ភ្នំពេញ៖ ប្រជាពលរដ្ឋប្រមាណជាង៥០នាក់ តំណាងឲ្យរាប់រយគ្រួសារបានប្រមូលផ្ដុំគ្នាតវ៉ាកាលពីវេលាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩ ប្រឆាំងទៅ និងក្រុមហ៊ុនប្រមូលសំរាម សុិនទ្រីដែលបានដឹកសំរាមយកទៅចាក់ចោលនៅក្នុងរណ្ដៅដីរបស់ឈ្មួញជីកដីម្នាក់ឈ្មោះលី គឹមហេង ដែលមានទីតាំងស្ថិតនៅក្នុងភូមិព្រៃរងៀង សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ប្រជាពលរដ្ឋខាងលើបានបន្តថា ពួកគាត់ប្រមូលផ្ដុំគ្នានាពេលនេះគឺដើម្បីប្រឆាំងតវ៉ាទៅ និងក្រុមហ៊ុនប្រមូលសំរាមសុិនទ្រី ដែលបានដឹកសំរាមយកទៅចាក់ចោលនៅក្នុងរណ្ដៅដីនោះដែលបង្កឲ្យប៉ះពាល់បរិស្ថាន អនាម័យសុខភាពពួកគាត់ទាំងអស់គ្នា ។ ព្រោះទីតាំងខាងលើនេះ វាស្ថិតនៅក្បែរភូមិឋានវត្តអារាម និងសាលារៀនតែម្ដង បើគ្មានការទប់ស្កាត់ទេ ទីនោះ និងក្លាយទៅជាភ្នំសំរាមមានក្លិនស្អុយ មានសត្វរុយ និងសត្វចម្លងមេរោគផ្សេងៗទៀត ហើយពួកគាត់មិនអាចរស់នៅបានឡើយ ។
ប្រភពដដែលបានបន្តទៀតថា រយៈពេល៤ថ្ងៃកន្លងមកនេះពួកគាត់មានការភ្ញាក់ផ្អើលខ្លាំងណាស់បន្ទាប់ពីបានឃើញរថយន្តក្រុមហ៊ុនប្រមូលសំរាមសុិនទ្រី បើកដឹកសំរាមចូលទៅចាក់ចោលក្នុងរណ្ដៅដីនោះបន្តកន្ទុយគ្នាដូចហែរកឋិន ។ មិនតែប៉ុណ្ណោះត្រឹមតែ៤ថ្ងៃសោះសំរាមដែលយកទៅចាក់ចោលនៅទីនោះមានចំនួនរាប់សិបតោន និងបានជះខ្លិនស្អុយអសោចិ៍ដែលបានធ្វើឲ្យសិស្សសាលាជិតនោះរៀនបិទទ្វារបិទបង្អួចរៀនមិនចង់កើត ចំណែកព្រះសង្ឃ និងអ្នកភូមិចំនួន៨ភូមិ ជុំវិញនោះរងផលប៉ះពាល់ ។
ប្រភពខាងលើបានបន្តថាពេលនេះពួកគាត់សំណូមពរសុំឲ្យលោកអភិបាលរាជធានីភ្នំពេញ និងលោកអភិបាលខណ្ឌពិធិ៍សែនជ័យជ័យជួយដោះស្រាយជូនពួកគាត់ផងមិនតែប៉ុណ្ណោះសូមឲ្យឈូសឆាយសំរាមចូលរណ្ដៅឲ្យអស់រួចដឹកដីចាក់លុបចោលដើម្បីកុំឲ្យមានក្លិនស្អុយតទៅទៀត ។ ដោយឡែកលោកហែមដារិទ្ធអភិបាលខណ្ឌពោធិ៍សែនជ័យបានប្រសប់អ្នកភូមិថា លោកមិនបានអនុញ្ញាតឲ្យក្រុមហ៊ុនសុិនទ្រីយកសំរាមទៅចាក់នៅទីនោះឡើយ ពេលនេះ ចាំលោកខលទៅប្រាប់ក្រុមហ៊ុននេះឲ្យបញ្ឈប់ជាបន្ទាន់ ៕ សុខាសែនជ័យ