ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងទាហានជើងទឹកចិន រីកចម្រើនយ៉ាងខ្លាំង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ

ចែករំលែក៖

ចាប់តំាងពីឆ្នាំ១៩៩០ មកដល់ពេលនេះ ចិនបានអភិវឌ្ឍន៍ កម្លាំងទាហានជើងទឹក កាន់តែខ្លាំង ដោយបំពាក់អាវុធទំនើបៗ នាវាចម្បាំង បំបាំងកាយបំពាក់មីស៊ីល ។ អាចនិយាយបានថា បច្ចុប្បន្នចិនមានកម្លាំងទាហានជើងទឹកខ្លាំង លំដាប់ទីពីរ បន្ទាប់ពីអាមេរិក ។

ចិនមានកម្លាំងទាហានការពារដែនសមុទ្រ យ៉ាងរឹងមាំ ជាមួយនឹងនាវាទំនើបៗជាច្រើន ។ ចំណុចពិសេស របស់ ចិននាពេលនេះ គឺកម្លំាងទាហានជើងទឹក វាយឡើងគោក ដោយមានយន្តហោះចម្បាំង និងឧទ្ធម្ភាគចក្ររាប់រយគ្រឿង ។

នៅក្នុងពិធីសង្ហែក្បួនព្យុហយាត្រា គម្រប់ខួប ៧០ឆ្នាំថ្ងៃបង្កើនកងទ័ពជើងទឹកចិន បានបង្កឲ្យពិភពលោកភ្ញាក់ផ្អើល ជាមួយនឹងនាវាច្បាំងថ្មី ទំនើបជាងនាវាចម្បាំងអាមេរិកទៅទៀត ។

នៅក្នុងពិធីដង្ហែក្បួនព្យុហយាត្រា នាវាចម្បាំងទំនើបបំផុត របស់ចិន ដែលអាចបំបាំងកាយ មានចំណុះដល់ទៅ១ម៉ឺនតោន បានបង្ហាញវត្តមាននៅក្នុងពិធីនោះដែរ ។ នាវានោះបានបំពាក់ បំពង់បាញ់មីស៊ីល ត្រង់ដល់ទៅ១១២ដើម អាចបាញ់មីស៊ីលការពារដែនអាកាសប្រភេទ HHQ-9 មីស៊ីលប្រឆំាងនាវា YJ-18 និង មីស៊ីល វាយប្រហារនៅលើដីគោក CJ-10 ។ នាវាខាងលើបានប្រើប្រាស់ប្រព័ន្ធរ៉ាដា X-Band និង S-Band អាចចាប់បានវត្ថុបំបាំងកាយ ទៀតផង ។

នាវាខាងលើ មានសមត្ថភាពខ្ពស់ជាងនាវាមីស៊ីល Arleigh Burke របស់អាមេរិក ដែលមានតែបំពង់បាញ់មីស៊ីលត្រង់តែ៩៦ប៉ុណ្ណោះ ។ នាវា ចម្បាំង ប្រភេទ Type -055 ដែលបានបង្ហាញកន្លងមក ឲ្យឃើញថានាវានេះបានត្រៀមលក្ខរួចរាល់សម្រាប់ធ្វើសង្គ្រាម ។ ក្រៅពីនាវាចម្បាំងដ៏ទំនើប ខាងលើ ចិនក៏បានបង្ហាញនៅនាវាចម្បាំងទំនើបៗជាច្រើនក្នុងនោះមាននាវាមុជទឹក នាវាល្បឿនលឿនបំពាក់មីស៊ីល … ។

ក្រៅពីនេះចិនក៏បានបង្ហាញនាវាមីស៊ីល ល្បឿនលឿនប្រភេទ Type -22 ដែលមានចំនួនច្រើនបំផុតក្នុងជួរទាហានជើងទឹកចិន ។ បច្ចុប្បន្ន ចិនមាន នាវាល្បឿនលឿនដល់ទៅរាប់រយគ្រឿង ប្រភេទ Type 22 ដែលមានសមត្ថភាពខ្ពស់ក្នុងការវាយប្រហារមីស៊ីល ទៅលើទីតាំងរបស់សត្រូវ ។ នាវាប្រភេទនេះបានដាក់ឲ្យប្រើប្រាស់ដំបូង នៅខែមេសា ឆ្នាំ២០១៤ ហើយពេលនេះ បានអភិវឌ្ឍន៍ឈានដល់ការបំបាំងកាយទៀតផង ។ នាវាខាងលើមានតម្លៃ១៥លានដុល្លារក្នុងមួយគ្រឿង ។

នាវាខាងលើ មានចំណុះ២២០តោន មានប្រវែង៤២,៦ម៉ែត្រ ទទឹង១២,២ម៉ែត្រ ។ នាវានេះមានម៉ាស៊ីនពីរ ប្រើប្រាស់ថាមពល Diesel កម្លាំង៦៩០០សេស ដោយអាចធ្វើដំណើរក្នុងល្បឿនដល់ទៅ៦៧គីឡូម៉ែត្រ ក្នុងមួយម៉ោង ។ នាវានេះមាននាវឹក១២នាក់ ដោយអាចបំពាក់មីស៊ីលដល់ទៅ៨ដើម សម្រាប់វាយប្រហារប្រឆាំង និងនាវាចម្បាំងរបស់សត្រូវ ។ នៅខាងមុខនាវានៅមានកាំភ្លើង ស្វ័យប្រវត្តិ ប្រភេទ Ao-18 មាន៦កាណុង ទំហ៊ុំ៣០ មីល្លីម៉ែត្រ ។

