ខេត្តព្រះសីហនុ៖ សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា មានករណីភ្លើងឆេះបង្គោលភ្លើងអគ្គិសនីនៅជិតព្រះរាជដំណាក់ក្នុង សង្កាត់លេខ៣ក្រុងព្រះសីហនុ វេលាម៉ោង៦ព្រឹក ថ្ងៃទី១ ខែឧសភា ២០១៩នេះ បណ្តាលឲ្យប្រពន្ធ័អគ្គិសនីនៅចំណុចនោះ ត្រូវកាត់ផ្តាច់ និងមានរថយន្តស្តារុិច២គ្រឿង ដែលចតនៅក្បែរនោះឆេះខូចខាតទាំងស្រុង ។
ជាមួយគ្នានេះ អង្គភាពអគ្គិសនីខេត្តព្រះសីហនុ បានប្រកាសផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្ន នៅបន្ទប់ភ្លើង PMT333 និងSx35 ដើម្បីឲ្យក្រុមការងារពន្លត់អគ្គិភយ័យពន្លត់ភ្លើងដែលឆេះខ្សែកាបអុីនធឺណេត រាលដាលដល់ខ្សែបណ្តាញតង់ស្យុងទាប (LV) បណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅទីតាំងមួយចំនួនស្ថិតនៅ ភូមិ០៣ សង្កាត់លេខ០៣ ក្រុងព្រះសីហនុ ក្នុងនោះចរន្តអគ្គិសនី និងដំណើរការវិញក្រោយជួសជុលរួច ៕ ឆ្លាម សមុទ្រ