ខេត្តបន្ទាយមានជ័យ៖ ស្រុក ក្រុងចំនួន៨ក្នុងខេត្តបន្ទាយមានជ័យបានរងគ្រោះធម្មជាតិខ្យល់កន្ត្រាក់លាយឡំនឹងភ្លៀងផ្គររន្ទះបណ្តាលឲ្យមនុស្សស្លាប់ និងរបួស៤នាក់ ក្នុងចំណោមជនរងគ្រោះទាំង៤នាក់ ស្លាប់ដោយរន្ទះបាញ់២នាក់ និងរងរបួសដោយផ្ទះរំលំ ត្រូវចំនួន២នាក់ ខូចខាតផ្ទះ២២១ខ្នង ខូចខាតរោងម៉ាស៊ីនកិនស្រូវ២ខ្នង, ឃ្លាំង១ខ្នង និងសាលាឆទាន១ខ្នង ក្នុងហេតុការណ៍ខ្យល់កន្រ្តាក់បក់បោកយ៉ាងខ្លាំងកើតឡើងកាលពីល្ងាចថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩ ។
បើយោងតាមរបាយការណ៍បឋមរបស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យឲ្យដឹងថា ស្រុក ក្រុង ទាំង៨ដែលរងគ្រោះដោយខ្យល់កន្រ្តាក់នោះរួមមានៈ១,ស្រុកអូរជ្រៅ ខូចខាតផ្ទះ២៣ខ្នងក្នុងនោះដួលរលំ៤ខ្នងរបើកដំបូល១៩ខ្នង រងបួសមនុស្ស១នាក់ និងរន្ទះបាញ់ស្លាប់២នាក់ខណៈជនរងគ្រោះជិះម៉ូតូឌុបគ្នាត្រឡប់ពីដាក់លូផ្លូវរបស់សហគមន៍ ក្នុងភូមិឈូក ឃុំចង្ហា ស្រុកអូរជ្រៅ ២,ស្រុកភ្នំស្រុក ខូចខាតផ្ទះ៥១ខ្នង ក្នុងនោះដួលរលំទាំងស្រុង១ខ្នង របើកដំបូលផ្ទះ៤៨ខ្នង សាលាឆទាន១ខ្នង រោងម៉ាស៊ីនកិនស្រូវ១ខ្នង ៣,ស្រុកព្រះនេត្រព្រះ ខូចខាតផ្ទះ៣៤ខ្នងក្នុងនោះដួលរលំ៥ខ្នង របើកដំបូល២៨ខ្នង និងរោងម៉ាស៊ីនកិនស្រូវ១ខ្នង ៤,ស្រុកមង្គលបូរី ខូចខាតផ្ទះ៤៥ខ្នង ក្នុងនោះដួលរលំ៣ខ្នង របើកដំបូល៤១ខ្នង និងខូចខាតឃ្លាំង១ខ្នង ៥,ស្រុកស្វាយចេក ខូចខាតផ្ទះ២០ខ្នង ក្នុងនោះដួលរលំ២ខ្នង របើកដំបូល១៨ខ្នង ៦,ស្រុកថ្មពួកខូចខាតផ្ទះ៤៣ខ្នង ក្នុងនោះដួលរលំ៦ខ្នងរបើកដំបូល៣៧ខ្នងរងរបួសមនុស្ស១នាក់ ៧,ក្រុងសិរីសោភ័ណ ខូចខាតផ្ទះ១ខ្នង របើកដំបូល និង៨,ក្រុងប៉ោយប៉ែត ខូចខាតផ្ទះ៤ខ្នងដួលរលំទាំងស្រុង ។
សូមរំលឹកថា ខេត្តបន្ទាយមានជ័យចាប់តាំងពីថ្ងៃចូលឆ្នាំប្រពៃណីខ្មែរនោះ មកត្រូវគេមើលឃើញថា បានរងគ្រោះដោយខ្យល់កន្រ្តាក់ជាបន្តបន្ទាប់ បណ្តាលឲ្យរងការខូចខាតផ្ទះប្រជាពលរដ្ឋរាប់រយខ្នង ខូចខាតសាលារៀន វត្តអារ៉ាមមួយចំនួន និងអាយុជីវិតប្រជាពលរដ្ឋផងដែរ ។ ក្រោយហេតុការណ៍ ខ្យល់កន្រ្តាក់ដែលបានកើតឡើងនោះ ហើយគេសង្កេតឃើញ អាជ្ញាធរដែនដី និងសមត្ថកិច្ចទាំង៣ប្រភេទ ក៏បានចេញជួយអន្តរាគមន៍ ដោះស្រាយការលំបាកជូនប្រជាពលរដ្ឋរងគ្រោះ ដោយជួយរុះរើ និងកសាងជួសជុលផ្ទះជូនដល់ពួកគាត់ និងមិនតែប៉ុណ្ណោះ ក៏មានការជួយឧត្តបត្ថម្ភស័ង្កសី និងសម្ភារៈមួយចំនួនផងដែរ ៕ សំ វិច្ឆិកា