ព័ត៌មានទាន់ហេតុការណ៍៖

ព្រោះតែខ្វះលុយទិញទឹកដោះគោឲ្យកូន សុខចិត្តលក់ខ្លួន ត្រូវជនសង្ស័យចាក់១កាំបិត របួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ និងប្រពន្ធ មានកូនតូចម្នាក់ ដោយគ្មានលុយទិញទឹកដោះគោឲ្យកូនប៉ៅ សុខចិត្តឲ្យប្រពន្ធឈរលក់ខ្លួន ត្រូវជនសង្ស័យមានគ្នាចំនួន២នាក់ យកកូនកាំបិតចាក់បណ្តាលឲ្យចំខ្នង រងរបួសយ៉ាងដំណំ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចជួយអន្តរាគមន៍ទាន់ពេល ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១ និង១៥នាទីយប់ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវព្រះមុនីវង្ស នៅចំណុចមុខសាលារាជធានីភ្នំពេញ ស្ថិតនៅក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីជនរងគ្រោះឈ្មោះ អុឹង សុខា ភេទប្រុស អាយុ១៩ឆ្នាំ ស្នាក់នៅម្តុំផ្សារសូរិយាម៉ល បានឲ្យដឹងថា មុនពេលកើតហេតុ រូបខ្លួនបាននាំប្រពន្ធ និងកូនតូចម្នាក់ទៀត ទៅម្តុំសណ្ឋាគាររ៉ូយ៉ាល់ ដោយសារតែជីវភាពខ្វះខាត ទើបសម្រេចចិត្តឲ្យប្រពន្ធ ឈរលក់ខ្លួនដើម្បីយកលុយទៅទិញទឹកដោះគោឲ្យកូន ស្រាប់តែភ្លាមនោះ មានជនសង្ស័យចំនួន២នាក់ ជិះម៉ូតូឌុបគ្នាមកធ្វើសកម្មភាពជិះក្រឡឹង២ទៅ៣ជុំ រួចបានឈប់ម៉ូតូនៅចំណុចកើតហេតុខាងលើនោះ រួចឲ្យម្នាក់ឈ្មោះ រុន ហៀង ភេទប្រុស អាយុ៣៥ ឆ្នាំ ស្នាក់នៅគល់ស្ពានជ្រោយចង្វា មានស្រុកកំណើតភូមិទួលរកា ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម ធ្វើពុតជាដេកលក់រួចម្នាក់ទៀត ឈ្មោះ យន្ត នី ភេទប្រុស អាយុ៣៨ឆ្នាំ ស្នាក់នៅម្តុំស្ពានជ្រោយចង្វា ជាមួយគ្នាបានធ្វើសកម្មភាព យកកូនកាំបិតតូចមួយយកមកចាក់ទៅលើជនរងគ្រោះ ចំខ្នងបណ្តាលឲ្យរងរបួសហូរឈាម ស្រោចខ្លួន បន្ទាប់មក ជនរងគ្រោះបានរត់ស្រែកឲ្យគេជួយ ហើយបានសមត្ថកិច្ចជួយអន្តរាគមន៍ឃាត់ភាគីទាំងសងខាង យកទៅសួរនាំនៅប៉ុស្តិ៍វត្តភ្នំ នៅមុខសមត្ថកិច្ច ជនរងគ្រោះបាននិយាយថា ខ្លួនពីមុនមិនដែលស្គាល់គ្នាជាមួយជនបង្ក និងមិនដែលមានគំនុំជាមួយគ្នាពីមុននោះទេ ។

ក្រោយពេលកើតហេតុ ខាងភាគីរងគ្រោះ គាត់មិនចង់ឲ្យមានរឿងរាវច្រើន ក៏សម្រេចចិត្តមិនដាក់ពាក្យបណ្តឹងនោះឡើយ គ្រាន់តែឲ្យសមត្ថកិច្ចអប់រំ និងដោះលែងទៅវិញផងដែរ ៕ ធឿនព្រែកជ័យ

ក្រុមជនបង្ក

ជនបង្ក


ចែករំលែក៖