ព័ត៌មានទាន់ហេតុការណ៍៖

ឧកញ៉ា ជា រិទ្ធី ប្រើកម្លាំងយកដុំថ្ម និងមែកឈើដាក់លើចិញ្ចើមផ្លូវ រួចហើយប្រមាថដល់អាជ្ញាធរដែនដីទៀតផង

ចែករំលែក៖

ភ្នំពេញ៖ វាជារឿងមួយដ៏គួរឲ្យហួសចិត្តបំផុត បន្ទាប់ពីឃើញសកម្មភាពរបស់លោកឧកញ៉ា ជា រិទ្ធី និងកម្លាំងរបស់លោកយកដុំថ្ម និងមែកឈើមកដាក់នៅលើចិញ្ចើមផ្លូវដោយមិនឲ្យប្រជាពលរដ្ឋចតរថយន្តពេលមានកម្មវិធីម្ដងៗ ។ ការប៉ះពារពាក្យសម្តីគ្នារវាងប្រជាពលរដ្ឋ និងឧកញ៉ា ជា រិទ្ធី ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី២៥ ខែមេសា២០១៩ ឋិតនៅចំណុចក្រុម១ ភូមិព្រែកតាគង់ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។

ក្នុងករណីខាងលើនេះដែរ គេបានឃើញលោកចៅសង្កាត់ អើយ ស៊ីផុន រួមជាមួយនឹងកម្លាំងរបស់លោកបានចុះមកដល់កន្លែងកើតហេតុដែរ តែហាក់បីដូចជាមិនមានវិធានការអ្វីធ្វើឲ្យមានប្រសិទ្ធភាពនោះឡើយ ដោយគ្រាន់តែលើកឡើងថា នឹងធ្វើរបាយការណ៍ជូនទៅអភិបាលខណ្ឌតែប៉ុណ្ណោះ ។

លោក ឈុន ចាន់ណាក់ ប្រជាពលរដ្ឋដែលរស់នៅតំបន់ខាងលើបានឲ្យដឹងថា ការកាប់ឆ្ការព្រៃនៅចិញ្ចើមផ្លូវខាងលើនេះ ដោយគ្រាន់តែសម្រាប់ចតម៉ូតូ និងរថយន្តនៅថ្ងៃឡើងគេហដ្ឋានរបស់លោកប៉ុណ្ណោះ គ្មានគោលបំណង គ្មានចង់បានដីនោះឡើយ ។ ផ្ទុយទៅវិញខាងភាគីលោកឧកញ៉ា ជា រិទ្ធី បានឲ្យដឹងថា ការយកដុំថ្ម និងមែកឈើមកបិទដាក់លើចិញ្ចើមផ្លូវនេះ ដោយសារតែខាងលោក ឈុន ចាន់ណាក់ មិនបានសុំការកាប់ឆ្ការព្រៃនោះ ។

អាជ្ញាធរសង្កាត់ព្រែកតាសេកបានបញ្ជាក់ឲ្យដឹងថា គម្រោងផ្លូវមួយខ្សែខាងលើនេះ មានទំហំ 20 ម៉ែត្រដែលចេញពីអ័ក្សកណ្ដាល មកសងខាង 10 ម៉ែត្រ ក្នុងគម្រោងរបស់សាលារាជធានីភ្នំពេញនៅឆ្នាំ 2020 ។

ប្រជាពលរដ្ឋក៏ដូចជាអ្នកនៅជុំវិញទីតាំងខាងលើបានលើកឡើងថា លោកឧកញ៉ា ជា រិទ្ធី ធ្លាប់មានរឿងអាស្រូវជាច្រើនលើកហើយកន្លងមកថ្មីៗនេះ លោកបានធ្វើសកម្មភាពយកដុំថ្ម និងមេឈើបិទនៅលើចិញ្ចើមផ្លូវម្ដងជាពីរដងរួចមកហើយ ដោយគ្មានខ្លាចរអា សូម្បីតែអាជ្ញាធរថ្នាក់សង្កាត់ភូមិ ឬក៏ខណ្ឌឡើយ ។ មិនតែប៉ុណ្ណោះ ប្រជាពលរដ្ឋបានលើកឡើងទៀតថា សូម្បីតែអាជ្ញាធរភូមិសង្កាត់ខណ្ឌ ក៏លោកមិនខ្លាចដែរ ។ គេរង់ចាំមើលថាសកម្មភាពរបស់លោកឧកញ៉ា ជា រិទ្ធី ធីតើលោកឃ្លាំងហួតអភិបាលខណ្ឌជ្រោយចង្វារមានវិធានការបែបណាចំពោះសកម្មភាពបែបនេះ ៕ អរុណរះ


ចែករំលែក៖