ប៉ោយប៉ែត៖ នៅព្រឹកថ្ងៃចន្ទ ៣រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីចាក់បេតុងតភ្ជាប់មុខតំណស្ពាន មិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់-បានណងអៀន)។
ស្ពានមិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់-បានណងអៀន)គឺបានសាងសង់ឡើងដោយកងវិស្វកម្មនៃកងទ័ពភូមិន្ទនៃព្រះរាជាណាចក្រថៃ ហើយសិក្សា និងត្រួតពិនិត្យបច្ចេកទេសដោយនាយកដ្ឋានហាយវ៉េ (DOH) របស់ក្រសួងដឹកជញ្ជូនថៃ ក្រោមជំនួយឥតសំណងពីរាជរដ្ឋាភិបាលថៃប្រមាណ ៦៧០លានបាត (ស្មើនឹងប្រមាណជាង ១៩លានដុល្លារអាមេរិក)។ ក្រៅពីជំនួយ ឥតសំណងពីរាជរដ្ឋាភិបាលថៃលើគម្រោងសាងសង់ស្ពានខាងលើ រាជរដ្ឋាភិបាលកម្ពុជា បានចូលរួមថវិកាបដិភាគសម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតមីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ។
ថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន សប្បាយរីករាយក្រៃលែងដែលបានអញ្ជើញជាអធិបតីក្នុងពិធីជាប្រវត្តិសាស្ត្រនាពេលនេះ។ ទន្ទឹមនឹងនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ការសាងសង់ស្ពាននេះ គឺជាការបើកឡើងនូវទំព័រប្រវត្តិសាស្ត្រថ្មីមួយរវាងប្រទេសយើងទាំងពីរសំដៅធ្វើឱ្យប្រសើរឡើងនូវការធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែនរវាងកម្ពុជា-ថៃ ហើយដែលយើងប្រសិទ្ធនាមឈ្មោះស្ពាននេះថា៖ ជា ”ស្ពានមិត្តភាព កម្ពុជា-ថៃ (ស្ទឹងបត់-បានណងអៀន)“។
គម្រោងសាងសង់ស្ពាននេះត្រូវបាន រាជរដ្ឋាភិបាលប្រទេសទាំងពីរបានផ្តួចផ្តើមគំនិតរៀបចំតាំងពីឆ្នាំ២០០៧មកម្ល៉េះ ដោយភ្ជាប់ជាមួយគម្រោងបើកច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់-បានណងអៀន។ ទោះបីយើងប្រើរយៈពេលយូរក្នុងការរៀបចំគម្រោង តែពេលនេះសុបិន្តបានក្លាយជាការពិត វាជាលទ្ធផលដ៏វិជ្ជមាននៃកិច្ចសហប្រតិបត្តិការដ៏ស្អិតរមួតរវាងប្រទេសយើងទាំងពីរ។ ស្ពាននេះគឺអាច និយាយបានថាជាស្ពានភ្ជាប់និស្ស័យរវាងប្រជាពលខេត្តបន្ទាយមានជ័យ និងប្រជាពលរដ្ឋខេត្តស្រះកែវ។ បើនិយាយជារួម ស្ពាននេះគឺភ្ជាប់និស្ស័យរវាងប្រជាពលរដ្ឋកម្ពុជា និងប្រជាពលរដ្ឋថៃទាំងមូល ដែលត្រូវបានកត់ត្រាក្នុងប្រវត្តិសាស្រ្តនៃប្រទេសយើងទាំងពីរ ។
ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋកម្ពុជា សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណ តាមរយៈ ឯកឧត្តម ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីថៃ ជូនចំពោះរដ្ឋាភិបាល និងប្រជាជនថៃ ដែលជានិច្ចជាកាលតែងតែជួយឧបត្ថម្ភរួមចំណែកក្នុងការកសាង និងស្តារហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ក្នុងនាម ជាប្រទេសក្នុងសហគមន៍អាស៊ាន និងជាប្រទេសជិតខាងគ្នា ។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ស្ពាននេះមិនត្រឹមតែផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋកម្ពុជា និងប្រជាពលរដ្ឋថៃប៉ុណ្ណោះទេ តែថែមទាំងផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងប្រទេសនៃមហាអនុតំបន់មេគង្គទៀតផង។ ជាងនេះទៀត ស្ពាននេះ នឹងសម្រួលដល់ការតភ្ជាប់ទីក្រុងបាងកក រាជធានីភ្នំពេញ និងទីក្រុងហូជីមិញ ក្នុងគោលដៅពាណិជ្ជកម្ម ទេសចរណ៍ និងកិច្ចសហប្រតិបត្តិការដឹកជញ្ជូន ស្របតាមការគិតគូរបស់សហគមន៍អាស៊ាន និងប្រទេសក្នុងមហាអនុតំបន់មេគង្គដែលបានកំណត់ផ្លូវពីបាងកក-ប៉ោយប៉ែត-ភ្នំពេញ-ហូជីមិញជាផ្លូវអាស៊ានហាយវ៉េលេខ១ និងជាផ្លូវរបៀងសេដ្ឋកិច្ចខាងត្បូង ដើម្បីឱ្យការដឹកជញ្ជូនទំនិញចេញ-ចូលមានភាពងាយស្រួល។ ស្ពាននេះ នឹងទុកសម្រាប់តែការដឹកទំនិញចេញចូល រីឯច្រកព្រំដែនប៉ោយប៉ែត-អរញ្ញប្រាថេត ទុកសម្រាប់តែភ្ញៀវទេសចរណ៍ឆ្លងកាត់ប៉ុណ្ណោះ ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងកោតសរសើរ ចំពោះនាយកដ្ឋានផ្លូវហាយវ៉េ ក្រសួងដឹកជញ្ជូនថៃ (DOH) ដែលបានជួយសិក្សា និងត្រួតពិនិត្យបច្ចេកទេស សាងសង់ និងសូមថ្លែងអំណរគុណដល់កងវិស្វកម្មនៃកងទ័ពភូមិន្ទថៃ ដែលបានសាងសង់ស្ពាននេះឡើង និងសូមថ្លែងអំណរគុណដល់ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដី ដែលបានខិតខំ និងផ្តល់កិច្ចសហការល្អ ក្នុងការជំរុញអនុវត្តគម្រោងនេះរហូតបានទទួលជោគជ័យ។
បន្ទាប់មក សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ បានអញ្ជើញចាក់បេតុងតតំណស្ពានមិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់-បានណងអៀន)និងដាក់ឲ្យប្រើប្រាស់ចាប់ពីពេលនេះតទៅ៕