ភ្នំពេញ៖ រថយន្តកុងតឺន័រមួយគ្រឿងបើកលឿនព្យាយាមជែង តែមិនផុត ក៏ជ្រុលបុករថយន្តម៉ាកព្រូស ចំពីចំហៀងទ្វាររុញហោះឡើងខឿន ពុះចែកទ្រូងផ្លូវឆ្លងទៅបុករថយន្តកុងតឺន័រមួយគ្រឿងទៀត ដែលនៅចំណែកផ្លូវម្ខាងបណ្តាលឲ្យរងការខូចខាត និងកកស្ទះចរាចរណ៍ផងដែរ ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១ និង១០នាទីព្រឹក ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ នៅចំណុចមុខ ច្រកចូលសាលារៀនគោកបញ្ជាន់ តាមបណ្តោយផ្លូវវេងស្រេង ស្ថិតក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
តាមសាក្សីបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកព្រូស ពណ៌ទឹកសមុទ្រ ពាក់ស្លាកលេខ ភ្នំពេញ 2AX 2614 ធ្វើដំណើរតាមបណ្តោយផ្លូវវេងស្រេង ក្នុងទិសដៅកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុ ក៏មានរថយន្តកុងតឺន័រ មិនមានសណ្តោងទូ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3D 1655 ធ្វើដំណើរស្របទិសដៅគ្នាមកពីក្រោយព្យាយាមជែងខាងឆ្វេង តែមិនផុតក៏បុកទ្វាររថយនហតព្រូសរុញទៅហោះឡើងខឿន ពុះចែកទ្រូងផ្លូវឆ្លងទៅបុករថយន្តកុងតឺន័រមួយគ្រឿងទៀត ដែលធ្វើដំណើរនៅចំណែកផ្លូវម្ខាងទៀតទិសដៅពីលិចទៅកើតបណ្តាលឲ្យរងការខូចខាត ។
ភ្លាមនោះ រថយន្តកុងតឺន័រដែលរថយន្តព្រុសហោះទៅបុកនោះដោយសារតែមិនចង់មានរឿងវែងឆ្ងាយ ក៏បន្តដំណើរទៅបាត់ ។ ចំណែកម្ចាស់រថយន្តកុងតឺន័របង្កបានចុះពីលើរថយន្តហើយគេចខ្លួនបាត់ ត្រូវបានសមត្ថកិច្ចមូលដ្ឋាននាំគ្នារុញដាក់ខាងជៀសវាងកកស្ទះចរាចរណ៍កាន់តែខ្លាំងរួចទំនាក់ទំនងទៅជំនាញ វាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាននរគបាលខណ្ឌពោធិ៍សែនជ័យរង់ចាំដោះស្រាយតាមច្បាប់ ៕ សុខាសែនជ័យ