ខេត្តឧត្តរមានជ័យ ៖ ភ្លៀងលាយឡំនឹងខ្យល់កន្ត្រាក់ បានវាយប្រហារទៅលើភូមិទំនប់អភិវឌ្ឍន៍ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ កាលពីវេលាម៉ោង១៦ និង២៥នាទីនាទី ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ បណ្ដាលឲ្យលំនៅឋាន របស់ប្រជាពលរដ្ឋចំនួន២១ខ្នង ត្រូវរងការខូចខាត ក្នុងនោះមាន០៣ខ្នង បានខូចខាតទាំងស្រុង និង១៨ខ្នងទៀតខូចខាតមធ្យម ។
បើតាម លោកវរសេនីយ៍ឯក អិន កាយ អធិការនគរបាលស្រុកត្រពាំងប្រាសាទ បានឲ្យដឹងថា កាលពីវេលាកើតហេតុខាងលើ មានភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បានវាយប្រហារផ្ទះប្រជាពលរដ្ឋចំនួន២១ខ្នង ក្នុងស្រុកត្រពាំងប្រាសាទ ដែលធ្វើឲ្យផ្ទះប្រជាពលរដ្ឋរងការខូចខាត ព្រមទាំងផ្ទះ០៣ខ្នង ត្រូវបានបាក់ទាំងស្រុងផងដែរ ។
លោកអធិការស្រុកបានបន្តថា ពលរដ្ឋដែលរងគ្រោះដោយគ្រោះធម្មជាតិម្នាក់នោះ មានឈ្មោះ ទួន ស្រីមី ភេទស្រី អាយុ១៥ឆ្នាំ ត្រូវបានផ្ទះដួលរលំសង្កត់លើបណ្តាឲ្យរងរបួសធ្ងន់ ក្រោយកើតហេតុត្រូវបានអាជ្ញាធរ និងសាច់ញាតិបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីពិនិត្យ និងព្យាបាលរបួស ។
លោកអធិការបានបន្តថា ក្រោយពេលកើតហេតុ សមត្ថកិច្ច និងអាជ្ញាធរ បានចុះស្រង់ស្ថិតិពលរដ្ឋដែលរងគ្រោះ ព្រមទាំងរកកន្លែងសុវត្ថិភាព ជូនពលរដ្ឋរងគ្រោះផងដែរ ។
សូមបញ្ជាក់ថា រយៈពេល០១ខែចុងក្រោយនេះ គ្រោះធម្មជាតិ ភ្លៀងលាយឡំនឹងខ្យល់កន្ត្រាក់ បានវាយប្រហារផ្ទះប្រជាពលរដ្ឋស្រុកចំនួន០៣ និងក្រុងអស់រាប់រយខ្នងទៅហើយ និងរបួសមនុស្សម្នាក់តែមិនបណ្តាលឲ្យបាត់បង់ជីវិតនោះទេ ៕ ប៉ែន នួន