ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិបារាំង ខាងវិស្វករផ្នែកអគ្គិសនីម្នាក់ ប្រើប្រាស់គ្រឿងញៀនហួសកម្រិត គាំងបេះដូងស្លាប់

ចែករំលែក៖

ភ្នំពេញ៖ ភាពភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីគេប្រទះឃើញបុរសជនជាតិបារាំងម្នាក់ ខាងវិស្វករផ្នែកអគ្គិសនី បានដេកស្លាប់នៅក្នុងបន្ទប់ជួល ដោយសារការប្រើប្រាស់គ្រឿងញៀនហួសកម្រិត បណ្ដាលឲ្យគាំងបេះដូង កាលពីវេលាម៉ោង៩ និង៣០នាទីព្រឹក ថ្ងៃពុធ ១​២រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព​.​ស​២៥៦២ ត្រូវ​នឹងថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩ នៅចំណុផ្ទះជួលលេខ៤៩ជាន់ទី១ ផ្លូវលេខVT១៣ ភូមិទួលសំពៅ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ RADIER FREDERIC ភេទប្រុស អាយុ៤៧ឆ្នាំ ជាជនជាតិបារាំង មុខរបរជាវិស្វករផ្នែកអគ្គិសនីស្នាក់នៅផ្ទះជួលខាងលើ ។

តាមការបំភ្លឺពីឈ្មោះ ឈួន គង់ ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបររើសអេតចាយ មានលំនៅភូមិបាយាប សង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ បានឲ្យដឹងថា នៅព្រឹកថ្ងៃកើតហេតុ វេលាម៉ោងប្រមាណ៨ព្រឹក ខ្លួនបានធ្វើដំណើរទៅបន្ទប់ជួលរបស់ជនរងគ្រោះនោះ ស្រាប់តែប្រទះឃើញបុរសម្នាក់ សង្ស័យថា ជាដៃគូរបស់ជនរងគ្រោះនៅក្នុងបន្ទប់ជាមួយគ្នា ។ បន្ទាប់មកបុរសជាដៃគូនោះ ក៏បានចេញពីក្នុងបន្ទប់ ស្រាប់តែឃើញជនរងគ្រោះមានអការមិនស្រួលខ្លួន និងប្រកាច់ត្រដរខ្យល់តែម្ដង ។

ភ្លាមៗបុរសនោះ ក៏បានរត់មកប្រាប់ម្ចាស់ផ្ទះ នាំគ្នាទៅមើល និងបានទាក់ទងហៅរថយន្តសាម៉ុយមកដល់កន្លែងកើតហេតុប្រុងដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យកាល់ម៉ែត តែគ្រូពេទ្យបានប្រាប់ថា ជនរងគ្រោះស្លាប់បាត់ទៅហើយ ។

ប្រភពដដែលបន្តថា ខ្លួនធ្លាប់ស្គាល់ជនជាតិបារាំង ប្រមាណ១ឆ្នាំមកហើយ និងធ្លាប់ចេញចូល ហើយធ្លាប់ប្រើប្រាស់គ្រឿងញៀនជាមួយជនរងគ្រោះផងដែរ ។ កន្លងមក ជនជាតិបារាំងនោះ ជាមនុស្ស ដែលស្រទ្បាញ់ភេទដូចគ្នា (ប្រុសស្រឡាញ់ប្រុស) ហើយមានសង្សារម្នាក់ ដែលធ្លាប់ដេកជាមួយគ្នានៅលើផ្ទះនេះផងដែរ ។ ប៉ុន្តែឈ្មោះ ឈួន គង់ បានបដិសេធថា រូបគាត់ ពុំដែលបានដេកជាមួយជនជាតិបារាំងនោះទេ ។

ក្រោយនគរបាលមូលដ្ឋាន ទាក់ទងនគរបាលជំនាញចុះត្រួតពិនិត្យ នៅក្នុងបន្ទប់កើតហេតុរកឃើញ មានឧបករណ៍ សម្រាប់ប្រើប្រាស់គ្រឿងញៀនជាច្រើន ហើយបានសន្និដ្ឋានថា ជនជាតិបារាំងស្លាប់ដោយសារគាំងបេះដូង អាចប្រើប្រាស់គ្រឿងញៀនហួសកម្រិត ។

បច្ចុប្បន្នសពជនរងគ្រោះ ត្រូវបាននគរបាលបញ្ជូនទៅតម្ដល់ នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ដើម្បីរង់ចាំបងប្អូននាំយកទៅធ្វើបុណ្យតាមប្រពៃណី ៕ អារុណរះ


ចែករំលែក៖