ញាចរាចរណ៍ រួចបានទៅបុកស្លាកដាំកូនឈើអនុស្សាវរីយ៍មិត្តភាព ហើយបានក្រឡាប់ជាច្រើនជុំ រួចបានបោកទៅគាបជាប់នឹងដើមចំបក់ នៅជាប់ចិញ្ចើមផ្លូវ ចំណែករថយន្តមើលលែងយល់ បានបាក់បែកជាចំណែក ហើយ បណ្តាលឲ្យមានស្លាប់មនុស្សម្នាក់ របួសធ្ងន់៤នាក់ ។
លោកបានបញ្ជាក់ថា ក្រោយកើតនូវហេតុការណ៍ដូច្នេះភ្លាម លោកបានទំនាក់ទំនងទៅអង្គភាពខ្លួន ផ្នែកសមត្ថកិច្ច ដើមី្បមកជួយសង្រ្គោះអាយុជីវិតអ្នកដែលរងរបួស និង បានដឹកតាម រថយន្តទៅកាន់មន្ទីរពេទ្យខេត្តទៀតផង ។
តាមការបញ្ជាក់ពីប្រជាពលរដ្ឋដែលមកមើលហេតុការណ៍នេះបានឲ្យដឹងថា រថយន្តគ្រោះថ្នាក់ចរាចរណ៍នេះ គឺជា របស់ឈ្មោះ សុខ រុំ ជាស្មៀនឃុំព្រះដាក់ ដែលជាអ្នកបើកបរ ហើយជនរងគ្រោះស្លាប់នៅនឹងកន្លែងឈ្មោះ ដោ ដុំ ជាប្រជាពលរដ្ឋក្នុងភូមិព្រះដាក់នេះ ដោយពួកគេទាំងប្រាំនាក់ បាននាំគ្នាទៅរកត្រី នៅពេលត្រឡប់មកវិញ ទើបបណ្តាលឲ្យជួបគ្រោះថ្នាក់នេះតែម្តង ។
ក្នុងការចោមរោមមើលករណីគ្រោះថ្នាក់ចរាចរណ៍នេះដែរ ក៏មានបងប្អូនជាសាច់ឈាមនៃសពរងគ្រោះ បានយំ សោកសង្រែងធ្វើឲ្យដួលសន្លប់ ហើយត្រូវបានបងប្អូនញាតមិត្ត ដឹកយកទៅកាន់លំនៅឋានផងដែរ ។ ក្នុងនោះដែរ គេក៏សង្កេតឃើញមានកម្លាំងសមត្ថកិច្ចជំនាញចរាចរណ៍ បានចុះមកវាស់វែង ព្រមទាំងត្រួតពិនិត្យទីកន្លែងកើតហេតុ និង បានប្រគល់សាកសពដល់ក្រុមគ្រួសារយកទៅធ្វើបុណ្យ តាមប្រពៃណីសាសនា ៕ ប៊ុនរិទ្ធី