ខេត្តស្ទឹងត្រែង៖ បុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ មានភ្ញៀវជាតិ និងអន្តរជាតិ ជាពិសេសភ្ញៀវជាតិ អញ្ជើញមកពីបណ្តាខេត្តនានាជាច្រើន មកលេងកម្សាន្ត តាមតំបន់ទេសចរណ៍នានា ដោយមានការកើតឡើងនូវអេកូទេសចរណ៍ រម្មណីយដ្ឋានកម្សាន្តដែលកំពុងកើនឡើងជាច្រើនកន្លែង ដោយសារប្រទេសជាតិមានសុខសន្តិភាពល្អ និងមានការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័នរីកដុះដាលគ្រប់វិស័យ ។
មូលហេតុនេះហើយ ទើបធ្វើឲ្យបងប្អូនប្រជាពលរដ្ឋមានជីវភាពធូរធា និងគ្មានអំពើហិង្សា ព្រោះតែប្រទេសមាន លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ពេញលេញ ទើបធ្វើឲ្យបងប្អូនប្រជាពលរដ្ឋ មានការសប្បាយរីករាយ ក្នុងថ្ងៃចូលឆ្នាំខ្មែរប្រពៃណីជាតិ ក្នុងរយះពេល៣ថ្ងៃ កន្លែងខ្លះមានរហូតដល់ទៅ៦ថ្ងៃផងក៏មានដែរ ទៅតាមតំបន់ឃុំ ស្រុក នៃខេត្តនីមួយៗ ដែលបងប្អូនប្រជាពលរដ្ឋ តែងតែ ប្រារព្ធធ្វើឡើងនៅក្នុងថ្ងៃទី១៤ ខែមេសា ហើយខែខ្មែរ ក្នុងខែចេត្រ ជារៀងរាល់ឆ្នាំ ពុំដែលខានម្តងណាឡើយ។
ដោយមានសម្តេច អគ្គមហាសេនា បតីតេជោ ហ៊ុន សែន ជាប្រមុខ រាជរដ្ឋាភិបាល ដឹកនាំប្រទេស ប្រកបដោយ ព្រហ្មវិហាធម៌ ដ៏វៃឆ្លាត ទើបមានសុខសន្តិភាពរហូតមកដល់សព្វថ្ងៃនេះ ។
លោក លិន ដួង មន្ត្រីនគរបាលប៉ុស្តិ៍ ឃុំព្រះរំគិលបានផ្តល់បទសម្ភាសន៍ ដល់អ្នកសារព័ត៌មានថាៈ ឆ្នាំនេះខុសពីឆ្នាំមុន ព្រោះឆ្នាំនេះ មានភ្ញៀវជាច្រើន គួរឲ្យកត់សម្គាល់ គ្រប់តំបន់ក្នុងខេត្តស្ទឹងត្រែងនេះ ព្រោះមានភ្ញៀវ មកលេង ទស្សនា កម្សាន្ត យ៉ាងគំហុក នូវអេកូទេសចរណ៍អន្លង់ផ្សោតជាច្រើន ជាង៦០% ទៅ៧០% ខុសពីឆ្នាំមុនៗ ដោយមានការដាក់តាំងលក់នូវផលលិតផល អនុស្សាវរីយ៍ របស់បងប្អូនអ្នកភូមិ រួមនឹងលក់គ្រឿងទេស មានតម្លៃសមរម្យ ដល់ភ្ញៀវមកកម្សាន្ត មានទាំងកាក្យូសតូចល្មមសម្រាប់ជួលអង្គុយលេង ឬញាំអាហារផងដែរ ដោយមានចាក់ធុងបាស់រាំលេងយ៉ាងសប្បាយ ។
លោកបន្តទៀតថា ដោយសារប្រទេសមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដ៏វៃឆ្លាត ទើបធ្វើឲ្យប្រទេសមានសុខសន្តិភាពពេញលេញ មានការអភិវឌ្ឍគ្រប់វិស័យ ទើបធ្វើឲ្យបងប្អូនមានជីវភាពធូរធា មានសេរីភាពក្នុងការដើរហើរ ដោយសេរី គ្រប់ទីកន្លែង ហើយក៏គ្មានអំពើហិង្សាកើតឡើងដែរ នៅក្នុងរដូវបុណ្យចូលឆ្នាំខ្មែរនេះ។
លោកបញ្ជាក់ទៀតថា តាមទំលាប់បុណ្យចូលឆ្នាំនេះ មានតែ៣ថ្ងៃទេ តែដោយឡែក កន្លែងតំបន់អេកូទេសចរណ៍អន្លង់ផ្សោតនេះ បន្តទៅដល់៣ថ្ងៃបន្ថែមទៀត គឺចាប់ពីថ្ងៃទី១៤ ខែមេសា រហូតដល់ថ្ងៃទី១៩ ខែមេសា ទើបបញ្ចប់កម្មវិធីបុណ្យចូលឆ្នាំ ប្រពៃណីខ្មែរ ។
លោកបន្តថា តំបន់នេះ ទោះបីផុតចូលឆ្នាំហើយក៏ដោយ ក៏នៅតែមានភ្ញៀវជាតិ និងអន្តរជាតិមកកម្សាន្តធម្មតាដដែល គ្រាន់តែថយចុះ ខុសពីរដូវបុណ្យទានផ្សេងៗ ជាពិសេស ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ មានមនុស្សមកច្រើន ។
លោកសារ៉ន យ៉ី អ្នករត់ទូកអេវដឹកភ្ញៀវ មកកម្សាន្តនៅតំបន់អេកូទេសចរណ៍ ខាងលើបានឲ្យដឹងថាៈ លោកអាចរកចំណូលក្នុងមួយថ្ងៃ ពី២០ម៉ឺនរៀល ទៅ៣០ម៉ឺនរៀល ពេលខ្លះអាចលើសហ្នឹង ក្នុងពេលបុណ្យចូលឆ្នាំខ្មែរនេះ ខុសពីពេលចូលឆ្នាំមុនៗ លោកក៏អាចរកចំណូលបានដែរ តែមិនសូវបានរាល់ថ្ងៃនោះទេ ព្រោះទូករបស់គាត់ មានចំណុះ ១៥នាក់ តែមានសេវាកម្មរហ័សទាន់ចិត្ត ធានាសុវត្ថិភាពដល់ភ្ញៀវផងដែរ រីឯតម្លៃសមរម្យ គិតក្រោម១០នាក់ចុះ ក្នុងម្នាក់ៗ ១ម៉ឺនរៀល សម្រាប់ទៅ មក គិតពីឃុំអូរស្វាយទៅដល់ វ៉ើនញ៉ាង កន្លែងអេកូទេសចរណ៍ បើលើស១០នាក់ឡើង១០ម៉ឺនរៀល ឬ៨ម៉ឺនរៀលតែប៉ុណ្ណោះ ព្រោះឆ្នាំនេះ មានភ្ញៀវមកលេងកម្សាន្តច្រើនជាងរាល់ឆ្នាំ ៕ មាស សុផាត