ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋចំនួន៥៧គ្រួសារ ស្នើសុំអាជ្ញាធរគ្រប់លំដាប់ថ្នាក់ឲ្យជួសជុលផ្លូវលំ១ខ្សែ ប្រវែង៦គីឡូម៉ែត្រ

ចែករំលែក៖

ខេត្តប៉ៃលិន ៖ ពលរដ្ឋចំនួន៥៧គ្រួសារ ដោយសារពួកគាត់មានភាពលំបាកធ្វើដំណើរចេញចូលទៅមកក្នុងភូមិមួយ ទៅភូមិមួយ ព្រោះតែផ្លូវលំនេះពិបាកដើរ ទើបរហូតមកដល់វេលាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩ ប្រជាពលរដ្ឋប្រមាណ៥៧គ្រួសារ រស់នៅចំណុចអូរស្លេវ ក្នុងភូមិភ្នំដំបង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន បានស្នើសុំឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ធ្វើផ្លូវ១ខ្សែ ដែលមានប្រវែងប្រមាណ៦គីឡូម៉ែត្រ ជូនពួកគាត់ប្រើប្រាស់ ដើម្បីងាយស្រួលដឹកកសិផលទៅលក់ដូរទាន់ពេលវេលាផងដែរ ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋរស់នៅត្រង់ចំណុចខាងលើ បានឲ្យដឹងថា ជារៀងរាល់ថ្ងៃ ពួកគាត់ មានការលំបាកខ្លាំង ក្នុងការធ្វើដំណើរពីផ្ទះរបស់ខ្លួនត្រង់ចំណុចខាងលើ ឆ្ពោះទៅភូមិភ្នំដំបង ដោយមានចំងាយប្រមាន៦គីឡូម៉ែត្រ ជាពិសេសពេលមានភ្លៀងធ្លាក់ជោគជាំម្តងៗ លំបាកជិះម៉ូតូទៅក្រុងប៉ៃ លិន ឬដឹកអ្នកជម្ងឺពេលយប់ព្រលប់ម្តងៗ ។ ប្រភពបន្តទៀតថា ពេលពួកគាត់ប្រមូលផលពោតក្រហម និងដំឡូងមី ដែលទទួលបានផលយកទៅលក់ ក៏មានការលំបាកដែរ ដោយជួនកាលការដឹកចេញមិនរួច ព្រោះផ្លូវមានការលំបាកខ្លាំងពេក ហើយក៏ទុករហូតដល់គេលែងទិញតែម្តង ។

បើតាមលោក ឡុង វុទ្ធី មេភូមិភ្នំដំបង បានឲ្យដឹងថា លោកនឹងខិតខំប្រឹងប្រែងព្យាយាម ធ្វើការ ដោះស្រាយជូនប្រជាពលរដ្ឋ ដោយធ្វើសំណើទៅសង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន រហូតដល់សាលាខេត្ត ប៉ៃលិន ព្រមទាំងបន្តឡើងទៅដល់ខាងក្រសួងបរិស្ថានផងដែរ ព្រោះអីដីតំបន់ខាងលើ ស្ថិតនៅក្នុងដែន អភិរក្សសត្វព្រៃ បើសិនជាការឈូសឆាយធ្វើផ្លូវដោយអត់មានច្បាប់ទម្លាប់ត្រឹមត្រូវទេ អាចនឹងមានការ ហាមឃាត់ជាក់ជាមិនខាន ។ ដូច្នេះ សូមឲ្យប្រជាពលរដ្ឋទាំងអស់ ទ្រាំរង់ចាំមួយរយ:ពេលខ្លីសិន ព្រោះ ខាងលោកកំពុងតែដុតដៃដុតជើង ដើម្បីសុំច្បាប់ រួចនាំគ្រឿងចក្រមកឈូសឆាយធ្វើផ្លូវឲ្យប្រជាពលរដ្ឋ ងាយស្រួលក្នុងការធ្វើដំណើរចេញចូលទៅមកក្នុងក្រុងប៉ៃលិនទាន់ពេលវេលា មិនមានការលំបាកដូច សព្វថ្ងៃនេះទេ ។

