សេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋភូមិកំពង់គរ ឃុំសុចិត្រ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ បានឲ្យដឹងថា នៅក្នុងមូលដ្ឋានពួកគាត់មានសិប្បកម្មកែច្នៃឈើមួយកន្លែងកំពុងដំណើរការយ៉ាងរលូន ហើយមិនដែលមានមន្ត្រីរដ្ឋបាលព្រៃឈើឬមន្ត្រីបរិស្ថាននិងសមត្ថកិច្ចពាក់ព័ន្ធណាចាត់វិធានការទប់ស្កាត់ឡើយ។ លោក ប៊ុន សុធី នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ និងមន្ត្រីរដ្ឋបាលព្រៃឈើប្រចាំស្រុកសណ្ដាន់ ត្រូវបានគេដឹងថាទុកឲ្យបទល្មើសព្រៃឈើកើតឡើងយ៉ាងពេញបន្ទុកដើម្បីជាប្រមូលចំណូលរបស់ខ្លួន។ ដូច្នេះហើយទើបឈ្មួញអាចកាប់ឈើនិងដឹកជញ្ជូនឈើចេញពីព្រៃឡង់យកមកកែច្នៃអារច្រៀកក្នុងសិប្បកម្មនៅភូមិកំពង់គរ តាមអំពើចិត្តព្រោះមានការឃុបឃិតពីសំណាក់មន្ត្រីរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចពាក់ព័ន្ធដែលគិតតែពីរឿងផលប្រយោជន៍ផ្ទាល់ខ្លួន ហើយមិនខ្វល់ពីការរិះគន់អ្វីទាំងអស់។
បើតាមប្រភពពីប្រជាសហគមន៍ការពារព្រៃឈើនៅឃុំសុចិត្រ ស្រុកសណ្ដាន់ បានឲ្យដឹងថា ម្ចាស់រោងសិប្បកម្មកែច្នៃឈើក្នុងភូមិកំពង់គរ មានឈ្មោះ កៅ ប៊ុនលី ដែលជាឧកញ៉ារស់នៅភូមិរំលង ឃុំទ្រៀល ស្រុកបារាយណ៍ ខេត្តកំពង់ធំ ហើយមានអ្នកមើលការខុសត្រូវឈ្មោះ ហៃ ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយមន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធ។ ប្រជាសហគមន៍បានឲ្យដឹងថា ឈើទាំងនោះត្រូវបានគេកាប់ដឹកជញ្ជូនឈើចេញពីព្រៃឡង់នៅជុំវិញតំបន់ភ្នំជី ហើយមន្ត្រីបរិស្ថានប្រចាំតំបន់នេះជាអ្នកឃុបឃិតបើកដៃឲ្យឈ្មួញឈ្មោះ កៅ ប៊ុនលី ធ្វើអ្វីៗស្រេចតែអំពើចិត្តរបស់ខ្លួន។ ចំណែកលោក សៅ វណ្ណី នាយផ្នែករដ្ឋបាលព្រៃឈើសណ្ដាន់ ត្រូវបានគេដឹងថាជាអ្នកសម្របសម្រួលឲ្យឈ្មួញឈ្មោះ កៅ ប៊ុនលី អាចដឹកជញ្ជូនឈើចេញពីស្រុកសណ្ដាន់ យ៉ាងរលូនដើម្បីជាថ្នូរនឹងផលប្រយោជន៍។
មន្ត្រីអាជ្ញាធរមូលដ្ឋានក្នុងឃុំសុចិត្រ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ បានឲ្យដឹងថា រោងសិប្បកម្មកែច្នៃឈើរបស់ឈ្មួញ កៅ ប៊ុនលី ដំណើរការយ៉ាងសុខស្រួលតាំងពីជំនាន់លោក តឹប ញាតា នៅធ្វើជានាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ។ ប្រភពបានឲ្យដឹងទៀតថា មកដល់ជំនាន់លោក ប៊ុន សុធី ធ្វើជានាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ គឺរោងសិប្បកម្មកែច្នៃឈើរបស់ឈ្មួញ កៅ ប៊ុនលី នៅតែដំណើរការយ៉ាងរលូនដដែល ព្រោះលោក ប៊ុន សុធី មិនចាត់វិធានការបង្ក្រាបបទល្មើសព្រៃឈើប្រកបដោយប្រសិទ្ធភាពឡើយ។ ផ្ទុយទៅវិញឈ្មួញឈ្មោះ កៅ ប៊ុនលី ដែលជាឧកញ៉ារស់នៅក្នុងភូមិរំលង ឃុំទ្រៀល ស្រុកបារាយណ៍ ខេត្តកំពង់ធំ អាចធ្វើអ្វីៗតាមអំពើចិត្តព្រោះមានទំនាក់ទំនងជិតស្និទ្ធជាមួយមន្ត្រីរដ្ឋបាលព្រៃឈើស្រុកសណ្ដាន់ និងលោក ប៊ុន សុធី មេរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ។ ដូច្នេះលោក កែវ អូម៉ាលីស្ស ប្រធានរដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម មិនគួរមើលរំលងបញ្ហានេះទេព្រោះបច្ចុប្បន្នលោក ប៊ុន សុធី មេរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ ក៏ដូចជាលោក សៅ វណ្ណី នាយផ្នែករដ្ឋបាលព្រៃឈើសណ្ដាន់ កំពុងបន្តឃុបឃិតឲ្យរោងសិប្បកម្មកែច្នៃឈើរបស់ឈ្មួញ កៅ ប៊ុនលី បន្តដំណើរការយ៉ាងរលូនដដែល៕