ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខេត្តព្រះសីហនុ បានបង្ក្រាបករណីចោរកម្ម លួចកាច់បំបែកសោរកម៉ូតូ បានចំនួន៤នាក់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល១៦ល្ងាច កម្លាំងនគរបាលនៃការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់បានឃាត់ខ្លួនជនសង្ស័យ ២នាក់ ករណីចោរកម្ម លួចកាច់បំបែកសោកម៉ូតូ ដែលកើតឡើងកាលពីវេលាម៉ោងប្រហែល០៤ភ្លឺ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ នៅម្តុំក្រោយផ្លូវស្ថាននីយប្រេង Caltex ក្នុងភូមិ១ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ មកស្នងការដ្ឋាននគរបាលខេត្តដើម្បីសាកសួរ បន្តរកបក្ខពួក និងទីតាំងលាក់ម៉ូតូដែលលួចបាន ។

បន្ទាប់ពីសាកសួររហូតកំណត់បានអត្តសញ្ញាណជនសង្ស័យម្នាក់ទៀត និងឃាត់ខ្លួននៅវេលាម៉ោងប្រហែល២២ និង៣០នាទីយប់ ហើយបន្តរឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតនៅវេលាម៉ោងប្រហែល ២៣ និង៣០នាទីយប់ ។

ជនសង្ស័យទាំង ៤នាក់ ១. ឈ្មោះ បូ វិហ៊ា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបណ្តោះអាសន្ននៅសង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ, ២. ឈ្មោះ ហ៊ាន លីហុយ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបណ្តោះអាសន្ននៅសង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ , ៣. ឈ្មោះ សុខ ដារ៉ូ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិ១ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ និង៤. ឈ្មោះ តាន ឡុង ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរជាងម៉ូតូ មានទីលំនៅក្រុម២៨ ភូមិ១ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។

វត្ថុតាងដែលចាប់យកបាន ៖ កុំព្យូទ័រ ចំនួន ០២គ្រឿង ទូរស័ព្ទដៃ ចំនួន ០៩គ្រឿង ម៉ាក OPPO ០៣គ្រឿង, ម៉ាក Samsung ០២គ្រឿង, ម៉ាក MEIZU ចំនួន ០១គ្រឿង, ម៉ាក VIVO ចំនួន ០១គ្រឿង, ម៉ាក Nokia ចុចពិល ចំនួន ០១គ្រឿង និងម៉ាក Nokia ថាច់ស្គ្រីន ចំនួន ០១គ្រឿង ។

ម៉ូតូចំនួន ០៩គ្រឿង៖ ម៉ាក ហុងដាសេ១២៥ មិនស្គាល់ស៊េរី បិតស្គុតខ្មៅ ចំនួន ០១គ្រឿង មធ្យោបាយធ្វើសកម្មភាព, ម៉ាក Airblade ចំនួន ០៤គ្រឿង ពណ៌ក្រហម ០១គ្រឿង, ពណ៌ខ្មៅ ០១គ្រឿង, ពណ៌ទឹកមាស-ខ្មៅ ០១គ្រឿង និងពណ៌ក្រហម-ខ្មៅ ០១គ្រឿង ជាផលនៃអំពើលួច ម៉ាក Honda Scoopy i ស៊េរីឆ្នាំ ២០១៤ ពណ៌ផ្ទៃមេឃ ចំនួន ០១គ្រឿង, ម៉ាក Zoomer ពណ៌ក្រហម បិតស្គុតផ្កាឈូក ចំនួន ០១គ្រឿង, ម៉ាក MSX ពណ៌ខ្មៅ-ស ចំនួន ០១គ្រឿង, ម៉ាក អ៊ិនសង់ទ័រ ពណ៌ក្រហម ចំនួន ០១គ្រឿង ។ ថ្នាំញៀន ០១កញ្ចប់ រួមទាំងឧបករណ៍ជក់ និងថង់តូចៗមួយចំនួន, កាំបិតខ្លី ០៦ និងកាំបិតវែង ០២ និងឧបករណ៍កាច់សោរកម៉ូតូ ចំនួន ០៣ និងសម្ភារៈម៉ូតូមួយចំនួនទៀត។

បច្ចុប្បន្នជនសង្ស័យទាំង ៤នាក់ កម្លាំងជំនាញនៃការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់កំពុងសួរនាំ និងកសារនីតិវិធី ដើម្បីបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ៕ ឆ្លាមសមុទ្រ


ចែករំលែក៖