លោក សួន អ៊ន់ ចៅសង្កាត់អូរតាវ៉ៅ បានឲ្យដឹងថា សូមឲ្យប្រជាពលរដ្ឋទាំងអស់ដែលស្នាក់នៅ ក្នុងតំបន់អូរស្លេវ ដែលជាប់នឹងដែនអភិរក្សមានការទ្រាំទ្របន្តិចសិន មិនត្រូវធ្វើសកម្មភាពណាមួយ ដែលផ្ទុយនឹងច្បាប់នោះឡើយ ជាពិសេសការធ្វើផ្លូវមួយៗ ត្រូវមានសំណើរសុំត្រឹមត្រូវច្បាស់លាស់ ។ លោកបន្តទៀតថា ចំពោះការរស់នៅក្នុងដែនតំបន់អភិរក្សសត្វព្រៃ និងព្រៃឈើ មិនត្រូវឲ្យប្រជាពលរដ្ឋ លួចកាប់ទន្ទ្រានព្រៃឈើបន្តទៅទៀតនោះឡើយ ដោយអាចអាស្រ័យផលលើដីដែលខ្លួនធ្លាប់ធ្វើកាលពី មុនកន្លងមកប៉ុណ្ណោះ ។

លោក ស៊ុន យី អភិបាលក្រុងប៉ៃលិន បានមានប្រសាសន៍លើកឡើងថា ការធ្វើផ្លូវចេញពីតំបន់ អភិរក្សសត្វព្រៃ និងព្រៃឈើ ឆ្ពោះទៅកាន់ក្រុងប៉ៃលិន ពិតជាមានការលំបាកបន្តិច ព្រោះជាប់ពាក់ព័ន្ធនឹ ងដែនដីខេត្តបាត់ដំបង ។ ប៉ុន្តែ ទោះបីជាយ៉ាងណាក្តី ខាងរដ្ឋបាលក្រុងប៉ៃលិន នឹងខិតខំព្យាយាមធ្វើយ៉ា ងណា ដើម្បីដើរស្រង់ខ្នងផ្ទះប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅត្រង់ចំណុចខាងលើ រួចស្នើសុំទៅថ្នាក់ លើ ដើម្បីរៀបចំឈូសឆាយធ្វើផ្លូវជូនពួកគាត់ បើសិនជាថ្នាក់លើយល់ព្រម ។

ពាក់ព័ន្ធនឹងបញ្ហានេះ លោក គឹម សុខា ប្រធានមន្ទីរបរិស្ថានខេត្តប៉ៃលិន បានឲ្យដឹងដែរថា ការ ធ្វើផ្លូវចេញពីដែនដីតំបន់អភិរក្ស មិនមែនជាការងាយស្រួលនោះទេ ទាល់តែប្រជាពលរដ្ឋទាំងអស់នោះ ពិតជាអ្នករស់នៅក្នុងតំបន់នោះប្រាកដមែន ហើយថែមទាំងមានផ្ទះស្នាក់នៅផ្ទាល់ខ្លួន ។ លោកបន្តទៀតថា កាលពីប៉ុន្មានឆ្នាំកន្លងមក អាជ្ញាធរភូមិ និងសង្កាត់ធ្លាប់យកគ្រឿងចក្រទៅឈូសឆាយធ្វើផ្លូវជូន ពួកគាត់ម្តងរួចទៅហើយ ប៉ុន្តែដោយអត់បានសុំច្បាប់ទៅដល់ថ្នាក់លើ ទើបខាងមន្រ្តីអភិរក្សខេត្តបាត់ដំប ងចុះឃាត់គ្រឿងចក្រអស់១គ្រឿង ។ ដូច្នេះ ការធ្វើផ្លូវលំ១ខ្សែនេះ ពិតជាមានការលំបាក ទាល់តែទទួល បានច្បាប់ពីថ្នាក់លើទើបខាងខេត្តអាចធ្វើកិច្ចការនេះបាន ។

សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩ មានកិច្ចប្រជុំមួយជាមួយប្រជាពលរដ្ឋ ក្នុងតំបន់ខាងលើ បន្ទាប់ពីពលរដ្ឋស្នើសុំយ៉ាងទទូចឲ្យអាជ្ញាធរធ្វើផ្លូវជូនពួកគាត់ ដោយមានស្ថាប័នពាក់ ព័ន្ធដូចជា ខាងនាយករងរដ្ឋបាលសាលាខេត្ត អភិបាល និងអភិបាលរងក្រុងប៉ៃលិន ប្រធានមន្ទីរបរិស្ថានខេត្តប៉ៃលិន មន្រ្តីបរិស្ថាន មន្រ្តីកងរាជអាវុធហត្ថក្រុងប៉ៃលិន នគរបាលអធិការក្រុងប៉ៃលិន នគរបាល ស្នងការខេត្តប៉ៃលិន មន្រ្តីបរិស្ថានខេត្តបាត់ដំបង មេភូមិភ្នំដំបង ចៅសង្កាត់អូរតាវ៉ៅ ប្រជាការពារភូមិ រួមជាមួយភ្នាក់ងារសារព័ត៌មានមួយចំនួនទៀត ៕ ស សារ៉េត


ចែករំលែក៖