ភ្នំពេញ៖ ស្ត្រីម្នាក់បានចោទប្តីរបស់ខ្លួនដែលរស់នៅជាមួយគ្នាអស់រយះពេល៤ឆ្នាំមកហើយថា ជាចោរលួចរ៉ឺម៉កកង់បី ខណៈដែលរស់នៅជាមួយគ្នាមិនចុះសម្រុងហើយចែកផ្លូវគ្នាបង្កការភ្ញាក់ផ្អើលឆោឡោដឹងដល់សមត្ថកិច្ច ទៅហៅនាំយកមកសាកសួរ កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី២៤ ខេមេសា ឆ្នាំ២០១៩ ស្ថិតនៅក្នុងភូមិថ្មគោល១ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ។
ភាគីខាងប្តី ឈ្មោះ ទិត្យ សារ៉េត អាយុ៤៦ឆ្នាំ មុខរបររត់ម៉ូតូកង់បី ស្រុកកំណើត ភូមិក្រាំងអំពិល ក្រាំងអំពិល ស្រុកកំពង់បាយ ខេត្តកំពត ក្រោយបែកបាក់គ្រួសារ មកស្នាក់នៅ ភូមិថ្មគោល១ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ។ ចំណែកភាគីខាងប្រពន្ធឈ្មោះ នឹម ផៃ អាយុ៥៣ឆ្នាំ មុខរបរលក់ខោអាវ តាមមុខរោងចក្រ ស្នាក់នៅ ភូមិព្រែកប្រណាក សង្កាត់ជើងឯក ខណ្ឌដង្កោ មានស្រុកកំណើតនៅ ភូមិ២ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល ។
តាមសម្តីភាគីខាងប្តី បានឲ្យដឹងថា គាត់បានគ្នាជាប្តីប្រពន្ធ អស់រយ:ពេលជាង៤ឆ្នាំកន្លងមកហើយ មានកូនម្នាក់តែស្លាប់ ថ្វីដ្បិតតែមិនបានរៀបការពិតមែន ស្រឡាញ់គ្នា រហូតដល់ទុកចិត្តស្ម័គស្មោះ នាំគ្នាទៅធ្វើឯកសារ សៀវភៅគ្រួសារ ឯកសារស្នាក់នៅគ្រប់គ្រាន់ ជាប្តីប្រពន្ធពិតៗ ។
ប្រភពដដែលបន្តទៀតថា ដំណើរជីវិតគ្រួសារ រស់នៅជាមួយគ្នាអស់រយ:ពេលជាង៤ឆ្នាំមកនេះ ទើបតែក្នុងរយ:ពេល៤ខែចុងក្រោយនេះ ការរស់នៅមិនចុះសម្រុងគ្នា ប្រពន្ធរករឿង ថារកស៊ី រកលុយមិនបាន ដេញឲ្យចុះចោលផ្ទះ រួចខ្លួនក៏បានយកម៉ូតូរ៉ឺម៉កកង់បីមួយគ្រឿង ចាកចេញ មកស្នាក់នៅផ្ទះជួល ក្នុងភូមិថ្មគោល១ សង្កាត់ចោមចៅ២ រហូតមកដល់រសៀលថ្ងៃទី២៤ ខែមេសា នេះ ប្រពន្ធតាមរកឃើញ ចោទថា លួចម៉ូតូកង់បី ហើយយកទៅវិញ ។
តាមភាគីខាងប្រពន្ធវិញ បានឲ្យដឹងថា ការរស់នៅជាមួយគ្នាអស់រយ:ពេល៤ឆ្នាំ ប្តីរកស៊ីគ្មានសល់អ្វី ចូលផ្ទះឡើយ មានតែបង្ហិនលុយ ទ្រព្យកេរ្តិ៍របស់គាត់ទៀត ចុងក្រោយនេះ ទ្រាំលែងបាន សម្រេចចិត្តចែកផ្លូវគ្នា ហើយម៉ូតូកង់បី ជាលុយរបស់គាត់ទិញឲ្យប្តី រកស៊ីទេ បែរជាប្តីលួចយករត់គេចខ្លួនទៅវិញ គាត់សុខចិត្តលែងប្តីរូបនេះហើយ សុំយកតែម៉ូតូកង់បីទៅវិញ ។
ជម្លោះប្តីប្រពន្ធរឿងដណ្តើមម៉ូតូកង់បីគ្នា នៅតែមិនដាច់ស្រេច ព្រោះថា កាលរស់នៅជាប្តីប្រពន្ធ មិនបានសុខ ខ្លួនយកតែម៉ូតូកង់បីមួយគ្រឿងទេ ក្រៅពីនោះ មិនបានយកទ្រព្យអ្វីផ្សេងឡើយ ។ តែទោះជាយ៉ាងណាក្តី ប្រពន្ធនៅតែប្រកាន់ជំហរមួយ ចុះចេញតែខ្លួន មិនអនុញ្ញាតឲ្យយកម៉ូតូកង់បីឡើយ ទើបទៅជារឿងចម្រូងចម្រាស់ មិនត្រូវគ្នា ចុងក្រោយឯកភាពទាំង២នាក់ ប្តីប្រពន្ធ ប្រគល់ម៉ូតូកង់បី ទុក នៅប៉ុស្តិ៍ចោមចៅ២ជាបណ្តោះអាសន្នសិន ៕ សុខាសែនជ័យ