ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋចំនួន១០នាក់ នៅស្រុកបរិបូរណ៍ ពុលនំបញ្ចុកលក់នៅក្នុងភូមិ

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋនៅ ស្រុកបរិបូរណ៍ចំនួន១០នាក់​ត្រូវបានក្រុមគ្រួសារដឹកយកមកសង្រ្គោះនៅមន្ទីរពេទ្យបង្អែក ស្រុកប្រតិបត្តិបរិបូរណ៍ បន្ទាប់ពីពលរដ្ឋទាំងនេះ ចាប់ផ្តើមមានអក្ការវិលមុខ ក្អួតចង្អោរ និង ឈឺក្បាល ក្រោយពីពួកគាត់បានទិញនំបញ្ចុកនៅក្នុង ភូមិហូប ។ ហេតុការណ៍ប្រជាពលរដ្ឋពុលនំបញ្ចុកនេះ បានកើតឡើងកាលពីវេលាម៉ោងជាង១០ ថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៩ នៅ ភូមិពពេល ឃុំខុនរ៉ង ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ។

ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា កាលពីព្រឹកម៉ោងប្រមាណជាង៨ព្រឹក ពួកគាត់បានទៅហូបនំបញ្ចុកដែលគេលក់នៅក្នុង ភូមិ លុះដល់ម៉ោងប្រមាណជិត១០ ពួកគាត់ចាប់ផ្តើមមាន អក្ការឈឺក្បាល ថប់ដង្ហើម តឹងទ្រូង និងក្អួតចង្អោរ បន្ទាប់ពីមានអក្ការបែបនេះ ពួកគាត់បានដឹក អ្នកជំងឺបញ្ជូនមកសង្រ្គោះ នៅមន្ទីរពេទ្យបង្អែក ស្រុកប្រតិបត្តិបរិបូរណ៍ ដើម្បីឲ្យគ្រូពេទ្យជួយសង្រ្គោះ ។ នំបញ្ចុករបស់គាត់ដែលក្នុង ភូមិនេះ ប្រជាពលរដ្ឋហូបរាល់តែថ្ងៃមិនដែល មានបញ្ហាអីនោះទេ ស្រាប់តែព្រឹកមិញនេះក្រោយពីហូបហើយ ក៏ពុលអញ្ចឹងតែម្តងទៅ ។

ប្រជាពលរដ្ឋបានឲ្យដឹងថា ពុលនេះមានច្រើនគ្នាដែរ អ្នកដែលមានអក្ការពុលខ្លាំង គឺនាំគ្នាមកពេទ្យ ចំណែកអ្នកដែលមានអក្ការស្រាលគឺនៅសម្រាកផ្ទះ ។

ប្រធានមន្ទីរពេទ្យបង្អែក ស្រុកបរិបូរណ៍បានប្រាប់ថា ចំពោះអ្នកជំងឺទាំង១០នាក់ដែលមកសង្រ្គោះនៅមន្ទីរពេទ្យនេះគឺមានអក្ការធ្ងន់២នាក់ ក្នុងមានក្មេងម្នាក់ផងដែរ ។ រហូតមកដល់ពេលនេះ អ្នកជំងឺបានធូរស្បើយខ្លះហើយ ក្រោយពីក្រុមគ្រូពេទ្យបានជួយសង្រ្គោះដាក់សេរ៉ូម និង ខ្យល់អុកស៊ីហ្សែន ប៉ុន្តែអ្នកជំងឺ ក៏មិនទាន់អាចទៅផ្ទះបានដែរ គឺស្ថិតក្រោមការតាមដានរបស់គ្រូពេទ្យសិន៕ ចន្ថា


ចែករំលែក៖