ភ្នំពេញ ៖ បុរសជាកម្មកររោងចក្រម្នាក់ ខណៈដែលមានវិបត្តិក្នុងគ្រួសារ ការរស់នៅរវាងប្តី ប្រពន្ធមិនចុះសម្រុងគ្នា តូចចិត្តសម្រេចបញ្ចប់ជីវិត ដោយចងកសម្លាប់ខ្លួន បង្កឲ្យភ្ញាក់ផ្អើល ក្រោយពីប្អូនប្រុសបង្កើតមកលេងប្រទះឃើញ កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩ នៅក្នុងបន្ទប់ជួលលេខ២៣ ជាន់ទី២ ភូមិចោមចៅ២ សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ ។
ជនរងគ្រោះឈ្មោះ អាន យ៉ា ភេទប្រុស អាយ២៤ឆ្នាំ ស្នាក់នៅផ្ទះជួលលេខ២៣ជាន់ទី២ ភូមិចោមចៅ២ សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ មានស្រុកកំណើត ជ្រួលថ្មី ឃុំរ័ក្សជ័យ ស្រុកបាភ្នំ ខេត្តព្រៃវែង មានប្រពន្ធ កូន តែការរួមរស់ជាគ្រួសារមិនចុះសម្រុងគ្នា ។
តាមប្រភពពីបុរសឈ្មោះ អាន ឆៃ អាយុ២២ឆ្នាំ មុខរបរ លក់បន្លែ ស្នាក់នៅសង្កាត់ជើងឯក ខណ្ឌដង្កោ ត្រូវជាប្អូនបង្កើតរបស់ជនរងគ្រោះ បានឲ្យដឹងថា ជនរងគ្រោះ មិនចុះសម្រុងគ្នា ជាមួយប្រពន្ធ តែមិនទាន់ដល់លែងលះនៅឡើយទេ ទើបធ្វើឲ្យជនរងគ្រោះ ខ្វាយខ្វល់ក្នុងចិត្តច្រើន ហើយមុនកើតហេតុ ខ្លួនបានទូរស័ព្ទមកសាកសួរ បងប្រុស(ជនរងគ្រោះ)ចូលតែមិនលើក ទើបមកក្នុងគោលបំណង ថាមកលេងនៅវេលាម៉ោងខាងលើ គ្រាន់តែបើកទ្វារបន្ទប់ ពុទ្ធោ ! បងប្រុសសម្លាប់ខ្លួនបាត់ទៅហើយ ទើបឆោឡោ ផ្អើលទាំងអ្នកជិតខាង រាយការណ៍ប្រាប់សមត្ថកិច្ច ពិនិត្យជាក់ស្តែង ។
សពជនរងគ្រោះ ឆ្លងកាត់ការពិនិត្យ កោសល្យវិច័យ របស់សមត្ថកិច្ចជំនាញឃើញថា ស្លាប់ដោយចងក ធ្វើអត្តឃាតដោយខ្លួនឯង រួចប្រគល់ជូនក្រុមគ្រួសារ ចាត់ចែងដឹកយកទៅធ្វើបុណ្យតាមប្រពៃណីឯស្រុកកំណើត ៕ សុខាសែនជ័យ