នៅក្នុងឱកាសខួប៧០ឆ្នាំ ប្រធានាធិបតី ស៊ី ជីង ពីន បានជំរុញឲ្យកងកម្លាំងទាហានជើងទឹក នៅជុំវិញពិភពលោក រួបរួមសាមគ្គីគ្នា ឲ្យកាន់តែជិតស្និទ្ធបន្ថែមទៀត ។

ការថ្លែងដូច្នេះរបស់លោកប្រធានាធិបតីចិន បានធ្វើឡើង កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ នៅចំពោះមុខកងកម្លាំងទាហានជើងទឹក មកពីបណ្ដាប្រទេសជាច្រើនប្រទេស ដែលបានចូលរួម នៅក្នុងពិធីរំឭកខួប៧០ឆ្នាំ នៃថ្ងៃបង្កើតកងទ័ពជើងទឹករបស់កងកម្លាំងទាហានរំដោះប្រជាជនចិន ព្រមទាំងពិធីធ្វើព្យុហយាត្រាកម្លាំងទាហានជើងទឹក ដែលចិនគឺជាអ្នកដឹកនាំ ។

នៅក្នុងពិធីព្យុហយាត្រាកម្លាំងទាហានជើងទឹកនេះ ចិនបានដាក់បង្ហាញនូវនាវាផ្ទុកយន្តហោះ នាវាចម្បាំង និងនាវាមុជទឹកដ៏ទំនើបៗបំផុតរបស់ខ្លួន ខណៈដែលបណ្តាប្រទេសផ្សេងទៀត ក៏បានបញ្ជូននាវាចម្បាំងជាច្រើនគ្រឿងទៅចូលរួម នៅក្នុងពិធីនេះជាមួយចិនផងដែរ ។

សូមបញ្ជាក់ថា រដ្ឋាភិបាលទីក្រុងប៉េកាំង បានខិតខំអភិវឌ្ឍយ៉ាងខ្លាំងនូវកម្លាំងទាហានជើងទឹក ក្នុងនោះមានទាំងការបង្កើតដែនកោះសិប្បនិមិត្ត សម្រាប់កម្លាំងយោធារបស់ខ្លួនទៀត នៅលើដែនទឹកកំពុងមានជម្លោះ នាសមុទ្រចិនខាងត្បូង ។

នៅក្នុងដែនទឹកសមុទ្រចិនខាងត្បូងនោះ មានប្រជាជាតិជាច្រើនបានទាមទារចំណែកគ្រប់គ្រងធនធាននៅទីនោះ ពីមហាយក្សចិន ហើយជារឿយៗ ប្រទេសទាំងនោះតែងតែប្រឈមមុខយ៉ាងតានដឹងដាក់គ្នា មានដូចជា វៀតណាម, តៃវ៉ាន់, ម៉ាឡេស៊ី, ប៊្រុយណេ និងឥណ្ឌូនេស៊ី ផងដែរ ។ សមុទ្រចិនខាងត្បូងនេះ ក៏ជាច្រកឆ្លងកាត់ទំនិញដ៏សំខាន់ ក្នុងមួយឆ្នាំៗ គិតជាទឹកប្រាក់ប្រហែល៥ពាន់លានដុល្លារអាមេរិក ។

ការអភិវឌ្ឍន៍កម្លាំងទាហានជើងទឹកចិនគឺជារឿងសំខាន់បំផុត របស់រដ្ឋាភិបាល ចិនដឹកនាំដោយប្រធានាធិបី ស៊ី ជីង ពីង ។ សារព័ត៌មាន South china Morning Post បានដកស្រង់សម្តីអ្នកឯកទេសយោធា ចិន បានឲ្យដឹងថា ទីក្រុងប៉េកាំង ឡើងគម្រោងបង្កើតកងពលនាវាផ្ទុកយន្តហោះយ៉ាងតិច៦ក្រុមនៅក្នុងឆ្នាំ២០៣៥ ។ ក្នុងចំណោមនាវផ្ទុកយន្តហោះទាំង៦គ្រឿង មាន៤គ្រឿង ដើរដោយថាមពលបរមាណូ និងប្រើប្រាស់ម៉ាស៊ីន បាញ់អគ្គិសនី ដូចនាវាផ្ទុកយន្តហោះរបស់អាមេរិក ។

ចំណែកអាមេរិកវិញ មាននាវាផ្ទុកយន្តហោះ១១គ្រឿង កំពុងដំណើរការនៅក្នុងជួរកម្លាំងទាហានជើងទឹក ។ ពេលថ្មីៗនេះអាមេរិកបានសម្រេចផលិតនាវាផ្ទុកយន្តហោះបន្ថែមពីរគ្រឿង ទៀត មានតម្លៃ ជាង២៤ពាន់លានដុល្លារ ។

សកម្មភាពបង្កើនកម្លាំងទាហានជើងទឹករបស់ចិន គឺដើម្បីប្រជេង គ្រប់គ្រងមហាសមុទ្រ ដ៏ធំធេង ។ ក្រុមអ្នកឯកទេសបានលើកឡើងថា ចិន អាច និង បណ្តេញអាមេរិកចេញពីតំបន់សមុទ្រ ប៉ាស៊ីហ្វិក ខាងលិច ក្នុងនោះមានសមុទ្រចិនភាគខាងត្បូង និងសមុទ្រចិនភាគខាងកើត៕

 


ចែករំលែក៖