ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ខឹងប្រពន្ធបើកម៉ូតូ បុកបារ៉ាស់ ដួលអូសជាច្រើនម៉ែត្ររបួសស្រាល ត្រូវសមត្ថកិច្ចនាំមកពិនិត្យជាតិអាកុល រកឃើញ០,៨៨ មិល្លីក្រាម

ចែករំលែក៖

ភ្នំពេញ៖ ដោយសារគ្រឿងស្រវឹង បានធ្វើឲ្យបុរសម្នាក់មានចិត្តក្លាហាន ខឹងប្រពន្ធខ្លួនបានបើកម៉ូតូយ៉ាងលឿន បំបុកបារ៉ាស់របស់កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ ជាតិអាកុល និងគ្រឿងញៀនឆ្លងកាត់ បណ្ដាលឲ្យដួលអូសជាច្រើនម៉ែត្រ របួសស្រាល ហើយត្រូវបានសមត្ថកិច្ចនាំខ្លួនមកពិនិត្យជាតិអាកុលរកឃើញថា មានជាតិស្រវឹង០,៨៨ មិល្លីក្រាមលើសច្បាប់ ដែលត្រូវផាកពិន័យ ។

មន្ត្រីអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោករបស់ខណ្ឌមានជ័យ បានឲ្យដឹងថា កម្លាំងចម្រុះគណៈ បញ្ជាការឯកភាពរដ្ឋបាលខណ្ឌមានជ័យ បានដាក់គោលដៅត្រួតពិនិត្យ អាវុធជាតិផ្ទុះ និងជាតិអាកុល និងពង្រឹងច្បាប់ចរាចរណ៍ ត្រង់ចំណុចទល់មុខ ក្លឹបកម្សាន្ត រ៉េន ផ្លូវជាតិលេខ២ ភូមិទួលរកា២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ចាប់ពីម៉ោង៩និង០០នាទីដល់ម៉ោង១១និង០០នាទីយប់ ថ្ងៃចន្ទ ៣រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ ។

មន្ត្រីអនុវត្តច្បាប់ចរាចរណ៍ដដែលបន្តថា ការងារនេះ ដឹកនាំដោយលោកវរសេនីយ៍ទោ ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ និងលោក វរសេនីយ៍ត្រី គឹម កល្យាណ អធិការរងខណ្ឌ និងលោកវរសេនីយ៍ត្រី គង់ សុវង្ស អធិការរងខណ្ឌ និងលោកវរសេនីយ៍ត្រី ណឹប វិបូ អធិការរងខណ្ឌទទួលផែនសណ្តាប់ធ្នាប់ចរាចរចណ៍ និងលោកអនុសេនីយ៍ឯកទឹម ស៊ី តំណាងអាវុធហត្ថខណ្ឌមានជ័យ និងលោក ឡេង ច័ន្ទសុភ័ត្រា ប្រធានសណ្ដាប់ធ្នាប់ខណ្ឌមានជ័យ និងលោក វុឌ្ឍផូសារវ័ន្ត នាយប៉ុស្តិ៍ចាក់អង្រែក្រោម ដោយប្រើប្រាស់កម្លាំងសរុបរួមចំនួន៦០នាក់ ប្រជាការពារខណ្ឌ-សង្កាត់ ៣០នាក់ កម្លាំងនគរបាលខណ្ឌ ២៤នាក់ និងកម្លាំងកងរាជអាវុធហត្ថខណ្ឌមានជ័យ ៦នាក់។

ជាលទ្ធផល រថយន្តគ្រប់ប្រភេទឆ្លងកាត់គោលដៅ ត្រួតពិនិត្យចំនួន៦៧គ្រឿងម៉ូតូគ្រប់ប្រភេទឆ្លងកាត់គោលដៅត្រួតពិនិត្យចំនួន១៩៧គ្រឿង អាវុធ និងគ្រឿងញៀន ឆ្លងកាត់ គោលដៅត្រួតពិនិត្យ (គ្មាន)។

ចំពោះលទ្ធផលត្រួតពិនិត្យជាតិអាកុល មានជាតិអាកុល ក្រោម០,២៥ មិល្លីក្រាម ក្នុង១លីត្រ ខ្យល់ មានចំនួន២នាក់ កម្រិតអប់រំរួចអនុញ្ញាតឲ្យបន្តដំណើរ។ ជាតិអាកុលចាប់ពី ០,២៥ មិល្លីក្រាមដល់០,៣៩ មិល្លីក្រាម ក្នុង១លីត្រខ្យល់(គ្មាន)។ ជាតិអាកុលចាប់ពី០,៤០ មិល្លីក្រាម ក្នុង១លីត្រខ្យល់ឡើងទៅមានចំនួន៣នាក់ (ម៉ូតូ៣គ្រឿង)ម៉ូតូមានកម្រិតជាតិអាកុល ០,៨៨ និង០,៧៨ និង០,៥២ មិល្លីក្រាម ឃាត់ម៉ូតូចំនួន៣គ្រឿង យករក្សាទុកនៅអធិការដ្ឋាន នគរបាលខណ្ឌមានជ័យ ដើម្បីផាកពិន័យតាមច្បាប់ ៕ ស រស្មី


ចែករំលែក៖