ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋនៅភូមិបាយសី ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានទទួលផ្លូវលំក្រាលក្រួស ១ខ្សែ ដ៏ថ្មីសន្លាង​ ដែលជាអំណោយរបស់ជប៉ុន

ចែករំលែក៖

ខេត្តប៉ៃលិន៖ កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ ប្រជាពលរដ្ឋ ប្រមាណ ៥ពាន់នាក់ រស់នៅឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន មានសេចក្តីត្រេកអរជាពន់ពេក បន្ទាប់ពីលោក ចេង​ ញ៉ាន់ អភិបាលរងខេត្តប៉ៃលិន និងលោក ហ៊ីរ៉ូសិ អាតស៊ូស៊ិ លេខាទីពីរ នៃស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ផ្លូវលំក្រាលក្រួសល្បាយថ្មភ្នំដ៏ថ្មីសន្លាង១ខ្សែ​ ប្រវែងជិត ៨០០០ម៉ែត្រ ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាល និងប្រជាជនជប៉ុន តាមរយៈ គម្រោងគូសាណូណិ របស់ស្ថានទូត ជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា ។

លោក ហ៊ីរ៉ូសិ អាតស៊ូស៊ិ លេខាទីពីរ នៃស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានមានសប្រសាសន៍លើកឡើងថា៖ ប្រទេសជប៉ុន និងព្រះរាជាណាចក្រកម្ពុជា បានបន្តកិច្ចសហប្រតិបត្តិការជាមិត្តភាពតាំងពីដើមរហូតមក ហើយកិច្ចសហប្រតិបត្តិការនេះបានវេញចំណងសាមគ្គី ជាមិត្តភាពយ៉ាងល្អប្រសើរវាងប្រជាជន និងរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ ហើយផ្លូវលំ១ខ្សែនេះ គឺជាសមិទ្ធិផលថ្មីមួយទៀតក្រោមកិច្ចសហការដ៏ជិតស្និតរវាង ស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និងអាជ្ញាធរខេត្តប៉ៃលិន ដែលបាននាំនូវផលប្រយោជន៏ដល់ប្រជាជនក្នុងសហគមន៍ ក្នុងខេត្តប៉ៃលិន ។

លោក ចេង ញ៉ាន់ អភិបាលរងខេត្តប៉ៃលិន ក្នុងនាមលោក ផាន់ ចាន់ធុល អភិបាលខេត្ត បានមានប្រសាសន៍ឲ្យដឹងថា៖ ប្រទេសជប៉ុន ស្ថិតនៅឆ្ងាយពីព្រះរាជាណាចក្រកម្ពុជា ប៉ុន្តែទឹកចិត្តរបស់ថ្នាក់ដឹកនាំប្រទេសគ្រប់ជំនាន់ និងប្រជាពលរដ្ឋជប៉ុនហាក់ដូចជា នៅគៀកកិតជាមួយប្រជាជនកម្ពុជាជានិច្ច ស្ទើរគ្រប់កាលៈទេសៈ និងគ្រប់សម័យកាល ហើយរដ្ឋាភិបាលជប៉ុន និងប្រជាពលរដ្ឋជប៉ុន បានជួយដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាតាំងពីយូរលង់ណាស់មកហើយ ដែលជំនួយទាំងអស់របស់ជប៉ុនគឺជាជំនួយឥតសំណង ជាជំនួយផែ្នកសង្គម និងបង្កើនកម្រិតជីវភាពរបស់ប្រជាពលរដ្ឋ ទូទៅ និងជាជំនួយដោយស្មោះសជាទីបំផុត ។

លោកអភិបាលរងខេត្ត បានមានប្រសាសន៍បញ្ជាក់ថា៖ ផ្លូវលំក្រាលក្រួស១ខ្សែនេះ គឺពិតជាបានបំពេញនូវសេចក្តីត្រូវការរបស់បងប្អូនប្រជាពលរដ្ឋ បានងាយស្រួលក្នុងការធ្វើចរាចរណ៍ និងការដឹកកសិផលយកទៅលក់នៅលើទីផ្សារ ជាពិសេសផ្តល់ភាពងាយស្រួលដល់សិស្សានុសិស្សបានធ្វើដំណើរទៅសាលារៀន ។ ក្នុងឱកាសនោះ លោក​ ចេង ញ៉ាន់ ក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋដែលប្រើប្រាស់ផ្លូវនេះទាំងអស់ សូមចូលរួមថែរក្សា ដើម្បីធានាដល់ការប្រើប្រាស់ បានយូរអង្វែង ជាពិសេសត្រូវចូលរួមអនុវត្តន៍គោលនយោបាយ ភូមិ/ឃុំមានសុវត្ថិភាព ក្នុងការរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈក្នុងមូលដ្ឋានរបស់យើង ។

បើតាមរបាយការណ៍របស់ លោក អ៊ាត សារ៉ាត់ ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តប៉ៃលិន បានឲ្យដឹងថា៖ ផ្លូវលំក្រាលក្រួសល្បាយថ្មភ្នំ ១ខ្សែដែលសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនាពេលនេះ គឺមានប្រវែង ៧៨០០ម៉ែត្រ ទទឹង៤,៥ម៉ែត្រ និងលូមូលកាត់ទទឹងផ្លូវមុខមួយ ចំនួន ០៤កន្លែង ស្ថិតក្នុងភូមិបាយសី ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានចាប់ផ្តើមស្ថាបនាឡើង នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨ និងបានបញ្ចប់ជាស្ថាបពរ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ ប្រើប្រាស់ទឹកប្រាក់ចំនួន ៨៨,២៩០ដុល្លា ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាល និងប្រជាជនជប៉ុន តាមរយៈ គម្រោងគូសាណូណិ របស់ស្ថានទូត ជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា . បងប្អូនប្រជាពលរដ្ឋនៅឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ.ខេត្តប៉ៃលិន អរគុណដល់លោកស្ថានទូត ជប៉ុន ប្រចាំនៅកម្ពុជា ដែលបានផ្ដល់ផ្លូវ១ខ្សែ ៕ ស សារ៉េត


ចែករំលែក៖